Header Ads

ខ្មែរបុរាណ បានយល់ឃើញថា ការកកើតទឹកដីតាមរយៈ «រឿងព្រះថោងនាងនាគ» ឬ «នគរគោកធ្លក»

 ដោយ៖ សេង ស៊ីដារ៉ូ

ខ្មែរមានជំនឿថា នាគជាសត្វមានអានុភាព និងឫទ្ធានុភាពយ៉ាងខ្លាំង ហើយរូបនាគនេះ គេទុកជាភស្តុតាងតាមចម្លាក់នានា​តាំងពីដើមសត​វត្សរ៍​ទី៧។

ជំនឿនិងការលម្អរូបនាគទាំងនេះ ត្រូវបានគេជឿថា ជាការបញ្ចូលគ្នា​រវាង​ទេវកថាឥណ្ឌា ជាមួយនឹងជំនឿក្នុងសង្គមខ្មែរ។
រូបនាគបានលេចឡើងដំបូងគេបង្អស់នៅលើផ្តែនៃប្រាង្គកណ្តាល(S1) របស់ប្រាសាទយាយពន្ធ(សតវត្សរ៍ទី៧) ហើយក្រោយមក​លេចរូប​នាគ​ក្នុងចម្លាក់ផ្តែក្នុងរចនាបថព្រៃក្មេង(សតវត្សរ៍ទី៨) ដោយមានឈ្មោះថា នាគអនន្តដែលមានព្រះនរាយណ៍ផ្ទុំចាំបង្កើតពិភពលោកថ្មីៗ។

តាំងពីពេលនោះមករូបចម្លាក់នាគមានបង្ហាញកាន់តែញឹកញាប់នៅក្នុងរចនាបថក្រោយៗ។ ការឆ្លាក់រូបនាគត្រូវបានគេយកទៅរចនាជាស្ពាន និងលម្អលើគ្រឿងសំណង់ផ្សេងៗ ដូចជា ផ្តែ និងហោជាងប្រាសាទ និងដំបូលព្រះវិហារជាដើម។

ជាភាសាសំស្ក្រឹត «នាគ» មានន័យត្រង់ថា «ពស់» តែបើជាន័យធៀប​គឺមានន័យថា «ប្រសើរ ចម្បង បរិសុទ្ធ »។

ខ្មែរបានផ្តល់អត្ថន័យនៃការកកើតទឹកដីយ៉ាងជ្រាលជ្រៅតាមរយៈ «រឿងព្រះថោងនាងនាគ» ឬ «នគរគោកធ្លក» ក្នុងរឿងនេះ នាគជា​សត្វពិសិដ្ឋនិងជាបុព្វបុរសរបស់ខ្មែរ។

ស្តេចភុជង្គនាគនៃនគរគោកធ្លកបានផឹកទឹកសមុទ្រកើតជាដី ដើម្បីជាអំ​ណោយជូនចំពោះនាងនាគ និងព្រះថោង​ហើយកើតជាប្រទេស កម្ពុជា​តរៀង​មក។

មានរឿងមួយទៀតដែលបានកត់ត្រាដោយ ជីវ តាក្វាន់ អ្នកការទូតចិន កាលពីសម័យអង្គរនៅសតវត្សរ៍ទី១៣ បានសរសេរអំពីរឿងមួយ​ដែល​ថាជារៀងរាល់យប់ព្រះមហាក្សត្រត្រូវយាងឡើងទៅលើប្រាសាទភិមានអាកាសនៅក្នុងព្រះបរមរាជវាំង ដើម្បីផ្ទុំជាមួយនាងនាគ ហើយបើយប់​ណាដែលព្រះអង្គមិនបានយាងឡើងទៅលើ នោះទេ គេមានជំនឿហេតុ​ភេទអាក្រក់នឹងកើងឡើងនៅក្នុងស្រុក។

នាគ «ពាសុ» គឺត្រូវបានស្គាល់តាមរយៈ «រឿងកូរសមុទ្រទឹកដោះ» របស់​ព្រាហ្មញ្ញសាសនា ដើម្បីស្វែងរកទឹកអម្រឹតដែលអាចជួយ​ឲ្យ​គ្រប់គ្រងលើ ភពទាំងឡាយនៃចក្រវាឡ ព្រមទាំងឲ្យជីវិតអមតៈផង។រីឯនៅក្នុងសង្គមខ្មែររឿងនេះក៏មានភាពល្បីរន្ទឺផងដែរ។

ដូចមានបង្ហាញតាមរយៈផ្ទាំងចម្លាក់នៅប្រាសាទអង្គរវត្តក្នុងរជ្ជកាលរបស់ព្រះបាទសូរ្យវរ្ម័នទី២ (សតវត្សរ៍ទី១២) បានឆ្លាក់ទេវកថានៅលើ​ជញ្ជាំង​ដែលមានប្រវែងប្រមាណជាង៥០ម៉ែត្រ ដែលនិទានអំពីរឿងកូរ​សមុទ្រ​ទឹកដោះ ជានិមិត្តរូបនៃការបង្កើត​លោក។ ក្រៅពីនោះមាននៅ​ប្រាសាទ​បាយ័ន និងប្រាសាទបន្ទាយឆ្មារ ជាពិសេស គឺចម្លាក់នៅស្ពានចូល​រាជ​ធា​នី​​អង្គរ​ធំ។

រូបនាគជាបង្កាន់ដៃស្ពានឬផ្លូវ ចូលប្រាសាទតំណាងឲ្យទឹកឬឥន្ធធនូ ដែលជាស្ពានចម្លងមនុស្សពីឋានមួយទៀតពោលគឺចម្លងទៅឋានទេវតា។

ចាប់ពីរចនាបថព្រះគោដែលមាននាគលេចឡើងជាលើកដំបូងក្នុងស្ថាបត្យកម្ម(ប្រាសាទបាគងហេតុមកដល់ពាក់កណ្តាលរចនាបថបាពួនតាមការប្រហាក់ប្រហែល(ប្រាសាទព្រះវិហារ)។

ការវិវត្តន៍របស់នាគបង្កាន់ដៃត្រូវបានកត់សម្គាល់តាមរយៈការធ្វើក្បាលនាគបើកពពារ គឺចាប់ពីប្រាសាទ មឿតាំ(ប្រទេសថៃ) ដែលបង្កាន់ដៃពិត​ប្រាកដបានលេចឡើងដោយខ្លួននាគ និងក្បាលមានបើកពពារដូច​នាគ​នៅប្រាសាទប្រះវិហារ។ រចនាបថបាយ័នមានគំរូច្រើនខុសៗគ្នា ដែលមានតួនាទីប្រើប្រាស់ជាបង្កាន់ដៃ៕

No comments

Powered by Blogger.