Header Ads

សម្តេចតេជោ ហ៊ុន សែន សម្ពោធដាក់ឱ្យប្រើប្រាស់ ភូមិកុមារ SOS ខេត្តព្រៃវែង ចំណាយថវិកាសរុប ១,៥៣១,២៤៨ ដុល្លារអាមេរិក

ខេត្តព្រៃវែង

ដោយៈ ហុង ចំណាប់


នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញ​សម្ពោធដាក់ឱ្យប្រើប្រាស់«ភូមិកុមារ SOS» ស្ថិតនៅភូមិលេខ១សង្កាត់​កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

ភូមិកុមារ SOS ព្រៃវែង សាងសង់​លើផ្ទៃដីសរុបជាង ១ម៉ឺនម៉ែត្រក្រឡា ជា​អំណោយរបស់សម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រីក្រសួងមហាផ្ទៃ។ ភូមិកុមារ SOS ព្រៃវែង ចាប់ផ្តើមដំណើរការ​សាង​សង់នោថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ និងបានបញ្ចប់ការសាង​សង់នៅថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០២២ ដោយចំណាយថវិកាសរុប ១,៥៣១,២៤៨ ដុល្លារអាមេរិក។

សម្តេចតេជោ ហ៊ុន សែន ពិតជាមានសេចក្តីរីករាយណាស់ដែលបាន​អញ្ជើញមកសម្ពោធដាក់ឱ្យប្រើប្រាស់ ភូមិកុមារ SOS ព្រៃវែងនាពេល​នេះ ជាពិសេសក្រោមភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការ​អន្តរជាតិ SOS ដើម្បីជាទីពឹងនិងក្តីសង្ឃឹមរបស់កុមារកម្ពុជា។

សម្តេចតេជោ បានមានប្រសាសន៍បន្តថា កម្ពុជាបានធ្វើការងារ​ច្រើន​ទាក់​​ទងទៅនឹងបញ្ហាកុមារ ហើយនៅលើពិភពលោកមានកុមាររង​គ្រោះជាច្រើន ដោយហេតុការណ៍ផ្សេងៗ ដូចប្រទេសកម្ពុជាជាដើម ដោយសារតែរបបប្រល័យពូជសាសន៍ ប៉ុល ពត កម្ពុជាក៏បានបន្សល់នូវ​កុមារ​កំព្រាជាច្រើនផងដែរ។ តែក្រោយពីសង្គ្រាមបានបញ្ចប់ កម្ពុជា​ពិតជាមានមោទនភាពចំពោះកិច្ចប្រឹងប្រែងក្នុងការជួយដល់កុមារកម្ពុជាជាបន្តបន្ទាប់ ដោយមិនទុកកុមាររងគ្រោះជាបន្តទៀតឡើយ។

ជាក់ស្តែង កុមារកំព្រានៅតាមភូមិកុមារ SOS មានកុមារជាច្រើនបាន​ក្លាយ​ទៅជាអ្នកមានជោគវាសនាល្អ មានចំណេះដឹង កើតចេញពីការ​ចិញ្ចឹម​បីបាច់ និងការផ្តល់នូវការអប់រំនៅទីនេះ។

សម្តេចតេជោ បានបញ្ជាក់បន្ថែមថា កុមារដែលចិញ្ចឹមបីបាច់ដោយអង្គ​ការ​កុមារ SOS ប្រមាណ៤នាក់បានក្លាយទៅជាវេជ្ជបណ្ឌិត ៦នាក់ ក្លាយ​ជាវិស្វករ ៧នាក់បានក្លាយជាអ្នកបម្រើការនៅធនាគារ ៣ នាក់ក្លាយជា​ស្ថាបត្យករ ២នាក់បានក្លាយជារចនា និងជាច្រើននាក់ទៀតបានក្លាយ​ជាអ្នកបម្រើការងារក្នុងវិស័យអាជីវកម្ម សេវាបម្រើអតិថិជន និងបម្រើ​ការងារក្នុងជួររាជរដ្ឋាភិបាលផងដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានសាងសង់មជ្ឈមណ្ឌលសម្រាប់កុមារីរង​គ្រោះដោយការរំលោភបំពានពីឪពុក ហើយក៏បានសាងសង់សាលា​រៀន​សម្រាប់កុមារពិការភ្នែក និងកុមារគថ្លង់ផងដែរ។

សម្តេចតេជោ សង្ឃឹមថា អង្គការ SOS នឹងបន្តកិច្ចខិតខំជាមួយកម្ពុជា​ជាបន្តទៀត ក្នុងការជួយដល់កុមារ កំព្រា និងកុមារដែលខ្វះខាតការ​ថែទាំនោះ។ សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះសមិទ្ធ​ផល នៃភូមិកុមារ SOS ព្រៃវែង នាថ្ងៃនេះនិងបានប្រកាសសម្ពោធដាក់​ឱ្យ​ប្រើ​ប្រាស់ភូមិកុមារ SOS ព្រៃវែងចាប់ ពីពេលនេះតទៅ៕

No comments

Powered by Blogger.