Header Ads

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា មាននិមិត្តសញ្ញា «ទេវតា» ហើយសម្តេច​នៅតែជាបេក្ខភាពនាយករដ្ឋមន្ត្រីក្នុងការបោះឆ្នោតឆ្នាំ២០២៣


ភ្នំពេញ

ដោយៈ សេង ស៊ីដារ៉ូ


សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា មាននិមិត្តសញ្ញា «ទេវតា» ហើយសម្តេច​នៅតែជាបេក្ខភាពនាយករដ្ឋមន្ត្រីក្នុងការបោះឆ្នោតឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរៀបចំលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី​នាពេល​អនាគតគឺជាការរៀបចំទុកជាមុន ដើម្បីបញ្ចៀសការកើតបញ្ហាជាយថាហេតុណាមួយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា កាលពីពេលមុនគោលនយោបាយដែលសម្តេច​បានដាក់​ចេញ គឺសេចក្តីត្រូវការនិងការផ្គត់ផ្គង់ស្បៀងអាហារដល់ប្រជាពលរដ្ឋ។តែពេលនេះមានការប្រែប្រួល​ដាច់​ស្រឡះ​បើធៀបនឹងពេលមុនដោយតម្រូវការមានកាន់តែច្រើន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចកំពុងពិចារណាឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញ​វត្ថុ រៀបចំ​ដាក់យុទ្ធសាស្ត្របន្ថែមទៅលើបញ្ហាប្រេងឥន្ធនៈ ដោយចង់ឱ្យមានរៀប​ចំស្តុកយុទ្ធសាស្ត្រលើ​បញ្ហា​ប្រេង ដើម្បី​​ឆ្លើយតប សេចក្តីត្រូវការ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ម៉ោងនេះកម្ពុជា កំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់​ទី​កន្លែង តែ​សម្រាប់នៅអ៊ុយក្រែន និងបណ្តាប្រទេសមួយចំនួនកំពុងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ។ នៅ​កម្ពុជា​កាល​ពី៥២ឆ្នាំមុន ក្រោយរដ្ឋប្រហារ ១៨ មីនា ១៩៧០ ក៏ជាពេលកំពុងបំផ្លិចបំផ្លាញ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលមានសង្គ្រាមទើបមើលឃើញ​សារៈសំខាន់នូវ​តម្លៃ​សុខ​សន្តិភាព។សម្រាប់កម្ពុជា បានមើលឃើញសារៈសំខាន់សុខសន្តិភាពតាំងពីឆ្នាំ១៩៧០។ សម្តេច​​តេជោ បានរំលឹកថា កត្តាសន្តិភាពជាចំណុចចាប់ផ្តើមដំបូង បើគ្មានសុខសន្តិភាព គ្មានការអភិវឌ្ឍអ្វីទាំង​អស់នេះ​ដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ មិន​ចំណុះ​លើការ​និយាយនោះទេគឺត្រូវមើលលើសកម្មភាពជាក់ស្តែង។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅម៉ោងនេះ​មិន​មាន​នរណាទៅនិយាយពីសិទ្ធិមនុស្ស និងលទ្ធិ​ប្រជាធិបតេយ្យនៅអ៊ុយក្រែននោះឡើយគឺ​គេនិយាយតែ​រឿងសន្តិភាពប៉ុណ្ណោះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនថាឆ្នាំណានោះទេ​គឺត្រូវការសុខសន្តិ​ភាព​គ្រប់ឆ្នាំ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ធ្វើអ្នកធំមិនមែនស្រួលទេ។ អ្នកធំជាមនុស្សឯកោ ហើយមិនមាន​សិទ្ធិឈឺនោះឡើយ។ 


No comments

Powered by Blogger.