Header Ads

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអនុញ្ញាតឱ្យរដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យប្រើប្រាស់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនេះបណ្តោះ​អាសន្ន (តម្លៃប្រមាណ២២លានដុល្លារអាមេរិក)

ភ្នំពេញ


ដោយ៖ សេង ស៊ីដារ៉ូ


សម្តេចតេជោ ហ៊ុន សែន បានថ្លែងអនុញ្ញាតឱ្យរដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យប្រើប្រាស់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនេះបណ្តោះ​អាសន្ន ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរ​ឆ្លងកាត់ទៅ​វិញ​ទៅមក ក្នុងការប្រកបអាជីវកម្មរបស់ពួកគាត់។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការរាជធានី បានប្រាប់ឱ្យដឹង​ថា រដ្ឋបាលរាជធានីភ្នំពេញបានដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន នូវ​ការធ្វើចរាចរណ៍យានយន្តលើស្ពានអាកាស និងផ្លូវក្រោមដីចោម​ចៅ​នេះ កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២២។

លោកប្រធានមន្ទីរ ក៏បាន​អំពាវនាវឱ្យប្រជាពលរដ្ឋសូមធ្វើចរាចរណ៍​ដោយ​សេចក្តីរីករាយ និងសុវត្ថិភាព ពិសេសគឺចូលរួមគោរពច្បាប់​ចរាចរណ៍ទាំងអស់គ្នា។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានលើក​ឡើង​​បន្ថែម​ថា តាមបច្ចេកទេស ស្ពានអាកាសនេះត្រូវសាងសង់
ដោយ​បែងចែកជា៣ផ្នែក៖

-ស្ពានទី១៖ ជាស្ពានអាកាសមេតភ្ជាប់ចរាចរណ៍ពីមហាវិថីសហព័ន្ធ​រុស្សី មកផ្លូវ​ជាតិលេខ៣ មានប្រវែងសរុប៤០៨ម៉ែត្រ ទទឹង១៥.៨ម៉ែត្រ ដែលមានចរាចរណ៍ពីរ គឺគន្លងទៅនឹងពីរគន្លងមកជម្រាលស្ពាន ​៤.៥​ម៉ែត្រ និងមានកម្ពស់អតិបរមាដែលអាចចរាចរណ៍ក្រោមស្ពាន​មាន៥.៥​ម៉ែត្រ។

-ស្ពានទី២៖ បំបែកចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់​ចរាចរ​ណ៍ពីមហាវិថីសហព័ន្ធរុស្សីឆ្ពោះទៅវេងស្រេងសម្រាប់ចរាចរណ៍ឯកទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត មាន​ប្រវែង​សរុប ២០២ម៉ែត្រ (ស្ពានអាកាសប្រវែង៤០ម៉ែត្រ ផ្លូវក្រោមដី​ប្រវែង ១១៨ និងផ្លូវលើដីប្រវែង៤៤ម៉ែត្រ) ទទឹង៥.២៥ម៉ែត្រ។

-ស្ពានទី៣៖ ជាស្ពានកោងបត់ឆ្វេងតភ្ជាប់ចរាចរណ៍ពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៣ មានប្រវែងសរុប២០៦ម៉ែត្រ​(ស្ពានអាកាសប្រវែង​៦០​ម៉ែត្រ ផ្លូវក្រោមដីប្រវែង១១៨ម៉ែត្រ និងផ្លូវលើដីប្រវែង ២៨ ម៉ែត្រ)ទទឹង៥.២៥ម៉ែត្រសម្រាប់ចរាចរណ៍ឯកទិសដែលមានមួយគន្លងរថយន្ត និង​មួយ​​គន្លងទោចក្រ យានយន្ត។ ផ្លូវនិងផ្លូវក្រោមដីជាផ្លូវកោង តភ្ជាប់ចរា​ចរណ៍ពីផ្លូវវេងស្រេងមកផ្លូវជាតិលេខ៤ មានប្រវែងសរុប ១៣០ម៉ែត្រ (ផ្លូវក្រោមដីប្រវែង ១៣ម៉ែត្រ និងផ្លូវលើដីប្រវែង១១៧ម៉ែត្រ) ទទឹង ៨.៥ម៉ែត្រ សម្រាប់ចរាចរណ៍ឯកទិសដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។

ផ្លូវលើផ្ទៃដីជាផ្លូវមេតភ្ជាប់ចរាចរណ៍ពីផ្លូវជាតិលេខ៤ មកផ្លូវវេង​ស្រេង​មាន​ប្រវែងសរុប២៣៥ម៉ែត្រ ទទឹង ៨.៥ម៉ែត្រ សម្រាប់ចរាចរណ៍ឯក​ទិស​ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ ផ្លូវក្រោមដីជាផ្លូវតភ្ជាប់ចរាចរណ៍ពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្សី ដែលមានប្រវែងសរុប ៤៧០ម៉ែត្រ ទទឹង៨.៥ម៉ែត្រ សម្រាប់ចរាចរណ៍ឯកទិសដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។

ល្បឿនសុវត្ថិភាព ៤០គីឡូម៉ែត្រក្នុងមួយម៉ោងសម្រាប់ផ្លូវទទឹងទំហំ ទទឹ​ង​ ៨.៥ម៉ែត្រ។ ល្បឿនសុវត្ថិភាព ២៥គីឡូម៉ែត្រក្នុងមួយម៉ោង សម្រាប់​ផ្លូវទទឹងទំហំ៥.២៥ម៉ែត្រ និងទំហំ៥.៥ម៉ែត្រ។ ស្ពានអាកាស និងផ្លូវ​
ក្រោ​ម​​ដីចោមចៅនេះ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា។ស្ពានអាកាសនេះដែរ គឺជាស្ពានអាកាសទី៦នៅប្រទេស​កម្ពុជាដែលមានតម្លៃប្រមាណ២២លានដុល្លារអាមេរិក៕

No comments

Powered by Blogger.