Header Ads

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បញ្ចុះបឋមសីលាបើកការដ្ឋាន​ សាងសង់មជ្ឈមណ្ឌលសហគមន៍​នៃគម្រោងសាកល្បង​កាត់​បន្ថយ​ភាពក្រីក្រ ក្រោមជំនួយហិរញ្ញប្បទាន សហប្រតិបត្តិការរបស់រដ្ឋាភិបាលចិន

​ខេត្តកណ្តាលៈ

ដោយ៖ ហុង ចំណាប់


នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់មជ្ឈមណ្ឌលសហគមន៍ ក្នុងក្របខណ្ឌគម្រោងសាកល្បង កាត់បន្ថយភាពក្រីក្រ ក្រោមហិរញ្ញប្ប​ទាន សហប្រតិបត្តិការរបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមនិតចិន នៅក្នុងបរិវេណសាលាឃុំស្វាយ​អំពារ ភូមិស្វាយ​អំ​ពារ ស្រុកមុខកំពូល ខេត្តកណ្តាល ។
​លោកជំទាវ ទេព បូរ៉ាមីន អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា យោងតាមកិច្ចព្រមព្រៀងរវាងរាជ រដ្ឋា​ភិបាលកម្ពុជា ដែលតំណាងដោយក្រសួងអភិវឌ្ឍន៍ជនបទ និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន នៃគម្រោង​​​សាកល្បងកាត់បន្ថយភាពក្រីក្រ នៅកម្ពុជា អនុវត្តរយៈពេល៣ឆ្នាំ គឺចាប់ពីឆ្នាំ២០១៧-២០២០ ដែលថវិកា​សរុប ៣៣,៣៣ លានយ៉េន ស្មើនឹងជាង ៥លានដុល្លារអាមេរិក ដើម្បីធ្វើសកម្មភាពផ្គត់ផ្គង់ទឹកស្អាត សាងសង់ប្រព័ន្ធ​ស្រោចស្រពខ្នាតតូច ចិញ្ចឹមសត្វ បណ្ដុះបណ្ដាលជំនាញ និងសម្រាប់សាងសង់មជ្ឈមណ្ឌល​សហ​គមន៍។

មជ្ឈមណ្ឌលសហគមន៍នេះ កំពុងបញ្ចុះបឋមសីលាកសាងនាពេលនេះ ត្រូវសង់លើផ្ទៃដី ២០០ម៉ែត្រការ៉េ មានកំពស់ ២ជាន់។ នៅជាន់ផ្ទាល់ដី មានបន្ទប់ការិយាល័យ២ បន្ទប់សម្ភារៈ១ បន្ទប់ប្រជុំ១ បន្ទប់រងចាំ ២ និងបន្ទប់ទឹក ២។ ដោយឡែកនៅជាន់ទី១ មានបន្ទប់បាយ ១ បន្ទប់ទឹក ២ បន្ទប់អាហារ ១ អាចប្រើប្រាស់ជាបន្ទប់ប្រជុំ សិក្សា និងពិធី ផ្សេងៗទៀតបាន (ចំនួន ១០០ នាក់ )។

លោក  លី អាន ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បាន សម្ដែងការអបអរសាទរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្រ្ដីអនុវត្តគម្រោងនេះ និងកិច្ចសហប្រតិបត្តិការល្អ រវាងរដ្ឋាភិ បាលនៃសាធារណរដ្ឋប្រជាមនិតចិន និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា រួមចំណែកកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋកម្ពុជា នៅតំបន់ជនបទ និងជាចំណងមិត្តភាព នៃប្រទេសទាំងពីរផងដែរ។

​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថា ការកាត់បន្ថយភាពក្រីក្រ គឺជាការងារសំខាន់ ដែលរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់យ៉ាងខ្លាំង ជាពិសេសក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិត របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅតែចាត់ទុកវិស័យអភិវឌ្ឍន៍ជនបទ ជាវិស័យ អាទិភាព​​មួយ ក្នុងចំណោមវិស័យអាទិភាពទាំង៤ នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់ខ្លួន។

រាជរដ្ឋាភិបាល ផ្តោតការយកចិត្តទុកដាក់លើការបន្តវិនិយោគ លើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ការងារអភិវឌ្ឍន៍ សហគមន៍ជនបទ និងការងារអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ។ ទន្ទឹមនឹងនេះ ក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងដើរ តួរនាទីយ៉ាងសំខាន់ ក្នុងការខិតខំជំរុញការធ្វើសមាហរណកម្ម រវាងទីក្រុង និងទីជនបទ កាន់តែមានលក្ខណៈ​ប្រសើរ​ឡើង សំដៅបង្កើតឡើងនូវកាលានុវត្តភាព ​សេដ្ឋកិច្ចសង្គម ជំរុញកំណើនបរិយាប័ន្នសេដ្ឋកិច្ច និងកែលម្អជីវភាព​របស់​ប្រជា​ជននៅតំបន់ជនបទ ឲ្យកាន់តែប្រសើរឡើង។ ឯកឧត្ដម បានបញ្ជាក់បន្ថែមថា កិច្ចការអភិវឌ្ឍជនបទ គឺជាការងារ​ពហុវិស័យដែលទាមទា​ ឲ្យមានការចូលរួមសហការដោយសកម្ម និងរស់រវើកពីគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់។ ក្នុងស្មារតីនេះ ក្រសួងអភិវឌ្ឍន៍ជនបទបានយកចិត្តទុកដាក់ខ្ពស់ក្នុងការងារស្តារ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលរួមមានផ្លូវជនបទ ស្ពាន អណ្តូងទឹក បង្គន់អនាម័យ និងផ្សារជនបទ ពិសេសការបង្កើន​ប្រាក់ចំណូលបន្ថែម​សម្រាប់​​គ្រួសារតាមរយៈការអភិវឌ្ឍ សេដ្ឋកិច្ចសហគមន៍ជនបទ។ ជាក់ស្តែងមជ្ឈមណ្ឌលសហគមន៍នេះ ​នឹងចេញជា​រូបរាងឡើងនៅពេលដខ្លីខាងមុខនេះ ជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកំណើនសេដ្ឋកិច្ច និងអភិ​វឌ្ឍន៍​សង្គម ស្របតាមគោលនយោបាយ​ របស់រាជរដ្ឋាភិបាល។  តមកគណអធិបតី បានអញ្ជើញបញ្ចុះ បឋមសីលា​ជានិមិត្ត​​​រូប​ចាប់ផ្ដើមបើកការដ្ឋ សាងសង់មជ្ឈមណ្ឌល សហគមន៍ជាផ្លូវការ៕

No comments

Powered by Blogger.