Header Ads

រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ពិនិត្យស្ថានភាពផ្លូវខូចខាតដោយសារទឹកជំនន់ នៅខេត្តកំពង់ស្ពឺ និងចំណាយថវិកាផ្ទាល់ របស់ក្រសួង ដើម្បីធ្វើការជុសជុលឡើងវិញ

ខេត្តកំពង់ស្ពឺៈ

ដោយ៖ សេង​ ស៊ីដារ៉ូ


 នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ  រួមដំណើរដោយ ឯកឧត្ដម សួស គង់ រដ្ឋលេខា​ធិការ​ក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្ដម វ៉ឺ សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងមន្រ្ដីបច្ចេកទេស បាន​អញ្ជើញទៅពិនិត្យ​​ស្ថានភាពផ្លូវ​ក្រាល​កៅស៊ូ ពីរជាន់ប្រភេទ DBST ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

លោក អៀង ដាំ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ដោយសារតែជំនន់ទឹកភ្លៀង​ក្នុងរយៈពេលកន្លង​ទៅ​នេះ ធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត ជាពិសេស ផ្លូវ ថ្នល់ ដែលគ្រប់គ្រងដោយក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលរង​ការ​ខូចខាតយ៉ាងធ្នន់ធ្ងរ ក្នុងនោះស្រុកភ្នំស្រួច មានផ្លូវ ៣២ ខ្សែ សរុបប្រវែង ១៦៩ គ.ម ទាំងផ្លូវក្រាលក្រួសក្រហម និង​ផ្លូវក្រាលកៅស៊ូ ជាដើម។ ជាក់ស្ដែង ផ្លូវ ក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ​ពីឃុំតាំងស្យា ទៅឃុំតាំងសំរោង ស្រុកភ្នំស្រួច ប្រវែង១៧គ.ម ៨០០​ម៉ែត្រ ក្នុងក្របខ័ណ្ឌគម្រោងកែលម្អផ្លូវជនបទ ជំហានទី២ របស់ក្រសួងអភិវឌ្ឍន៍ជនបទ បានខូច​ខាត​ផង​​ដែរ ដោយលិចទាំងស្រុងក្នុងកំពស់ទឹកប្រមាណជាង ១​ម៉ែត្រ និងហូរច្រោះខូចតាមជើងទេរ នៃតួរផ្លូវប្រវែងជាង ២ គីឡូម៉ែត្រ។


លោក អ៊ុក រ៉ាប៊ុន​ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ  បានសម្ដែងការសោកស្ដាយ ចំពោះគ្រោះមហន្ដរាយនេះ និងបានណែនាំ​ដល់ទីប្រឹក្សាគម្រោងឲ្យបន្តការស្ថាបនាផ្លូវនេះតទៅទៀត និងធ្វើការសិក្សាបន្ថែមលើតំបន់ណាដែលលិចទឹក និងហូរច្រោះ​តាមជើងទេរ ត្រូវរៀបថ្ម ដោយដាក់សំណាញ់ការពារ និងធ្វើការស្ថាបនាជាទំនប់បង្ហៀរ ដើម្បីរំដោះទឹកបានទាន់ពេលវេលា និងការពារពេលជួបគ្រោះទឹកជំនន់ នៅឆ្នាំបន្តបន្ទាប់ទៀត ព្រោះមានវថិកាត្រៀមបំរុងរបស់គម្រោងរួចហើយ។

លោករដ្ឋមន្ត្រី ​បានបន្តថា កែលម្អផ្លូវជនបទជំហានទី២ ជាគម្រោងរបស់រាជរដ្ឋាភិបាល ​គ្រប់គ្រងដោយក្រសួង​អភិវឌ្ឍន៍​ជនបទ ដោយធ្វើការកែលម្អផ្លូវក្រាលក្រួសក្រហម នៅជនបទ ឲ្យទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទDBST ដើម្បីបង្ក​លក្ខណ​ងាយស្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ នៅក្នុងខេត្តគោលដៅទាំង​​១០ ងាយស្រួល​ទៅ​កាន់ទីផ្សារ ស្វែងរកការងារធ្វើ ងាយស្រួលក្នុងការទទួលបានសេវាសង្គម។

គម្រោងនេះ បានផ្ដោតការយកចិត្តទុកដាក់ទៅលើសុវត្ថិភាពសង្គម និងធ្វើឲ្យមានភាពធន​ និងការបម្រែបម្រួលអាកាសធាតុ​ផងដែរ។

លោករដ្ឋមន្ត្រី​ ​និងប្រតិភូ បានអញ្ជើញទៅពិនិត្យស្ពានបេតុងតាំងហោងមានប្រវែង ៤៥ម៉ែត្រ ស្ថិតនៅក្នុងព្រំប្រទល់​រវាង​ឃុំតាំងស្យា និងឃុំតាំងសំរោង ស្រុកភ្នំស្រួច ដែលរងការបាក់ស្រុតនៅផ្នែកក្បាលស្ពាន។ ស្ពាននេះ បានស្ថាបនាតាំងពីឆ្នាំ​២០០៦ ដោយកងវិស្វកម្មអគ្គបញ្ជាការ អាណាបក័របស់ក្រសួងអភិវឌ្ឍន៍ជនបទ។ លោករដ្ឋមន្ត្រី លើកឡើងថា ស្ពាននេះ នឹងត្រូវធ្វើការជួសជុលឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ ដោយប្រើប្រាស់កញ្ចប់ថវិការបស់ក្រសួងអភិវឌ្ឍន៍ជនបទផ្ទាល់​តែម្តង។

សូមបញ្ជាក់ថា បណ្ដាឃុំទាំង ៧ នៃស្រុកភ្នំស្រួច បានទទួលរងការលិចលង់ដោយជំនន់ទឹកភ្លៀង និងបណ្ដាយឲ្យខូចខាត ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន រួមមានឃុំព្រៃរំដួល ឃុំក្រាំងដីវ៉ាយ ឃុំតាំងស្យា ឃុំតាំងសំរោង ឃុំត្រែងត្រយឹង ឃុំដំបូករូង និងឃុំមហាសាំង ព្រមទាំងឃុំមួយចំនួនទៀតនៅក្រុងច្បារមន ស្រុកបសេដ្ឋ និងស្រុកសំរោងទង៕
 

No comments

Powered by Blogger.