សម្តេចតេជោ ហ៊ុន សែន រំលឹកថា កុំឱ្យព្រំដែនរដ្ឋបាលក្លាយជា ទីតាំងបទល្មើសគ្រឿងញៀន និងចោរកម្ម ដោយសារសមត្ថកិច្ចមើលបំណាំគ្នា ជាពិសេសនៅតាមព្រំដែនប្រទេសកម្ពុជា-ថៃ កម្ពុជា-វៀតណាម និងកម្ពុជា-ឡាវ ក៏អាចជាកន្លែងលាក់ខ្លួនយ៉ាងសំខាន់របស់ក្រុមរកស៊ីខុសច្បាប់ អំពើភេរវកម្ម និងបទល្មើសបច្ចេកវិទ្យា
ខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ
ដោយៈ សេង ស៊ីដារ៉ូ
ខណៈពេលនោះសម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សូមឱ្យអាជ្ញាធរមានការប្រុងប្រយ័ត្នខ្ពស់ នៅតំបន់ព្រំប្រទល់រដ្ឋបាលនៃដែនសមត្ថកិច្ចរបស់ខ្លួន អាជ្ញាធរមិនគួរមើលបំណាំគ្នានោះទេ ហើយបទល្មើសគ្រឿងញៀន និងចោរកម្មផ្សេងៗ តែងតែកើតមានឡើងចំពោះការធ្វេសប្រហែសរបស់សមត្ថកិច្ច។
ត្បិតអីតំបន់នោះជាចន្លោះរវាងរដ្ឋបាលទាំងពីរ ដែលកន្លងមកនៅសម័យសង្គ្រាម ក្រុមកម្លាំងប្រដាប់អាវុធលាក់ខ្លួន ប៉ុន្តែសម័យនេះអាចក្រុមគ្រឿងញៀន និងចោរកម្មលាក់ខ្លួនវិញម្តង។
សម្តេចតេជោ ក៏បានក្រើនរំលឹកថានៅតាមព្រំដែនប្រទេសក៏ដូចគ្នាដែរ ពោលគឺព្រំដែនកម្ពុជា-ថៃ កម្ពុជា-វៀតណាម និងកម្ពុជា-ឡាវ ជាដើម។ តាមព្រំដែននេះ ក៏អាចជាកន្លែងលាក់ខ្លួនយ៉ាងសំខាន់របស់ក្រុមរកស៊ីខុសច្បាប់ផងដែរ ដូចជាការរត់ពន្ធមនុស្ស រត់ពន្ធគ្រឿងញៀន និងរត់ពន្ធទំនិញខុសច្បាប់ជាដើម ដែលទាមទារឱ្យរដ្ឋបាលគ្រប់គ្រងដែនដីមានការប្រុងប្រយ័ត្នខ្ពស់បំផុត។
កាលពីដើមខែមករា ឆ្នាំ២០២២ ក្រសួងមហាផ្ទៃ ក៏បានអះអាងថានឹងបន្តប្តេជ្ញាបង្រ្កាបបទល្មើសគ្រប់ប្រភេទនៅតាមបន្ទាត់ព្រំដែន ជាពិសេសបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន ការជួញដូរមនុស្ស និងបញ្ហាសំខាន់ៗមួយចំនួនទៀតជាមួយប្រទេសឡាវ និងប្រទេសវៀតណាម។
ការប្តេជ្ញានេះ ធ្វើឡើងក្នុងជំនួបកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី កម្ពុជា ឡាវ និងវៀតណាម លើកទី៣ ដោយក្រសួងប្រកាសព័ត៌មានថា ភាគីទាំងបី នឹងត្រូវផ្តោតលើការងារសំខាន់ៗមួយចំនួន រួមមានជាអាទិ៍៖ ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខទ្វេភាគី និងត្រីភាគី ក៏ដូចជាបង្រា្កបនូវបទល្មើសគ្រប់ប្រភេទឆ្លងកាត់ព្រំដែន ជាពិសេសបទល្មើសពាក់ព័ន្ធគ្រឿងញៀន ការជួញដូរមនុស្ស ការរត់ពន្ធមនុស្ស អំពើភេរវកម្ម និងបទល្មើសបច្ចេកវិទ្យា ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមបានល្អ៕
https://kronglungvek.com.kh

Post a Comment