Header Ads

សមាគមន៍ទំពាំងបាយជូរព្រៃ បានជួយឲ្យប្រជាពលរដ្ឋមានការងារ និងមានជីវភាពធូរធារ

ខេត្តពោធិ៍សាត់ៈ

ដោយ៖សេងស៊ីដារ៉ូ


 សមាគមន៍ទំពាំងបាយជូរព្រៃ ដែលមានអាស័យដ្ឋានក្នុងឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បង្កើត​ឡើងដើម្បីប្រមូលនៅអនុផលទំពាំងបាយជូរព្រៃ រហូតមកដល់ពេលនេះ សមាគមន៍ទំពាំងបាយជូរព្រៃ​ទទួល​បានសមាជិកកើនឡើងដល់ ៣០០គ្រួសារ ដែលធ្វើឲ្យការប្រមូលអនុផលទំពាំងបាយជូរព្រៃនេះ មានភាពងាយស្រួល និងមានការកើនឡើងជាលំដាប់។

លោក មាស វីរៈ ប្រធានសមាគមន៍ទំពាំងបាយជូរព្រៃ បានឲ្យដឹងថា ក្នុងឆ្នាំ២០១៧ កន្លងទៅ​សមាជិក​នៅ​​​ក្នុង​សមាគមន៍ ក៏មានការកើនឡើងដែរ ដោយក្នុងឆ្នាំ២០១៦ សមាគមន៍​ ទិញចូលនូវទំពាំងបាយ​ជូរ​ព្រៃ​ក្នុង១គីឡូ ៣០០រៀល ហើយក្នុងឆ្នាំ២០១៧ បានថ្លៃដោយទិញចូលរហូតដល់៦០០រៀល។


លោក វីរៈ បានបន្តថា ក្នុងរយៈពេល១ខែ សមាគមន៍ អាចប្រមូលទំពាំងបាយជូរព្រៃនេះ ចាប់ពី៧តោន ទៅ១០តោន ដោយរដូវប្រមូលទិញទំពាំងបាយជូរព្រៃនេះ ចាប់ពីខែសីហា រហូតដល់ខែធ្នូ​ ការប្រមូលទិញ​ សរុបប្រមាណ៣២តោនក្នុងឆ្នាំ២០១៧។ ក្នុងចំនួនទំពាំងបាយជូរព្រៃ ៣២តោននេះ អាចផលិតទៅជា ស្រាទំពាំងបាយជូរព្រៃបានជាង២ម៉ឺនលីត្រ។ ទីផ្សារស្រាទំពាំងបាយជូរ មាននៅតាមបណ្តាខេត្តមួយចំនួន ពិសេសច្រើនជាងគេនៅខេត្តសៀមរាប ដែលភាគច្រើនឈ្មួញទិញផ្តាច់តែម្តង និងមានការដាក់តាំងលក់​នៅក្នុងផ្សារម៉ាតតែម្តង។

ស្រាទំពាំងបាយជូរព្រៃនេះ មានគុណភាព៧០% ដោយអនុផលទំពាំងបាយជូរព្រៃសុទ្ធល្អ ហើយនាពេល​បច្ចុប្បបានកែច្នៃវេចខ្ចប់ទំនើបជាងមុន ទាំងសំបកដប គុណភាព និងសោភណ្ឌភាព។ ស្រាទំពាំងបាយជូរ​របស់សមាគមទំពាំងបាយជូរព្រៃ ខេត្តពោធិ៍សាត់ លក់ចេញ១ដបតម្លៃ ១៦ដុល្លារ តែប្រភេទស្រានេះ ប្រើ​រយៈ​ពេល​ច្រើនបំផុត៤ឆ្នាំ។

លោកវីរៈ បានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋយើង ទទួលទានផលិតផលខ្មែរ ដែលជួយដល់ប្រជាពលរដ្ឋ​នៅក្នុងសហគម និងជួយដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋផងដែរ៕

No comments

Powered by Blogger.