សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធជាផ្លូវការ អគាររដ្ឋបាល និង សាលប្រជុំទីស្តីការក្រសួងការពារជាតិ នេះ គឺចំខួបលើកទី២៣ឆ្នាំ នៃ ភាពជោគជ័យនូវសន្តិភាពពេញលេញ នៃនយោបាយឈ្នះ!ឈ្នះ! របស់ សម្តេច (២៩ ធ្នូ ១៩៩៨ និង ២៩ ធ្នូ ២០២១)
ភ្នំពេញ
ដោយៈ សេង ស៊ីដារ៉ូ
នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ នៅវិមានឈ្នះឈ្នះក៏នឹងមានពិធីអបអរសាទរខួបទី២៣ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងមានការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចពិជ័យសេ
នា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ផងដែរ។
អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពារជាតិថ្មីនេះ ត្រូវបានសាងសង់នៅលើទីតាំងចាស់ដែលមានទទឹងប្រវែង២៨ម៉ែត្រ បណ្តោយប្រវែង ១៩១ម៉ែត្រ និងកម្ពស់ ៣២ម៉ែត្រ មានចំណតរថយន្តនៅជាន់ក្រោមដីមួយជាន់ដែលអាចចតរថយន្តបានចំនួន១៥០គ្រឿង សរុបផ្ទៃក្រឡាប្រើប្រាស់រួម ទូទាំងអគារមាន ៣០,៩៧៩ម៉ែត្រការ៉េ (ស្មើនឹង១០ដងនៃទំហំអគារចាស់)។
អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពារជាតិថ្មី បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ដែលតាមគម្រោងផែនការសាងសង់មានរយៈពេល៣៦ខែ និងបញ្ចប់ការដ្ឋាននៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។
ដោយសារវិបត្តិកូវីដ១៩ ការសាងសង់ត្រូវបានស្នើសុំពន្យាកិច្ចសន្យារយៈពេល៤ខែ ដូច្នេះការដ្ឋានត្រូវពន្យារហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ទើបបានបញ្ចប់។
អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពារជាតិថ្មី ត្រូវបានបញ្ចូលរចនាបទខ្មែរទៅក្នុងសោភ័ណភាពនៃសំណង់ ដែលមានរចនារៀបចំឱ្យមានស្លាបឆ្វេង ស្លាបស្តាំ និងតួកណ្តាលដែលយកដើមជ្រៃធ្វើជាអ័ក្សដូចបណ្តាសំណង់បុរាណតែងតែកសាងមានអ័ក្សដូច្នោះដែរ។
អគាររដ្ឋបាល សាលប្រជុំទីស្តីការក្រសួងការពារជាតិថ្មីចែកចេញជា៣ផ្នែករួមមាន៖
១. ផ្នែកខាងកើត ឬ (ស្លាបឆ្វេង ) រៀបចំជាតំបន់ធានា និងការពារជាពិសេស (ពេលមានភ្លៀង) រៀបចំធ្វើជាបន្ទប់ប្រជុំតូច ធំ រៀបចំជាបន្ទប់សវនាការតូចធំ, រៀបចំទីធ្លាសន្និសីទកាសែត និងសាលប្រជុំធំដែលមានសមត្ថភាពធានារៀបចំអង្គប្រជុំចំណុះបាន ១,០០០នាក់ ដែលអាចធានាឱ្យរាល់ពិធីការ និងការប្រជុំថ្នាក់ជាតិ អន្តរជាតិនានា។
២. ផ្នែកកណ្តាល រៀបចំជាទីធ្លាបដិសណ្ឋារកិច្ច និងរង់ចាំទទួលភ្ញៀវ (Lobby) នៅជាន់ផ្ទាល់ដី, នៅទីធ្លាជាន់ទី១ រៀបចំជាទីធ្លាសម្រាប់ពិធីត្រួតពល កងកិត្តិយស ។
៣. ផ្នែកខាងលិច ឬ (ស្លាបស្តាំ) រៀបចំជាសាលពិព័រណ៍, ជាបន្ទប់រក្សាឯកសារ, ជាទីកន្លែងបម្រើការធានាសន្តិសុខសុវត្ថិភាពជាការិយាល័យធ្វើការថ្នាក់ដឹកនាំ ក្រសួងការពារជាតិ និងបណ្តាការិយាល័យសំខាន់ចាំបាច់មួយចំនួនផ្នែកខាងលិចនេះ មានចំនួន៦ជាន់ (គិតទាំងជាន់ផ្ទាល់ដីផង)។
នាយឧត្តមសេនីយ៍ ឈុំ សុផាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បញ្ជាក់ប្រាប់ឱ្យដឹងថា ពិធីសម្ពោធនេះត្រូវបានប្រារព្ធឡើងចំនឹងខួបលើកទី២៣ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលក្រោមនយោបាយ ឈ្នះ ឈ្នះ នេះបានធ្វើឱ្យមាតុភូមិកម្ពុជាទទួលបាននូវសន្តិភាព និងការឯកភាពជាតិពេញលេញរហូតមកដល់សព្វថ្ងៃ ហើយសម្រាប់នៅយប់ថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០២១ ក្រសួងការពារជាតិក៏នឹងមានកម្មវិធីបាញ់កាំជ្រួចជាកិច្ចអបអរសាទរខួបទី២៣ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នៅវិមានឈ្នះឈ្នះផងដែរ៕
https://kronglungvek.com.kh
Post a Comment