Header Ads

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់កម្មវិធីថត បញ្ជូន និងបញ្ចូលទិន្នន័យប្រព័ន្ធទីតាំងសកល GPS នៃទីស្នាក់ការរបស់ សាលាឃុំ សង្កាត់ និងការិយាល័យបោះឆ្នោត

ភ្នំពេញ

ដោយៈ ហុង ចំណាប់


គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានរៀបចំបើកវគ្គ បណ្តុះបណ្តាលស្តីពីការប្រើប្រាស់កម្មវិធីថត បញ្ជូន និងបញ្ចូលទិន្នន័យប្រព័ន្ធទីតាំងសកល GPS នៃទីស្នាក់ការ របស់ គឃ.សប សាលាឃុំ សង្កាត់ និងការិយាល័យបោះឆ្នោត ដែលមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៥-៦ ខែឧសភា ឆ្នាំ២០២២ នៅទីស្តីការ គ.ជ.ប។ វគ្គបណ្តុះបណ្តាលនេះ ក្រោមអធិបតីភាព ឯកឧត្តម ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប និងអញ្ជើញចូលរូមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា អង្គការជាតិ អន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ និងសិក្ខាកាមចំនួន ១០០នាក់ថែមទៀត។ នៅក្នុងកម្មវិធីបណ្តុះបណ្តាលនេះ ឯកឧត្តម ម៉ុក ដារ៉ា អគ្គលេខាធិការ រង គ.ជ.ប បានអានសន្ទរកថា សម្តែងនូវការកោតសរសើរចំពោះអង្គភាពជំនាញពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុក ដាក់អស់ពីកម្លាំងកាយចិត្តរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលនេះឡើង។ ឯកឧត្តម បានបន្តទៀតថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ខែមិថុនា ឆ្នាំ២០២២ ខាងមុខដ៏ខ្លីនេះ ហើយផ្អែកតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ គ.ជ.ប ត្រូវបង្កើតការិយាល័យបោះឆ្នោតមួយ ឬច្រើនសម្រាប់ ឃុំ សង្កាត់នីមួយៗស្របតាមបទបញ្ជា និងនីតិវិធីរបស់ខ្លួន។ ការិយាល័យបោះឆ្នោតនីមួយៗ ត្រូវបង្កលក្ខណៈឱ្យ សមាជិកបោះឆ្នោតទាំងអស់ងាយស្រួលក្នុងការបោះឆ្នោតនាពេលខាងមុខ។ ឯកឧត្តម ម៉ុក ដារ៉ា បានបញ្ជាក់ទៀតថា សម្រាប់ការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិនេះ គ.ជ.ប បានសម្រេចដាក់ឱ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យាក្នុងដំណើរការបោះឆ្នោត ដើម្បីជាជំនួយបន្ថែមដល់ការអនុវត្តរបស់មន្ត្រីបោះឆ្នោតនៅថ្នាក់ឃុំ សង្កាត់ និងថ្នាក់រាជធានីខេត្ត និងដើម្បីបង្កើនប្រសិទ្ធភាព បង្ហាញពីតម្លាភាព និងសុចរិតភាពនៅក្នុងការងាររៀបចំចាត់ចែងការបោះឆ្នោត ជូនដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសគឺអ្នកបោះឆ្នោត និងគណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត។ ឯកឧត្តម ម៉ុក ដារ៉ា បានបន្ថែមទៀតថា ការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ក្នុងគោលបំណងដើម្បីពង្រីកវិសាលភាពទៅលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងដំណើរការបោះឆ្នោត ដោយផ្តោតលើប្រព័ន្ធនៃការគ្រប់គ្រងទីតាំងការិយាល័យបោះឆ្នោត ទីតាំងគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ទីតាំងសាលាឃុំ សង្កាត់ និងទីតាំងទីស្នាក់ការគណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត (គធ.ខប) ដែលទីតាំងនេះសុទ្ធតែត្រូវបានកំណត់ និងបង្កើតឡើងដើម្បីបម្រើឱ្យការងារបោះឆ្នោត។ ដូច្នេះនៅក្នុងឆ្នាំ២០២២ នេះ អគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេសនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប បានផ្តួចផ្តើមសិក្សាលំហូរ និងរៀបចំការអភិវឌ្ឍន៍ជាថ្មីលើប្រព័ន្ធកម្មវិធីគ្រប់គ្រងទីតាំការិយាល័យបោះឆ្នោត ដោយរួមបញ្ចូលទីតាំងសំខាន់ៗបន្ថែមទៀតដូចជា គធ.ខប គឃ.សប និងសាលាឃុំ សង្កាត់ ដើម្បីផ្តល់ភាពងាយស្រួល និងបង្ខិតសេវា បោះឆ្នោតឱ្យកាន់តែគៀកជិតអ្នកបោះឆ្នោត និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ស្របតាមបរិបទ នៃការ រីកចម្រើនវិស័យបច្ចេកវិទ្យាក្នុងយុគសម័យឧស្សាហកម្ម ៤.០។ ឯកឧត្តម ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប បានថ្លែងបន្តទៀតថា ក្នុងវគ្គបណ្តុះបណ្តាលនេះ គោលការណ៍សំខាន់ៗនឹងត្រូវឧទ្ទេសដោយថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្ត្រីជំនាញរបស់ គ.ជ.ប ដែលផ្តោតសំខាន់លើប្រធានបទចំនួន៣គឺ ៖ ១- របៀបរប្រើប្រាស់កម្មវិធីថតដែលអាចចាប់យកទិន្នន័យ និងទីតាំង GPS ២-របៀបប្រើប្រាស់កម្មវិធីស្វែងរកទីតាំងការិយាល័យបោះឆ្នោតស្វែងរក ទីតាំង គធ.ខប គឃ.សប និងសាលាឃុំ សង្កាត់ និង ៣-របៀបនៃការបំពេញទិន្នន័យនានាពាក់ព័ន្ធប្រព័ន្ធចាប់យកទីតាំងទាំងនេះ។ ហើយប្រធានបទទាំង៣នេះ ជាប្រធានបទថ្មី ដែលមានសារសំខាន់ណាស់ សូមសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ត្រងត្រាប់ស្ដាប់បទបង្ហាញរបស់គ្រូឧទ្ទេសឱ្យបានច្បាស់លាស់ ក្នុងករណីមាន ចម្ងល់ ឬមិនយល់ត្រង់ចំណុចណាមួយ សូមកុំមានការអល់អែក ឬស្ទាក់ស្ទើរក្នុងការតាំង ជា សំណួរទៅកាន់គ្រូឧទ្ទេស ដើម្បីឱ្យគាត់ធ្វើការពន្យល់បកស្រាយបន្ថែមឱ្យកាន់តែច្បាស់លាស់ និងស៊ីជម្រៅ ជៀសវាងធ្វើឱ្យមានការភាន់ច្រឡំ។ ឯកឧត្តម ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប បានថ្លែងអំណរគុណដោយស្មោះចំពោះវត្តមាន ឯកឧត្តម លោក លោកស្រី នាងកញ្ញាទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាលនៅថ្ងៃនេះ ។ ឯកឧត្តម ម៉ុក ដារ៉ា សូមប្រកាសបើកវគ្គបណ្តុះបណ្តាល ស្តីពី “ការប្រើប្រាស់កម្មវិធីថតបញ្ជូន និងបញ្ចូល ទិន្នន័យប្រព័ន្ធទីតាំងសកល GPS នៃទីស្នាក់ការរបស់ គឃ.សប សាលាឃុំ សង្កាត់ និងការិយាល័យ បោះឆ្នោត” ចាប់ពីពេលនេះតទៅ៕
https://kronglungvek.com.kh

No comments

Powered by Blogger.