Header Ads

ផ្ការំដួល គឺជារុក្ខជាតិ សម្រាប់សម្គាល់ អត្តញ្ញាណជាតិខ្មែរ

ដោយ៖ សេង ស៊ីដារ៉ូ



បើបាត់អត្តញ្ញាណជាតិ ដូចជាបាត់គ្រឹះដ៏រឹងម៉ាំ របស់ប្រទេសជាតិខ្មែរទាំងមូល ពីព្រោះគ្រឹះទាំងនេះ ជាអាយុជីវិតយ៉ាងសំខាន់នៃប្រជាជាតិ។

ដើមផ្ការំដួល គឺជិតផុតពូជទៅហើយ មូលហេតុថា ប្រទេសកម្ពុជា សម័យបច្ចុប្បន្ន ព្រៃឈើ ត្រូវបានកាប់បំផ្លាញស្ទើទូទាំងប្រទេស គឺដោយសារមនុស្សក្នុងសង្គមមួយចំនួន មិនបានគោរពច្បាប់ និងជនបរទេស ដែលឈ្លានពានចូលទឹកដីខ្មែរខុសច្បាប់ លួចកាប់បំផ្លាញព្រៃឈើរបស់ខ្មែរ ដើម្បីយកទៅលក់នៅក្រៅប្រទេស។

ដូច្នេះមនុស្សជំនាន់ក្រោយ និងមិនអាចស្គាល់ដើមផ្ការំដួលនេះ លុះត្រាតែមនុស្សជំនាន់ចាស់ៗ ត្រូវតែយកចិត្តទុកដាក់ធ្វើការអប់រំ និងពន្យល់ដល់ក្មេងជំនាន់ក្រោយបានដឹង បានឮ ពីរុក្ខជាតិ និងសត្វ ទាំង៧យ៉ាង ដែលសម្គាស់ជាអត្តញ្ញាណជាតិនេះ ឬគួរតែរដ្ឋាភិបាល ដាក់បញ្ចូលរុក្ខជាតិ និងសត្វទាំងនេះ ក្នុងកម្មវិធីសិក្សា ចាប់ពីមត្តេយ្យ រហូតដល់ថា្នក់បរិញ្ញាប័ត្រ ជាដើម។

ផ្ការំដួល គឺជារុក្ខជាតិ ដែលមានមនុស្សក្នុង និងក្រៅប្រទេសតែងតែស្រឡាញ់ចូលចិត្តយ៉ាងខ្លាំង ពីព្រោះផ្កានេះ មានក្លិនក្រអូបស្រទន់ប្រៀបបាននឹងសេចក្តីសេ្នហារវាងក្រមុំ និងកម្លោះ ចំណែកឯផ្លែរបស់វាវិញ មានរសជាតិផ្អែមឆ្ងាញ់ ដឹតជាប់ក្នុងអារម្មណ៍ ឬក្រអៅបេះដូងរបស់មនុស្សគ្រប់រូប ដែលមានអត្ថន័យ ដូចជាការផ្តោះផ្តងសេចក្តីស្នេហា និងក៏ជាវត្ថុអនុស្សាវរីយិ៍ ដើម្បីការរំលឹកនៃស្នេហារបស់មនុស្សគ្រប់ពេលវេលា ដែលមិនអាចបំភ្លេចបានឡើយ ។

ការសម្រេចយកផ្ការំដួល ជានិមិត្តរូប សម្រាប់ប្រជាជាតិនោះ គឺដោយសារផ្ការំដួលមានក្លិនពិដោរក្រអូបឈ្ងុយឈ្ងប់ គួរជាទីទាក់ទាញអារម្មណ៍ របស់មហាជនទូទៅ និងផ្តល់នូវអត្ថប្រយោជន៍ យ៉ាងច្រើនផងដែរនៅក្នុងសង្គមខ្មែរ។

សម័យបុរាណ ខ្មែរយើងតែងតែធ្វើការប្រដូច ស្រ្តីក្រមុំ ទៅនឹងផ្ការំដួល គឺព្រោះថា ផ្ការំដួលមានរូបរាងស្រស់ស្អាត និងមានក្លិនពិដោរក្រអូបឈ្ងុយឈ្ងប់ គួរជា​ទីទាក់ទាញអារម្មណ៍របស់មហាជនទូទៅ។ ក្រៅពីប្រដូចផ្ការំដួល ទៅនឹងនារីខ្មែរហើយនោះ ផ្ការំដួលក៏ត្រូវបានកវីនិពន្ធខ្មែរ មួយចំនួន បានធ្វើការអត្ថាធិប្បាយ​រៀបរាប់ពីសម្រស់ល្អគន់ និងគុណសម្បត្តិរបស់ផ្ការំដួល តាមរយៈអត្ថន័យនៃបទចម្រៀងយ៉ាងពិរោះ ផងដែរ។

នៅបុរាណកាល ខ្មែរយើងតែងតែនិយមប្រើប្រាស់ ផ្ការំដួល ធ្វើជាគ្រឿងផ្សំ ផលិតជាក្រមួនលាបមាត់របស់នារី ដោយសារតែក្លិនរបស់វាក្រអូប​ឈ្ងុយ ខុសប្លែកពីផ្កាដទៃ។ ទន្ទឹមនោះផ្ការំដួល មានគុណប្រយោជន៍ សម្រាប់ផលិតជាឱសថបុរាណ ក្នុងការកែរោគដូចជា សំបកអាចឆ្នៃធ្វើជាឱសថសម្រាប់​ព្យាបាលអាការៈក្តៅខ្លួន ផ្កាអាចយកទៅធ្វើជាថ្នាំបំបាត់អាការៈវិលមុខ ខ្យល់គរ ជាឱសថជំនួយបេះដូង ជំនួយឈាម ( កេសររបស់ផ្ការំដួល អាចផ្សំជាឱសថ​ជំនួយកម្លាំង ជំនួយឈាម និងជួយបំបាត់អាការៈវិល មុខ និងខ្យល់គរជាដើម)។

ចំណែក ដើមផ្ការំដួលវិញ អាចធ្វើការកែច្នៃប្រើប្រាស់ជាគ្រឿងសំណង់បន្ទាប់បន្សំ និងធ្វើជាអុសសម្រាប់ដុត មិនតែប៉ុណ្ណោះនៅរដូវផ្លែរំដួលទុំ ប្រជាជនដែលរស់នៅក្បែរព្រៃ តែងតែបេះផ្លែរំដួលយកមកលក់នៅលើទីផ្សារ ដើម្បីដោះស្រាយជីវភាព រស់នៅប្រចាំថ្ងៃរបស់ខ្លួនថែមទៀត។

បច្ចុប្បន្នដើមផ្ការំដួល គេអាចរកមើលបាននៅតាមសួនច្បារមួយចំនួន ឬក្នុងព្រៃនៃប្រទេសកម្ពុជា។ ក្រៅពីយកផ្ការំដួលនេះ តំណាងឲ្យប្រទេសជាតិហើយនោះ ខាងមន្ទីរកសិកម្ម ក៏បានយកផ្កានេះ តំណាងឲ្យវិស័យកសិកម្មផងដែរ។ ដូច្នេះប្រជាជនខ្មែរគ្រប់រូប ពិសេសយុវវ័យខ្មែរទាំងអស់ ចូរចងចាំ និងធ្វើខ្លួនឲ្យមានតម្លៃដូចក្លិនក្រអូប និងស្រស់ស្អាតរបស់ផ្ការំដួល ដែលតំណាងឲ្យប្រទេស៕

https://kronglungvek.com.kh



No comments

Powered by Blogger.