សម្ដេចតេជោ ហ៊ុន សែន បានជម្រាបជូន ឯកឧត្តម ហ្សាហ៉ីរូឌីន បាបា សាហ៉ីម ថា ក្នុងនាមជាប្រធានអាស៊ាន អ្វីដែលកម្ពុជាចង់បាន គឺការបើកដំណើរការសេដ្ឋកិច្ចអាស៊ានឡើងវិញ
ភ្នំពេញ
ដោយៈ សេង ស៊ីដារ៉ូ
ឯកឧត្តម ហ្សាហ៉ីរូឌីន បាបា សាហ៉ីម បានគោរពថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឲ្យឯកឧត្តមបានជួបសំដែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តមពិតជាមានកិត្តិយសណាស់ដែលបានមកធ្វើជាឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំនៅ
កម្ពុជា។ រយៈពេលជាងមួយខែកន្លងមកនេះ ឯកឧត្តមសង្កេតឃើញថា ប្រទេសកម្ពុជាមានការអភិវឌ្ឍ និងមានភាពស្រស់ស្អាត និងមន្ត្រីរាជការផ្ដល់នូវកិច្ចសហប្រតិបត្តិការដ៏ល្អ។
សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងសម្ដែងនូវការអបអរសាទរចំពោះ ឯកឧត្តម ហ្សាហ៉ីរូឌីន បាបា សាហ៉ីម ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ប្រចាំនៅព្រះរាជាណាចក្រកម្ពុជានេះ។ សម្ដេចតេជោ បានមានប្រសាសន៍ថា ចំពោះការលើកឡើងរបស់ឯកឧត្តម និងបានលើកទឹកចិត្តឲ្យឯកឧត្តមពិនិត្យមើលសក្តានុពលផ្សេងៗទាំងឡាយដែលប្រទេសទាំងពីរអាចធ្វើបាន ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលមានសារសំខាន់សម្រាប់បំពេញឲ្យគ្នាទៅវិញទៅមក និងចូលរួមចំណែកពង្រីក ពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសយើងទាំងពីរ។
ឯកឧត្តម ហ្សាហ៉ីរូឌីន បាបា សាហ៉ីម បានលើកឡើងថា ប្រទេសប៉ាគីស្ថាន ចាត់ទុកប្រទេសកម្ពុជាជាដៃគូសំខាន់ ហើយបេសកកម្មការទូតរបស់ឯកឧត្តមមកកាន់កម្ពុជានេះ នឹងបន្តសកម្មភាពដែលមានស្រាប់ផង នឹងធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីជំរុញទំនាក់ទំនងលើគ្រប់វិស័យ ក្នុងទិសដៅពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ
រវាងប្រទេសទាំងពីរ ឲ្យប្រសើរឡើងបន្ថែមទៀត។
សម្ដេចតេជោ ហ៊ុន សែន បានជម្រាបទៅ ឯកឧត្តម ហ្សាហ៉ីរូឌីន បាបា សាហ៉ីម ផងដែរថា ក្នុងក្របខណ្ឌអាស៊ាន អ្វីដែលកម្ពុជាចង់បានក្នុងនាមជាប្រធានអាស៊ាន គឺការបើកដំណើរការសេដ្ឋកិច្ចអាស៊ានឡើង
វិញ ក្នុងគ្រាដែលកំពុងរៀនរស់នៅជាមួយនឹងវិបត្តិកូវីដ១៩។
ក្នុងឱកាសនោះ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលប៉ាគីស្ថាន ដែលបានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ហើយបានស្នើដល់រដ្ឋាភិបាលប៉ាគីស្ថានបន្តផ្ដល់អាហារូបករណ៍ជាបន្តទៀត ដល់ប្រទេសកម្ពុជា៕
https://kronglungvek.com.kh

Post a Comment