Header Ads

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំក្រុមយុវជនក្រសួងសាធារណការ និងដឹកជញ្ជូន និងនិស្សិតនៃវិទ្យាស្ថានតេជោសែន ដើម្បីទស្សនកិច្ចសិក្សាស្វែងយល់ពីការងារសាងសង់ផ្លូវល្បឿនលឿន

ភ្នំពេញ-ព្រះសីហនុ

ដោយៈ សេង ស៊ីដារ៉ូ


គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧,០៥គីឡូ ម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ ២០១៩ គិតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ ដំណើរការនៃការដ្ឋានសាងសង់ គឺស្ថិតក្នុងដំណាក់កាលនៃការសាងសង់បញ្ចប់ហើយ
នឹងគ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ និងគ្រោងដាក់ឱ្យដំណើរការសាកល្បងនៅក្នុងខែកក្កដា ឆ្នាំ២០២២ខាងមុខ ដែលផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំក្រុមយុវជនក្រសួងសាធារណការ និងដឹកជញ្ជូន និងនិស្សិតនៃវិទ្យាស្ថានតេជោសែន សរុបប្រមាណ៣០០នាក់ធ្វើទស្សនកិច្ចស្វែងយល់ពីការងារសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្ត និងបងប្អូនប្រជាពលរដ្ឋផងដែរ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ថ្មីៗនេះ។

ដំណើរទស្សនកិច្ចសិក្សាស្វែងយល់នេះ រៀបចំឡើងក្រោមគំនិតផ្តួចផ្តើមរបស់លោកទេសរដ្ឋមន្ត្រី ក្នុងគោល បំណងបង្ហាញឱ្យកូនខ្មែរបានយល់ដឹង អំពីបច្ចេកទេសនៃការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាពខ្លួនឯង ស្របតាមពាក្យស្លោករបស់សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងថា ខ្មែរធ្វើបាន។ ម៉្យាងវិញទៀតជីដូនជីតារបស់យើងអាចកសាងប្រាង្គប្រាសាទមានអាយុកាលរាប់រយឆ្នាំល្បីល្បាញទូទាំងពិភព លោកដូចជា៖ ប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក និងស្ពានថ្មដែលមានអាយុរាប់រយឆ្នាំ ហេតុដូច្នេះកូនខ្មែរត្រូវតែធ្វើបាន។

លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនថា តាមរយៈដំណើរទស្សនកិច្ចនេះ យុវជនក្រសួង និងនិស្សិតវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រធានមន្ទីរសាធារណការរាជធានីខេត្តទាំងអស់ និងប្រជាពលរដ្ឋបានឃើញពីការរីកចម្រើនលើវិស័យសាធារណការ និងដឹកជញ្ជូន របស់កម្ពុជា ជាពិសេសផ្លូវល្បឿនលឿនបានចូលរួមដឹងឮ រៀនសូត្រ និងជួយផ្សព្វផ្សាយបន្តទៅកាន់បងប្អូនប្រជាពលរដ្ឋនៅតាមភូមិឃុំស្រុករបស់ខ្លួនថាប្រទេសជាតិពិតជាមានការរីកចម្រើនប្រាកដមែន។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបជូនថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះ សម្រេចវឌ្ឍនភាពការងារបាន៩០,៩៥% ហើយគិតត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ត្រៀមនឹងបញ្ចប់ដាក់ឱ្យប្រើប្រាស់សាកល្បងនៅខែកក្កដា ឆ្នាំ២០២២ខាងមុខ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលវេលាសមស្របក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

បន្ថែមពីលើនេះ លោកទេសរដ្ឋមន្ត្រី បានសម្តែងនូវជំនឿយ៉ាងមុតមាំថា ផ្លូវនេះនឹងចូលរួមចំណែកក្នុងការជម្រុញឱ្យប៉ូលសេដ្ឋកិច្ចភ្នំពេញ និងប៉ូលសេដ្ឋកិច្ចក្រុងព្រះសីហនុ មានការរីកចម្រើនលឿនជាងធម្មតាដោយ សារការធ្វើដំណើរឆាប់រហ័ស កាត់បន្ថយចំណាយ កាត់បន្ថយពេលវេលា និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៤។ លោកទេសរដ្ឋមន្ត្រី បានបន្ថែមទៀតថា រាជរដ្ឋាភិបាលកំពុងសិក្សាធ្វើផែនការមេដើម្បីឱ្យខេត្តព្រះសីហនុ ក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ហើយផ្លូវល្បឿនលឿននេះនឹងចូលរួមបម្រើផែនការមេនេះ ក្នុងការទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិបន្ថែមទៀត៕

https://kronglungvek.com.kh

No comments

Powered by Blogger.