Header Ads

បើកសិក្ខាសាលា ស្តីពីការអភិវឌ្ឍនសមត្ថភាព ដើម្បីគាំទ្រដល់គំនិតផ្តួចផ្តើមទឹកស្អាត និងអនាម័យជនបទ ជំហានទី ២​ ដែលធនាគារអភិវឌ្ឍន៍អាស៊ី ADB បានអនុម័តហិរញ្ញប្បទានឥតសំណង ១៥ លានដុល្លារអាមេរិក សម្រាប់គម្រោងនេះ

ភ្នំពេញៈ

ដោយ៖ ញ៉ែម សុវត្ថារ៉ូ


រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានអំពាវនាវឲ្យមន្ទីរអភិវឌ្ឍន៍ជនបទទាំងអស់ និងក្រុមការងារអនុវត្តកម្មវិធីទឹក​ស្អាត និងអនាម័យ​ជនបទ។ ក្រសួងអភិវឌ្ឍន៍ជនបទ បាន​បន្តចុះអប់រំ និងណែនាំដល់ប្រជាពលរដ្ឋ​អាជ្ញាធរភូមិ ឃុំ ស្រុក ឲ្យយល់ដឹងពីសារៈប្រយោជន៍ នៃផែនការសុវត្ថិភាពទឹក និងអនាម័យជនបទ។ 

បន្ទាប់ពីការចំណាប់អារម្មណ៍ របស់តំណាងធនាគារអភិវឌ្ឍន៍អាស៊ី និងប្រធានដឹកនាំគម្រោងរួចមក ក៏បានថ្លែងក្នុងវគ្គ​សិក្ខាសាលាពាក់កណ្ដាលគម្រោងស្ដីពី ការអភិវឌ្ឍសមត្ថភាព ដើម្បីគាំទ្រដល់គំនិតផ្ដួចផ្ដើមថ្មី សម្រាប់គម្រោងផ្គត់ផ្គង់ ទឹកស្អាត និងអនាម័យជនបទ ជំហានទី២ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ​នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានី​ភ្នំពេញ។

​លោក ស្រ៊ិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ និងជានាយកគម្រោង បានបញ្ជាក់​ថា ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានអនុម័តហិរញ្ញប្បទានឥតសំណងបន្ថែមចំនួន ១៥ លានដុល្លារអាមេរិក ​សម្រាប់ ពង្រីក​សកម្មភាពអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ជំហានទី២។

គម្រោងនេះ នឹងបន្តអនុវត្តនៅក្នុងខេត្តគោលដៅចំនួន ៦ គឺខេត្តកំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ ព្រមទាំងខេត្តចំនួន ២ផ្សេងទៀត ដែលត្រូវអនុវត្តក្នុងជំហានទី៣ គឺខេត្តកំពង់ស្ពឺ និងខេត្តកំពត នៅឆ្នាំ២០១៩។ លោក ស្រ៊ិន ពុទ្ធី បានបន្តទៀតថា តាមការអង្កេតរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ឆ្នាំ ២០១៥ បានបង្ហាញឲ្យឃើញថា ៥២% នៃប្រជាពលរដ្ឋនៅតំបន់ជនបទ ទទួលបានសេវាទឹកស្អាតប្រើប្រាស់ និង ៥២,៩% មានបង្គន់អនាម័យប្រើប្រាស់។ វឌ្ឍនភាពនេះ តាមរយៈការសាងសង់ និងផ្ដល់នូវហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់​ទឹកស្អាត និងអនាម័យជនបទ រួមាន ការជីកអណ្ដូង  និងស្ដារស្រះសហគមន៍ ប្រព័ន្ធចែកចាយទឹកតាមទុយោខ្នាតតូច ការផ្ដល់ពាងសម្រាប់ត្រងទឹកភ្លៀង និងការផ្ដល់សម្ភារសម្រាប់សាងសង់បង្គន់អនាម័យ នៅតាមតំបន់ជនបទ។

លោក ទ្រី មេង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានអំពាវនាវឲ្យមន្ទីរអភិវឌ្ឍន៍ជនបទទាំងអស់ និងក្រុមការងារ​អនុវត្តកម្មវិធីទឹកស្អាត និងអនាម័យ​ជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ ​បន្តចុះអប់រំ និងណែនាំដល់ប្រជាពលរដ្ឋ ​អាជ្ញាធរភូមិ ឃុំ ស្រុក ឲ្យយល់ដឹងពីសារៈប្រយោជន៍ នៃផែនការសុវត្ថិភាពទឹក និងអនាម័យជនបទ ​ស្របទៅតាមផែន​ការសកម្មភាពជាតិ ក៏ដូចជាគោលការណ៍ណែនាំបច្ចេកទេសផ្សេងៗទៀត ដើម្បីឲ្យវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ទទួលបានភាពជោគជ័យ។

ឯកឧត្ដម រដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ី និងសុំឲ្យមន្រ្ដីអនុវត្តគម្រោងទាំងអស់ ពិភាក្សាឲ្យបានផុលផុស ពីតម្រូវការបច្ចេកទេស និងការសន្សាំនៃបម្រែបម្រួលអាកាសធាតុ ការគ្រប់គ្រងហានិភ័យ ​​នៃ គ្រោះមហន្ដរាយ និងការរៀបចំផែនការក្នុងវិស័យទឹកស្អាត និងអនាម័យជនបទនៅកម្ពុជា៕

No comments

Powered by Blogger.