លោកជំទាវ ម៉ែន សំអន បានថ្លែងថា កងកម្លាំងប្រដាប់អាវុធ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការការពារថែរក្សា សុខសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងសូមកុំធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ
ភ្នំពេញ
ដោយៈ សេង ស៊ីដារ៉ូ
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាល បានអញ្ជើញជួបសំណេះសំណាលជាមួយអង្គការមហាជន ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២។
លោកជំទាវ ក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានកិត្តិយសនៃគណបក្សប្រជាជនកម្ពុជា និងជូនពរជ័យឆ្នាំថ្មី ជូនសមាជិក សមាជិកា នៃអង្គពិធី ឱ្យមានសុខភាពល្អ ព្រមទាំងប្តេជ្ញាចិត្តរួមគ្នាយកឈ្នះឲ្យបាន នូវការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខនេះ ។
លោកជំទាវ មានប្រសាសន៍បន្តទៀតថា យើងត្រូវបន្តរក្សាសាមគ្គីភាព និងឯកភាពផ្ទៃក្នុងបក្ស ក្នុងនោះ ថ្នាក់ដឹកនាំគណបក្សត្រូវបន្តសហការ ជាមួយក្រុមការងារ ឲ្យកាន់តែជិតស្និទ្ធ អនុវត្តការងារឱ្យកាន់តែសកម្ម និងមានប្រសិទ្ធភាពខ្ពស់ ជាពិសេសសម្រេចឱ្យបាននូវយុទ្ធសាស្រ្ត "សមាជិកគណបក្សមួយរូប គឺជាសំឡេងគាំទ្រគណបក្សមួយសន្លឹក"។
បន្តការចុះជួបជាមួយសមាជិក សមាជិកា និងមហាជនឱ្យបានជាប់ ជា ប្រចាំ និងដូចភ្លៀងរលឹម ដើម្បីស្វែងយល់ពីស្ថានភាពតម្រូវការ និងជួយ ដោះស្រាយបញ្ហានានា ព្រមទាំងតាមដាន និងឆ្លើយតបឱ្យទាន់ពេល វេលាចំពោះការវាយប្រហារ ឬបាតុភាពនានា ដែលជិះឥទ្ធិពលដល់សតិ អារម្មណ៍មហាជន។
កងកម្លាំងប្រដាប់អាវុធ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការការពារថែរក្សា សុខសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក្នុងអំឡុង ពេលចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ រចនាសម្ព័ន្ធគណក្សគ្រប់ថ្នាក់ អាជ្ញាធរ បេក្ខជនក្រុមប្រឹក្សា ក្រុមការងារ មន្រ្តីបក្សទាំងអស់ សូមកុំធ្វើ ឲ្យប៉ះពាល់ដល់សតិអារម្មណ៍ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅ ទីតាំងដែលខ្លួនបំពេញតួនាទីនៅតាមភូមិ ឃុំនីមួយៗ៕
https://kronglungvek.com.kh

Post a Comment