Header Ads

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងមន្រ្ដីជំនាញ ចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវ និងស្ពានបេតុង នៅស្រុក​មុខ​​កំពូល

ខេត្តកណ្តាលៈ

ដោយ៖ ឌឹម គឹមហាក់


រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្ដម សួស គង់ រដ្ឋលេខាធិកា និងមន្រ្ដីជំនាញ បានអញ្ជើញពិនិត្យការដ្ឋានស្ថាបនាផ្លូវ និងស្ពានបេតុង នៅស្រុកមុខកំពូល និងស្រុកពញាឮ ខេត្តកណ្ដាល កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨។

លោក គង់ ភឿន ប្រធាននាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា  ផ្លូវបេតុង​ដែល​​កំពុង​ស្ថាបនានា នៅពេលនេះមានប្រវែង ២ ៣០០ ម៉ែត្រ ចែកចេញជា ៤ កំណាត់ ស្ថិតនៅក្នុងភូមិ​ព្រែក​យាយហ៊ិន ១ និងព្រែកយាយហ៊ិន ២ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។ ដែលស្ថាបនា​ដោយក្រសួងអភិវឌ្ឍន៍ជនបទ សម្រេចបាន ៣៥%ហើយ ហើយគ្រោងនឹងក្រាលបេតុងឲ្យរួចរាល់ ​នៅ អំឡុង​ខែសីហា ឆ្នាំនេះ។

ឯកឧត្ដម ឧត្ដមសេនីទោ សោម សុដេត នាយករងនាយកដ្ឋានវិស្វកម្ម ក្រសួងការពាជាតិ ដែលបាន​បញ្ជាក់​ជូនដល់ ​លោក អ៊ុក រ៉ាប៊ុន​ រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ​នៅការដ្ឋានស្ថាបនាស្ពាន​មួយកន្លែង​ទៀត បានឲ្យដឹងថា (ព្រែកតាព្រុំ)នេះមានប្រវែង ២៤ ម៉ែត្រ ស្ថិតនៅក្នុងភូមិព្រែកតាព្រុំ ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល សម្រេចបានប្រមាណ ៧០%ហើយ។
បច្ចុប្បន្នកងកម្លាំងវិស្វកម្ម កំពុងជម្រុញការសាងសង់បន្តទៀត ធ្វើយ៉ាងណាឲ្យរួចជាស្ថាបពរ នៅបំណាច់ ខែកក្កដា ឆ្នាំ២០១៨។     

លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានវាយតម្លៃខ្ពស់​ចំពោះការខិតខំប្រឹងប្រែងរបស់​កង​កម្លាំង​វិស្វកម្ម ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ រួមមាន ផ្លូវ ស្ពាន ដើម្បីបង្កលក្ខណងាយស្រួល ​ដល់ប្រជា ពលរដ្ឋធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនផលិតផលបានទាន់ពេលវេលា។

លោក រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា សម្ដេចត នាយករដ្ឋមន្រ្ដី ហ៊ុន សែន មានចក្ខុ​វិស័យ​វែងឆ្ងាយ ដើម្បីបង្ខិតគម្លាតឲ្យកាន់តែជិតរវាងអ្នករស់នៅទីប្រជុំជន និងអ្នករស់នៅតំបន់ដាច់​ស្រយាល តាមរយៈការកសាងផ្លូវ ថ្នល់ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។

លោករដ្ឋមន្រ្ដី បានបានអំពាវនាវសុំឲ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ដែលមានលំនៅ ដ្ឋានតាមដងផ្លូវ ចូលរួមសហការឲ្យបានល្អជាមួយអ្នកទទួលការសាងសង់ ព្រមទាំងបានផ្ដាំផ្ញើដល់មន្រ្ដី ទទួលបន្ទុកបច្ចេកទេសប្រចាំការនៅការដ្ឋានអនុវត្ត ឲ្យបានត្រឹមត្រូវតាមគំនូសប្លង់ និងបទដ្ឋានបច្ចេក​ទេស ដើម្បីធានាការប្រើប្រាស់បានយូរអង្វែង៕ 

No comments

Powered by Blogger.