Header Ads

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រតិកម្ម ទៅនឹងលោក សម រង្ស៊ី និងបក្ខពួក ចោទប្រកាន់ថា លោកប្រាជ្ញ ចន្ទ ប្រធាន គជប ចងមុងរាប់សន្លឹកឆ្នោត និងសម្តេច ហ៊ុន សែនភ័យខ្លាចចាញ់ឆ្នោត ទើបបញ្ជាឱ្យ គជប ធ្វើដូច្នោះ ងាយស្រួលបន្លំសន្លឹកឆ្នោត

ភ្នំពេញ

ដោយៈ សេង ស៊ីដារ៉ូ


គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានប្រតិកម្ម និងឆ្លើយតមទៅនឹងលោក សម រង្ស៊ី ដែល ចោទប្រកាន់ថា គ.ជ.ប ចងមុងរាប់សន្លឹកឆ្នោត តាមបញ្ជារសម្តេច ហ៊ុន សែន ព្រោះកន្លងមក គ.ជ.ប បានបំពេញតួនាទីតាមច្បាប់ មិនអនុញ្ញាត ឬមិនមានឥទ្ធិពលរបស់បុគ្គលណាម្នាក់ ឬគណបក្សនយោបាយណា មួយទៅលើការរាប់សន្លឹកឆ្នោតនោះទេ។

គ.ជ.ប ក៏បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះការចោទប្រកាន់របស់ជនទាំងឡាយណាពាក់ព័ន្ធនឹងការបោះឆ្នោត និងគណបក្សកាន់អំណាច ក៏ប្តឹងលោកសុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀត យក១លានដុល្លារ ដែលលោកសុន ឆ័យ បាននិយាយក្នុងកម្មវិធីនៃកិច្ចសម្ភាសន៍ជាមួយ
សារព័ត៌មាន cambodai daily កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២។

គ.ជ.ប បានសូមឱ្យប្រជាពលរដ្ឋរស្ថិតនៅក្នុងស្ថានភាពស្ងប់ស្ងាត់ កុំជឿតាម ដើម្បីរង់ចាំមើលការប្រកាសលទ្ធផលដែលផ្សាយចេញជាផ្លូវការរបស់ គ.ជ.ប នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច បានបញ្ជាក់ថា ការឈ្នះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា មិនមែនដោយសារ គ.ជ.ប ចងមុងរាប់សន្លឹកឆ្នោត តាមការបញ្ជារបស់សម្តេច ហ៊ុន សែន ដូចការចោទប្រកាន់មួលបង្កាច់ពីក្រុមឧទ្ទាមក្រៅច្បាប់នោះទេ គឺលទ្ធផលនេះ ពិតជាចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋដែលគាំទ្រគណបក្សកាន់អំណាចពិតៗ។

លោកអ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ថា លោកប្រាជ្ញ ចន្ទ ជាប្រធាន គ.ជ.ប ចងមុងរាប់សន្លឹកឆ្នោត។ លោកជាប្រធាន គ.ជ.ប មានឈ្មោះស្អុយបញ្ច្រាសខ្យល់ ព្រោះកូនចៅគាត់បិទទ្វារ បិទបង្អួច ចាក់សោទ្វាររបង កន្លែងខ្លះដេញអ្នកអង្កេតការណ៍ឱ្យចេញ រួចរាប់សន្លឹកឆ្នោតដើម្បីងាយស្រួលលួចសន្លឹកឆ្នោត។ បើអីចឹងដដែរ ម៉េចមិនយកសន្លឹកឆ្នោតទៅចងមុងរាប់នៅផ្ទះរបស់គាត់តែម្តងទៅ។ សម្តេច ហ៊ុន សែន ភ័យខ្លាចចាញ់ឆ្នោត ទើបបញ្ជាឱ្យ គ.ជ.ប ធ្វើដូច្នោះ ដើម្បីងាយស្រួលបន្លំសន្លឹកឆ្នោត។

លោកសុន ឆ័យ បានចេញសេចក្តីថ្លែងការណ៍ថា លទ្ធផលបោះឆ្នោតនេះមិនឆ្លុះបញ្ចាំងអំពីឆន្ទៈប្រជាពល រដ្ឋទេ វាមានការបំភ័យ វាមានការទិញ វាមានការលួចបាន។

គ.ជ.ប ចេញសេចក្តីថ្លែងការណ៍ថា មិនអាចទទួលយកបានទេ ហើយជាការមាក់ងាយ និងប៉ះពាល់ដល់តម្លៃម្ចាស់ឆ្នោត។ គ.ជ.ប ជាស្ថាប័នចែងក្នុងរដ្ឋធម្មនុញ្ញ គ.ជ.ប បើកសិទ្ធិឱ្យគណបក្សនយោបាយប្តឹងជុំ វិញភាពមិនប្រក្រតីដែលខ្លួនបានសង្កេតឃើញ គួរតែគណបក្សប្រឆាំងចៀសវាងថ្លែងការប្រមាថបរិហា កេរ្តិ៍ជាសាធារណៈ និងញុះញង់នាំឱ្យមានការចោទប្រកាន់ដូចមានចែងក្នុងបទព្រហ្មទណ្ឌត្រង់មាត្រា ៣០៥ និង ៣០៦។

គ.ជ.ប បានសង្កត់ធ្ងន់ថា គណបក្សភ្លើងទៀត ធ្វើឱ្យមានការភាន់ច្រឡំ និងបាត់ទំនុកចិត្តលើការ​បោះប្នោត ដែលមានចែងក្នុងមាត្រា ១៧១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។ ទង្វើនេះ នឹងត្រូវផាកពិន័យពី ១០-២០លានរៀល ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងៗ ទៀត។

លោកថាច់ សេដ្ឋា អនុប្រធានបក្សភ្លើងទៀន ថា គ.ជ.ប ហាមឃាត់មិនឱ្យនិយាយពីការបោះឆ្នោតមិនត្រឹម ត្រូវ នេះបង្ហាញថា គជប ជាស្ថាប័នផ្តាច់ការ។

https://kronglungvek.com.kh


No comments

Powered by Blogger.