Header Ads

គណៈកម្មាការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានរៀបចំពិធីត្រួតពិនិត្យមើលដំណើរ​ការបោះពុម្ព​សន្លឹក​​ឆ្នោត​សម្រាប់បោះឆ្នោតឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលមានការចូលរួមពី គណបក្ស​នយោបាយ អង្គការ សមាគម និងអ្នកសារព័ត៌មាន

ភ្នំពេញ

ដោយៈ ហុង ចំណាប់


នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៩:០០នាទី ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាការជាតិ​រៀបចំ​ការបោះឆ្នោត គ.ជ.ប បានអញ្ជើញទៅពិនិត្យមើលដំណើរ ការបោះពុម្ពសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅរោងពុម្ព ណាវីន ព្រីនធីង ឯ.ក ស្ថិតនៅផ្ទះ​លេខ​៩ ផ្លូវលេខ ៣៤៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ការពិនិត្យមើលដំណើរការបោះពុម្ពសន្លឹកឆ្នោតនេះ​ មានតំណាងគណបក្សនយោបាយចំនួន ៨ ដែលបាន ចូលរួមពិនិត្យ និងសង្កេតមើលចង្វាក់នៃការបោះពុម្ពសន្លឹក ឆ្នោតនៅរោងពុម្ព រួមមាន គណបក្សប្រជាជន​ គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សស្រឡាញ់ជាតិ គណបក្សសញ្ជាតិកម្ពុជា គណបក្សយុវជនកម្ពុជា គណ បក្សឆន្ទៈខ្មែរ គណបក្សកម្ពុជានិយម គណបក្សរស្មីខេមរា និងតំណាងអង្គការ សមាគម ចំនួន ៩ ព្រមទាំង អ្នកសារព័ត៌មានជាច្រើនអង្គភាព សរុបប្រមាណ ៤០នាក់ទៀត។

ឯកឧត្តម ប្រាជ្ញចន្ទ ប្រធាន គ.ជ.ប បានមានប្រសាសន៍ថា ថ្ងៃនេះ គ.ជ.ប បានអញ្ជើញគ្រប់ភាគីពាក់ព័ន្ធនឹង​ការបោះឆ្នោតទាំងអស់ មកពិនិត្យ និងសង្កេតមើលដំណើរការ បោះពុម្ពសន្លឹកឆ្នោតផ្ទាល់តែម្តង។ ឯកឧត្តម មាន​ប្រសាសន៍បន្តថា ដូចគ្នានឹងការបោះឆ្នោត កន្លងមក គឺ គ.ជ.ប តែងតែអញ្ជើញគ្រប់គណបក្ស នយោបាយ អ្នកអង្កេត​ការណ៍ និងអ្នកសារព័ត៌មាន មកពិនិត្យ និងសង្កេតមើលដំណើរការបោះពុម្ពសន្លឹកឆ្នោត ដល់ទីកន្លែង​ផ្ទាល់តែម្តង។ ឯកឧត្តម ប្រធានគ.ជ.ប បានមានប្រសាសន៍ទៀតថា ដំណើរការបោះ​ពុម្ពសន្លឹកឆ្នោត​នា​ពេល​នេះ នៅសល់តែ៣ខេត្តទៀតទេនឹងត្រូវបញ្ចប់ ហើយត្រូវវេចខ្ចប់យកទៅរក្សាទុក នៅកន្លែងមានសុវត្ថិភាព សម្រាប់​បញ្ជូន​​ទៅឱ្យ គណៈកម្មការាជធានី ខេត្តរៀបចំការបោះឆ្នោត គឃ.ខប ដើម្បីចាត់ចែងបញ្ជូនទៅ​គណៈកម្មការ​ឃុំ សង្កាត់រៀបចំការបោះឆ្នោត​ គឃ.សប នឹងបន្តទៅគណៈកម្មកា រការិយាល័យបោះឆ្នោត គ.ក.ប មិនឱ្យហួសពី ៣៦ម៉ោង មុនថ្ងៃបោះឆ្នោត នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ​២០២២។

បន្ទាប់ពីភាគីពាក់ព័ន្ធនឹងការបោះឆ្នោតទាំងអស់ បានពិនិត្យសង្វាក់ផលិតកម្មនៃការបោះពុម្ពសន្លឹកឆ្នោត រួច​មក ឯកឧត្តម ហង្ស ពុទ្ធា សមាជិក គ.ជ.ប និងជាប្រធានក្រុម អ្នកនាំពាក្យ គ.ជ.ប បានជម្រាបជូនអ្នក សារព័ត៌មានថា សន្លឹកឆ្នោតត្រូវបានបោះពុម្ព ចំនួន ១.៦៥២ ប្រភេទ ស្មើនឹងចំនួន ១.៦៥២ ឃុំ សង្កាត់ ពីព្រោះថា ឃុំ សង្កាត់ នីមួយៗមានចំនួនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតមិនដូគ្នាទេ។ គណបក្ស​នយោបាយឈរឈ្មោះបោះឆ្នោត មាន១៧ គណបក្ស។ ក្នុងចំណោម ១៧ គណបក្សនេះ គណបក្ស​ខ្លះចុះ​បញ្ជី​បេក្ខជនជាង ១.៦០០ ឃុំ សង្កាត់គណបក្សខ្លះចុះបញ្ជីបេក្ខជនមិនដល់ ១.០០០ ឃុំ សង្កាត់​ទេ។ ដូច្នេះហើយ​សន្លឹកឆ្នោតមានប្រភេទ ខុសៗគ្នា​ អាស្រាយតាមចំនួនគណបក្សនយោបាយ ដែលបានចុះបញ្ជីបេក្ខជន​ឈរ​​ឈ្មោះឆ្នោត​ និងតាមលទ្ធផលនៃការចាប់ឆ្នោតកំណត់លំដាប់ លេខរៀងគណបក្ស នយោ​បាយ ដាក់លើ​សន្លឹកឆ្នោត។

ឯកឧត្តម ហង្ស ពុទ្ធា​ បានជម្រាបជូនបន្តទៀតថា អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការមានចំនួន​៩.២០៥.៦៨១ នាក់ ចំនួនការិល័យបោះឆ្នោត មាន ២៣.៦០២ ការិយាល័យ ហើយសន្លឹកឆ្នោត ត្រូវបោះពុម្ព​មានប្រមាណ ១១លានសន្លឹក រួមនឹងសន្លឹកឆ្នោតបម្រុងប្រមាណ ១លានសន្លឹក។ សន្លឹក​ឆ្នោតត្រូវបានបោះពុម្ព ចងក្រង ជាក្បាល ដោយក្នុង ១ក្បាល មានចំនួន ៥០សន្លឹក។ ហើយសន្លឹកឆ្នោត ដែលបោះពុម្ពនេះ មានលក្ខណៈ ពិសេស​និងមានភាពសម្ងាត់​ ដែលគ្មានជនណាម្នាក់អាចយក ទៅបោះពុម្ពក្លែងបន្លំបានឡើយ ហើយក្រុម ហ៊ុនដែលដេញថ្លៃបានតាមនីតិវិធីហិរញ្ញវត្ថុ​ ត្រូវធានាសុវត្ថិភាពចំពោះ គ.ជ.ប ក្នុងការបោះពុម្ពសន្លឹកឆ្នោត។

https://kronglungvek.com.kh

No comments

Powered by Blogger.