ពិធីបុណ្យចូលឆ្នាំខ្មែរបីថ្ងៃ មានប្រវត្តិ និងមានអត្ថន័យយ៉ាងណាដែរ?
ភ្នំពេញៈ
ដោយ៖ សេង ស៊ីដារ៉ូ
ពីធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ មានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ១៤ដល់ ថ្ងៃទី១៦ ខែមេសា គ.ស ២០២១ដោយផ្តោតលើអត្ថន័យយ៉ាងជ្រាល ជ្រៅ។ ថ្ងៃទី១ជាថ្ងៃសង្ក្រាន្ត ឬថ្ងៃចូល ថ្ងៃទី២ជា វារវ័នបត ឬថ្ងៃខ្វាក់ និងថ្ងៃទី៣ជាថ្ងៃឡើងស័ក។
ចលនារបស់ព្រះអាទិត្យឆ្លងកាត់កញ្ចុំផ្កាយឬរាសីណាមួយត្រូវការពេលបីថ្ងៃឆ្លងកាត់ទើបបានពេញលេញចូលក្នុងរាសីនោះ។ម៉្យាងទៀតរាសី នីមួយៗមិនមែនចែកកញ្ចុំផ្កាយឲ្យស្មើគ្នានោះទេ មានន័យថា ការចែក ជាចម្រៀករង្វង់ឬរាសីចក្រសម្រាប់កញ្ចុំផ្កាយនីមួយជាការសន្មតបែបតារាសាស្ត្រ ក្នុងការគណនាថ្ងៃខែឆ្នាំចន្ទគ្រាស សូរ្យគ្រាសជាដើម។
ថ្ងៃទី១ព្រះអាទិត្យចេញពីកញ្ចុំផ្កាយ ខែមីនាឬមីនរាសី ចូលមកក្នុងកញ្ចុំ ផ្កាយខែមេសាឬមេសរាសី។ ថ្ងៃទី២ព្រះអាទិត្យស្ថិតនៅពាក់កណ្តាល រវាងរាសីទាំងពីរ (មីនរាសី និងមេសរាសី) ចំណែកថ្ងៃទី៣ជាថ្ងៃដែល ព្រះអាទិត្យចូលពេញក្នុងមេសរាសី។ វេលាដែលព្រះអាទិត្យចូលពេញក្នុងរាសីនេះគេហៅថាថ្ងៃឡើងស័ក។
ប្រតិទិនខ្មែរកំណត់ស័កចំនួន១០៖
ឯកស័ក, ទោស័ក ,ត្រីស័ក, ចត្វាស័ក, បញ្ចស័ក, ឆស័ក, សប្តស័ក, អដ្ឋស័ក, នព្វស័ក, និងសំឫទ្ធិស័ក (សំរិទ្ធិស័ក) ។
ស័កនេះ ប្រើជាមួយឆ្នាំហើយមានប្រព័ន្ធគោល៦០ឆ្នាំជាមួយជុំ។ ឧទាហរណ៍ គ្រិស្តសករាជ ២០២០ ត្រូវនឹងឆ្នាំជូតទោស័ក, ដូច្នេះ គេត្រូវរង់ចាំ៦០ឆ្នាំទៀតទើបចូលមកដល់ឆ្នាំជូតទោស័កវិញ។
ប្រព័ន្ធ៦០នេះ ក៏ប្រើក្នុងប្រតិទិនចិនដែរ តែប្រើផ្សេងពីរបៀបខ្មែរ។ ចំពោះប្រព័ន្ធ៦០នេះ អ្នកស្រាវជ្រាវប្រតិទិនក៏ដូចជាក្បូនហុង ស៊ុយ (Feng Shui)ចិនខ្លះយល់ថាដំបូងឡើយជនជាតិចិនប្រើដើម្បី កំណត់ ថ្ងៃប៉ុណ្ណោះតែក្រោយមកប្រហែលសតវត្សរ៍ទី៣មុនគ្រិស្តសករាជប្រើសម្គាលថ្ងៃនិងឆ្នាំ។
គេបានប្រើផ្សំគ្នារវាងធាតុធម្មជាតិនិងឈ្មោះសត្វទាំង១២ដើម្បីបង្កើតជាឈ្មោះឆ្នាំដូចជាឆ្នាំមមែទឹកឆ្នាំនាគភ្លើងចាដើម។ ធាតុធម្មជាតិមាន៥គឺ ឈើ,ភ្លើង , ដី , មាស,ទឹក។
ជនជាតិចិនបានបញ្ចូលធាតុញីឈ្មោល(Ying,Yang)ទៅក្នុងធាតុធម្មជាតិ ឧទាហរណ៍៖ ធាតុឈើញី ធាតុឈើឈ្មោលជាដើម។
ដូច្នេះគេមានធាតុចំនួន១០។ឆ្នាំនីមួយៗត្រូវឆ្លងកាត់ធាតុធម្មជាតិណា មួយចំនួន៦ដងនិងសត្វណាមួយចំនួន៥ដង។ តាមរយៈការផ្សំគ្នានេះ គេបានប្រព័ន្ធគោល៦០នៃប្រតិទិន។
ចំណុចនេះមានលក្ខណៈមួយបែបម្នាក់នឹងប្រតិទិនខ្មែរ ដោយជនជាតិ ខ្មែរប្រើ«ស័ក»ចិនប្រើ «ធាតុ» ហោរាសាស្ត្រខ្មែរក៏មានធាតុធម្មជាតិ និងធាតុញីធាតុឈ្មោលដែរតែមិនប្រើរបៀបដូចចិនឡើយ។
លំដាប់ឈ្មោះឆ្នាំទាំង១២ រាប់ពីជូតដល់កុរ របស់ខ្មែរនិងចិន គឺដូចគ្នាទាំងស្រុង។
ការពិចារណាបឋមយើងសង្កេតឃើញឈ្មោះសត្វនៃប្រតិទិនរបស់ចិនស្ទើរតែពាក់កណ្តាលអាចទាក់ទងនិងភាសាមនខ្មែរ។
ម៉្យាងទៀតក្នុងភាសាចិន «នាន» (Nian) មានន័យថា «ឆ្នាំ» ដែលពាក្យ «នាន»នេះ មានសូរប្រហាក់ប្រហែលគ្នានឹងភាសាជាច្រើនក្នុងក្រុមភាសាមនខ្មែរ។
ប្រវត្តិនៃការដាក់ឈ្មោះឆ្នាំទាំង១២របស់ចិនមានលក្ខណៈជារឿងព្រេង។ នៅក្នុងប្រទេសកម្ពុជាការប្រើឈ្មោះសត្វទាំង១២ជាតំណាងឆ្នាំ ហើយសង្កេតឃើញមានប្រើក្នុងរាសីចក្រក្នុងប្រតិទិននៃសិលាចារឹកសម័យអង្គរ។
ការចូលឆ្នាំរបស់ជនជាតិខ្មែរក៏ដូចជាការចូលឆ្នាំរបស់ជនជាតិឯទៀតក្នុងលោកជាប់ទាក់ទងជាពិសេសនឹងប្រវត្តិសាស្ត្រនិងតារាសាស្ត្រដែលបង្កប់ដោយភាពអាថ៌កំបាំងជាច្រើនដែលទាមទារឲ្យមានការស្រាវជា្រវល្អិតល្អន់៕

Post a Comment