Header Ads

ប្រជាពលរដ្ឋនៅក្រុងតាខ្មៅ ថា ផ្កាតែ និងផ្កាមង្ឃុត ងាយស្រួលដាំ មាន​ទីផ្សារ និងរកចំណូលបានច្រើន

ខេត្តកណ្តាល


ដោយៈសេង ស៊ីដារ៉ូ


ប្រភេទផ្កាតែ និងផ្កាមង្ឃុត ជារុក្ខជាតិម៉្យាងមានស្លឹកល្អិតតូចៗមានផ្កាស​ងាយ​នឹងបណ្តុះបង្កាត់ពូជ ដែលប្រជាពលរដ្ឋក្នុងក្រុងតាខ្មៅចូលចិត្តដាំ ព្រោះផ្កានេះ ទទួលបានផលនិងរកចំណូលបានច្រើនពីការលក់​ផ្កាតែ​នេះ​​ជារៀងរាល់ឆ្នាំ ទើបធ្វើតម្លៃផ្កាមួយនេះ មានតម្លៃថេរ និងជួយផ្គត់
ផ្គង់​ដល់​ជីវភាពប្រចាំថ្ងៃពួកគាត់ល្អផងដែរ។

អ្នកស្រី អ៊ីម រស់នៅក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល បានប្រាប់ឱ្យដឹងថា ផ្កាទាំងពីរប្រភេទនេះងាយស្រួលដាំខ្លាំងណាស់ ហើ​យ​មិនពិបាករកទីផ្សារនោះទេ ដោយមានឈ្មួញកណ្តាលមកទិញបន្ត​ជា​រៀងរាល់ថ្ងៃ។ ផ្កាទាំងនេះ ភាគច្រើនតែដាំដាក់កូនថង់ ដោយការបណ្តុះ​បង្កាត់ពូជមកពីមែកចាស់ៗរបស់វាការដាំត្រូវដាក់ជីអង្កាម និងស្រោច​ទឹក​ជារៀងរាល់ថ្ងៃជាការស្រេច។

អ្នកស្រី អ៊ីម បានបន្ថែមទៀតថា ការដាំផ្កាដាក់កូនថង់នេះ មានរាប់លាន​កូន ដោយផ្កាមួយកូនថង់តម្លៃលក់ចេញត្រឹមតែ២៥០រៀល និងប្រភេទ​ថង់កណ្តាលផ្កានេះអាចលក់បាន ៥០០រៀលក្នុងមួយថង់ ហើយពេល​ដែលឈ្មួញមកទិញត្រូវការរាប់ម៉ឺនថង់ឯណោះ។

លោក សុន រស់នៅក្នុងសង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ក៏បាន​មានប្រសាសន៍បន្ថែមថា ផ្កាតែ និងផ្កាមង្ឃុត ក្នុងកន្លែងស្តង់គាត់​ភាគ​ច្រើន​បណ្តុះដាក់ថង់ធំ ដែលអាចលក់បានមួយថង់ ៣០០០រៀល ហើយ​ឈ្មួញចាំតែយក នៅពេលដែលផ្កាទាំងនោះចាក់ឫសហើយ។ ពូជផ្កាតែ និងផ្កាមង្ឃុតវាមានអាយុកាលវែងអាចមានកម្ពស់ត្រឹមទ្រូងមានផ្កាពណ៌សដេរដាសដូចជាផ្កាម្លិះដែរ។

ប្រជាពលរដ្ឋដែលចាប់យកអាជីវកម្មដាំផ្កានេះ មានភូមិព្រែកហូរ ភូមិតា​ក្តុល ភូមិព្រែកឫស្សី ភូមិខ្ពបវែង ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ប្រមាណ​ជា​៣០ភាគរយដែលដាំផ្កាទាំងនេះជារៀងរាល់ឆ្នាំ ដោយសារប្រភេទ​ផ្កា​នេះងាយស្រួលដាំ ងាយរកទីផ្សារ សម្រាប់លម្អផ្ទះសំបែង និងដាំលម្អ​ក្នុងវត្តអារាម ជាដើម៕

https://kronglungvek.com.kh

No comments

Powered by Blogger.