Header Ads

ស្វែងយល់ៈ អំពីប្រវត្តិសាក់លើខ្លួនប្រាណ នៃជនជាតិខ្មែរ


ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ


 ប្រពៃណីសាក់លើខ្លួនប្រាណ របស់មនុស្សសម័យដើម គឺសំដៅទៅលើការបញ្ចុះមន្តអាគមគាថា កាប់មិន​មុត​ដុត​មិនឆេះ ឬក៏មន្តស្នេហ៍ផ្សេងៗទៀត ទៅតាមសម័យកាលនិមួយៗ ​ដោយឡែកនៅប៉ែកអឺរ៉ុប ក៏មាន សាក់ដែរ តែជាលក្ខណៈលម្អរខ្លួនប្រាណទៅវិញ។

នៅចុងសម័យថ្មរំលីង ដើមសម័យលោហធាតុ (២៥០០-៥០០ឆ្នាំមុន គ.ស) គឺជាសម័យកាលមួយ ដែល​​បុព្វការីជនខ្មែរ រស់នៅជាកុលសម្ព័ន្ធកសិករនៅឡើយ បាននិយមការសាក់លើខ្លួនប្រាណ រួចទៅ​ហើយ។ ពួគេក៏ចេះស្លលោហធាតុសម្រាប់ធ្វើឧបករណ៍ប្រើប្រាស់ ក្នុងសង្គម និងបានទទួលនូវការ​លូត​លាស់​​ខាងវប្បធម៌គ្រប់វិស័យរួចទៅហើយ។ ប៉ុន្តែគេត្រូវរងចាំដល់ ស.វទី ៣-៤ មុន គ.ស ទើបមាន​ការ​កត់ត្រា​ដោយជនជាតិចិន អំពីការសាក់ ការស៊ីម្លូ ស្លា ការប្រើធ្នូររបស់បុព្វការីជនខ្មែរ ដែលនាជំនាន់នោះ នៅស្លៀកប៉ឹង និងលែងខ្លួននៅឡើយ។


សូមបញ្ជាក់ថា ជនជាតិនៃភូមិភាគខាងត្បូង របស់ចិន គឺសំដៅទៅលើកុលសម្ព័ន្ធនានា ដែលក្នុងនោះរួម​មានកុលសម្ព័ន្ធ មន-ខ្មែរ ហើយពួកគេក៏នៅតែមានវត្តមានរហូតមកដល់ បច្ចុប្បន្ននេះដែរ។
ដូចនេះ ការលើកយកមកបង្ហាញខាងលើនេះ ដែលផ្អែកតាមឯកសារចិន ជាលាយល័ក្ខណ៍អក្សរ គឺជា ភស្តុតាងស្តីពីការសាក់ខ្លួនរបស់ដូនតាខ្មែរ ដែលជាខ្មែរដើមយ៉ាងប្រាក ដោយឥតប្រកែកបាន។

កាលពីឆ្នាំ ១៩៦៨ យើងបានរកឃើញរូបចម្លាក់មនុស្សស្រី មួយនៅក្នុងបរិវេណនៃភ្នំល្អាង ស្ពាន ​នៅខេត្តកំពត ហើយ​​ថ្មីៗ​នេះ បានរកឃើញសត្វគោមួយចំនួននៅភូមិស្នាយ ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធទៅនឹងប្រពៃណី សាក់ខ្លួនដ៏គួឲ្យចាប់អារម្មណ៍បំផុត។

បុរាណវត្ថុទាំងនោះ ដែលមានស្នាមរង្វង់នៅជុំវិញយោនីមនុស្ស ឬក៏នៅលើដងខ្លួនសត្វ ជាពិសេសសត្វគោ ពុំមែនឥតមានហេតុផលនោះឡើយ។ ពិតណាស់ស្លាកស្នាមទាំងនោះ គឺជានិមិត្តសញ្ញាប្រកបដោយ អត្ថ​ន័យ​ច្បាស់ណាស់ និងជាក់លាក់របស់វា។ លើសពីនេះ ទៅទៀត ​គឺជាភស្តុតាងមួយ​បង្ហាញនូវចំណាស់​នៃការនិយមចាក់សាក់តាំពីបុរាណកាល ដ៏យូរលងណាស់មកហើយ របស់ជនជាតិខ្មែរ ។

រូបស្រ្តី ដែលប្រហែលជាតំណាងឲ្ម្តាយដើមនោះ មានអាយុយ៉ាងតិចណាស់ក៏ ២៥០០ ឆ្នាំ មុន គ.ស ដែរ រីឯដងខ្លួនសត្វគោរវិញនោះ មានអាយុត្រឹមតែ ស.វទី ៥ ដល់ ស.វទី៣ ​មុន គ.ស តែប៉ុណ្ណោះ។ ស្ថានីយ​ទាំងពីរនេះ មានអាយុកាលខុសគ្នា ដោយហេតុថា ស្រទាប់ដីវប្បធម៌នៅភ្នំល្អាងស្ពាន មានអាយុប្រមាណ​ជា ៤២៩០ឆ្នាំ មុនគ.ស រីឯស្ថានីយភូមិស្នាយ នៅបន្ទាយមានជ័យមានអាយុតិចជាង។

ការសាក់នេះ ពុំមែនគ្រាន់តែជាសញ្ញាសម្រាប់ទាក់ទាញ នូវឥទ្ធិពលធម្មជាតិ ឬព្រលឹងនៃបុព្វការីជន ដែល​ចែកឋានទៅហើយ ឬក៏សម្រាប់អ្នកចម្បាំង ក្នុងគោលបំណងសុំការបីបាច់ថែរក្សាខ្លួនប្រាណ តែប៉ុណ្ណោះ​ទេ ប៉ុន្តែក៏ជាកត្តមួយបង្ហាញនូវអំណាចបារមី មហិទ្ធិរិទ្ធិ ​ឬឋានៈ​ នៃភាពអង់អាចក្លាហាន ​អស្ចារ្យរបស់អ្នក​ដែល​មានសាក់នៅលើដងខ្លួនផងដែរ ហើយភាពល្បីល្បាញ នៃសាក់ គឺបណ្តាលមកពីភាពស័ក្តិសិទ្ធិ នៃ​សញ្ញាទាំងនោះ ដែលគេចាត់ទុកថា សញ្ញាបង្កប់នូវថាមពលពិសិដ្ឋអមតៈ ដែលបុព្វបុរសបានផ្តល់​ជូនកូន​ចៅ។

សូមរំលឹកឡើងវិញផងដែលថា រហូតមកដល់សព្វថ្ងៃនេះ កុលសម្ព័ន្ធខ្មែរលើ ឬខ្មែរដើម​ដែលរស់នៅតាម​ព្រៃ​ភ្នំ ឬខ្ពង់រាបមួយចំនួន នៅតែពេញនិយមប្រពៃណីសាក់ របស់ពួកគេដែរ ដែលជាភស្តុតាងបង្ហាញ នូវភាពចាស់ជរានៃវប្បធម៌សាក់នេះ។ ជារួមគេអាចនិយាយបានថា ប្រពៃណីសាក់ខ្លួនខាងលើនេះ ដើម​ឡើយជាសិល្បៈចម្បាំងផងដែរ គឺជាការបង្ហាញបញ្ជាក់ ឬការសម្គាល់អត្តសញ្ញាណ នៃពួកកុលសម្ព័ន្ធខ្មែរ លើទាំងនោះ ដែលរស់ជាក្រុមៗ ក្នុងសហគមន៍តូចធំទាំងឡាយ។ មានន័យថា សញ្ញាពិសិដ្ឋទាំងនោះ គឺជាលក្ខណៈវិនិច្ឆ័យអត្តចរិត ឬលក្ខណៈសម្បត្តិផ្ទាល់ របស់ក្រុមនីមួយៗ។

សរុបមក ការប្រសូតឡើងតាំងពីសម័យបុរេប្រវត្តិសាស្ត្រ នៃប្រពៃណីសាក់នេះ គឺជាមរតកវប្បធម៌អរូបី ត្រូវ​បានបន្តរហូតដល់សព្វថ្ងៃនេះ ហើយកំពុងតែពេញនិយម ដោយជនជាតិខ្មែរ និងខ្មែរលើ។ រីឯការឆ្លាក់ព្រះ​គាថាជាអក្សរមូល ឬបាលី ឬការគូរយន្តលើខ្លួនប្រាណ នៃសាសនាព្រហ្មណ៍ និងពុទ្ធនិយមវិញ គឺជា​សមិទ្ធផល​នាជំនាន់ក្រោយតែប៉ុណ្ណោះ៕

No comments

Powered by Blogger.