Header Ads

សភានៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំភាពជាដៃគូ​សភាអាស៊ី-អឺរ៉ុបលើកទី ១១

ភ្នំពេញ


ដោយៈ សេង ស៊ីដារ៉ូ


ការពីម្សិលមិញផេកសម្តេច ហេង សំរិន បានចុះផ្សាយថា សភាកម្ពុជា​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១។

សភានៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំភាពជាដៃគូ​សភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP11) នៅថ្ងៃទី១៦ ខែវិចិ្ឆកា តាមប្រព័ន្ធ​វីដេអូ ក្រោមមូលបទ “ការលើកកម្ពស់ភាពជាដៃគូសភា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ទាំងក្នុងសម័យ និងក្រោយវិបត្តិកូ​វីដ-១៩”។

កិច្ចប្រជុំភាពជាដៃសភាតំបន់អាស៊ី-អឺរ៉ុបនេះ ជាផ្នែកសំខាន់មួយ​នៃកិច្ច​ប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) ដែលរាជរដ្ឋាភិបាល​កម្ពុជា​នឹងធ្វើជាម្ចាស់ផ្ទះនៅចុងខែវិច្ឆិកានេះ។ ASEP ជាវេទិកាមួយដ៏សំខាន់ សម្រាប់ជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងទ្វីបអាស៊ី និង​អឺរ៉ុប ដោយផ្តោតលើការពង្រឹងភាពជាដៃគូ សំដៅលើកកម្ពស់សន្តិភាព សន្តិសុខ វឌ្ឈនភាពសង្គម ប្រកបដោយចីរភាព។

ការរៀបចំព្រឹត្តិការណ៍សំខាន់ទំាងពីរនេះ ASEP និង ASEM ជាមោទន​ភាព​​សម្រាប់ព្រះរាជាណាចក្រកម្ពុជាទំាងមូល បង្ហាញពីតួនាទីសំខាន់​លើឆាកអន្តរជាតិ និងការរួមចំណែកយ៉ាងសកម្មរបស់កម្ពុជា​នៅក្នុង​វិស័យការបរទេស ក្នុងការពង្រឹងវប្បធម៌សន្ទនា ការថែរក្សាសន្តិភាព ការជួយជំរុញលើកកម្ពស់ពហុភាគីនិយម និងការថែរក្សាសណ្តាប់​ធ្នាប់អន្តរជាតិ។

ក្រៅពីការងារស្នូលនៃកិច្ចប្រជុំ ដែលត្រូវពិភាក្សាលើបញ្ហាកំពុងប្រឈម​របស់ពលរដ្ឋនៅក្នុងតំបន់ទាំងពីរ ក៏ដូចជាបញ្ហាសកល ដែលក្នុងនោះ​រួម​មានបញ្ហា ជំងឺរាតត្បាត អសន្តិសុខ ពាណិជ្ជកម្ម បរិស្ថាន សង្គម សេដ្ឋ​កិច្ច ជាដើម។ ព្រឹត្តិការណ៍នេះក៏ជាឱកាស​ដែលកម្ពុជាបង្ហាញពីវប្បធម៌ ប្រពៃណីនិងទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្លួនដល់អន្តរជាតិ ពិសេស​ប្រជាពលរដ្ឋនៅទំាងពីរទ្វីប បានដឹងក៏ដូចជាការទាក់ទាញ ទំាងអ្នក​ទេសចរណ៍ និងវិនិយោគឱ្យមកទស្សនានិងបណ្តាក់ទុនបន្ថែមទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ស្របពេលដែលកម្ពុជាកំពុងបើក​ប្រ​ទេសឡើងវិញក្រោយពីវិបត្តិកូវីដ-១៩ ដែលបានអូសបន្លាញជាង២ឆ្នាំ​មកនេះ។

ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១នេះ នៅក្នុងពិធីបើកកិច្ចប្រជុំ ដែលនឹងប្រារព្ធធ្វើឡើងនៅរសៀល​ថ្ងៃទី​១៦ វិច្ឆិកា នេះ ក្នុងនាមស្ថាប័ននីតិប្បញ្ញត្តិ សម្តេចវិបុលសេនាភក្តី សា​យ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដែលជាសហប្រធាន ASEP11និងក្នុងនាមប្រមុខរាជ​រដ្ឋាភិ​បាលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើញ​ថ្លៃងសុន្ទរកថាស្វាគមន៍ សុន្ទរកថាគន្លឹះ និងសុន្ទរកថាបើកកិច្ចប្រជុំជា​ផ្លូវការផងដែរ។ ថ្នាក់ដឹកនាំនិងតំណាងសភានៅក្នុងតំបន់អាស៊ី និងអឺរ៉ុប រួមនឹងអង្គការដៃគូជាង៣០ប្រទេស និងស្ថាប័នដៃគូ នឹងចូលរួមកិច្ចប្រជុំ ដ៏មានសារៈសំខាន់នេះ៕

https://kronglungvek.com.kh


No comments

Powered by Blogger.