ក្រសួងអភិវឌ្ឍនជនបទ បើកព្រឹត្តិការណ៍រៀនសូត្រថ្នាក់ជាតិ ស្តីពីការចែករំលែក និងដកស្រង់បទពិសោធន៏ ការអនុវត្តកម្មវិធីផ្ទេរមុខងារ តាមបែបវិមជ្ឈការ
ភ្នំពេញៈ
ដោយ៖ ហុង ចំណាប់
![]() |
លោកស្រី Inga Elizabeth Hawley នាយិកានៃអង្គការអភិវឌ្ឍន៍ហូឡង់ មានចំណាប់អារម្មណ៍ និងផ្តល់នូវយុទ្ធសាស្រ្តគន្លឹះ
ពាក់ព័ន្ធនឹងព្រឹត្តិការណ៍រៀនសូត្រថ្នាក់ជាតិ ស្តីពីការចែករំលែក
និងដកស្រង់បទពិសោធន៏ការអនុវត្តកម្មវិធីផ្ទេរមុខងារ ផ្តល់សេវាអនាម័យជនបទ
តាមបែបវិមជ្ឈការដល់រដ្ឋបាលថ្នាក់ក្រោមជាតិនេះ។
លោក សួស គង់ បានថ្លែងនូវអំណរគុណ ចំពោះវត្តមានរបស់សិក្ខាកាមទាំងអស់
ក្នុងអង្គសិក្ខាសាលា នាថ្ងៃនេះ ដែលបានចូលរួម ក្នុងគោលបំណងចែករំលែក
និងដកស្រង់មេរៀន បទពិសោធន៏ តាមរយៈជំនួយការបច្ចេកទេស ក្នុងការអនុវត្តគម្រោងផ្ទេរមុខងារអនាម័យជនបទ
តាមបែបវិមជ្ឈការដល់ថ្នាក់ក្រោមជាតិ ទាំងដំណាក់កាលទី១ និងទី២ ដើម្បីរកឲ្យឃើញនូវភាពជោគជ័យ បញ្ហាប្រឈម ព្រមទាំងយន្តការសម្របសម្រួលរបស់ក្រុមការងារវិមជ្ឈការ
និងវិសហមជ្ឈការរបស់ក្រសួងអភិវឌ្ឍន៍ជនបទ អង្គភាពវិភាគនិងអភិវឌ្ឍន៍គោលនយោបាយ
នៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ
(គ.ជ.អ.ប) និងអគ្គនាយកដ្ឋានរតនាគារជាតិ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោក សួស គង់ រដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់ថា
ការអនុវត្តការផ្តល់សេវាអនាម័យជនបទ តាមបែបវិមជ្ឈការនេះ
គឺផ្តើមចេញពីយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ និងទី៤ ដើម្បីកំណើន ការងារ សមធម៌
និងប្រសិទ្ធភាព របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ
ហ៊ុន សែន ដើម្បីកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
ផ្តើមចេញពីយុទ្ធសាស្រ្ត ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយនេះ នៅក្នុងឆ្នាំ២០១៤
រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តផែនការយុទ្ធសាស្រ្តជាតិ សម្រាប់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ
ឆ្នាំ២០១៤-២០២៥ ដែលបានកំណត់ថា
នាឆ្នាំ២០២៥ ការគ្របដណ្តប់វិស័យអនាម័យជនបទ ត្រូវធានាឲ្យបាន ១០០% ដល់ប្រជាពលរដ្ឋទូទាំងប្រទេស។
ក្រសួងអភិវឌ្ឍន៍ជនបទ
ដែលមានក្រុមការងារវិមជ្ឈការ និងវិសហមជ្ឈការ ទទួលស្គាល់ថា គោលនយោបាយកំណែទម្រង់វិមជ្ឈការ
និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល ពិតជាមានរបៀបវារៈដ៏សំខាន់ក្នុងការពង្រឹង និងបង្ខិតការផ្តល់សេវាជូនដល់ប្រជាពលរដ្ឋ
ឲ្យកាន់តែមានប្រសិទ្ធភាព មានគុណភាព ទាន់ពេលវេលា មានតម្លាភាព និងមានគណនេយ្យភាព
តាមរយៈការធ្វើប្រតិភូកម្មមុខងារ ពីក្រសួងសា្ថប័នថ្នាក់ជាតិ ទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។
ការកំណែទម្រង់វិមជ្ឈការនៅកម្ពុជា ពាក់ព័ន្ធនឹងការផ្ទេរតួនាទី
ភារកិច្ច និងធនធានទៅថ្នាក់ស្រុក និងឃុំ ដើម្បីឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ អាចអនុវត្តមុខងារសមស្រប
ឆ្លើយតបនឹងតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋ
នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ វិមជ្ឈការមុខងារ នៃការផ្តល់សេវាអនាម័យជនបទ
ត្រូវបានសាកល្បង ពីរដំណាក់កាល ដោយទទួលបាននូវការគាំទ្រមូលនិធិពីធនាគារពិភពលោក
គឺ ដំណាក់កាលទី១ នៅឆ្នាំ២០១៦-២០១៧
និងដំណាក់កាលទី២ ក្នុងឆ្នាំ២០១៨-២០១៩
ដោយមានការគាំទ្រជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៏ហូឡង់ SNV។
លោក សួស គង់ បានបញ្ជាក់បន្ថែមទៀតថា
ចក្ខុវិស័យលើការលើកកម្ពស់វិស័យទឹកស្អាត និងអនាម័យជនបទនៅកម្ពុជា
និងសម្រេចឲ្យបាន ១០០% ត្រឹមឆ្នាំ២០២៥ ដូច្នេះ
ដើម្បីសម្រេចបាននូវគោលដៅនេះសូមឲ្យ តំណាងរដ្ឋបាលខេត្ត
មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត គណៈកម្មការគ្រប់គ្រងទឹកស្អាត
និងអនាម័យជនបទស្រុក និងក្រុមប្រឹក្សាឃុំទាំងអស់
ត្រូវបន្តអនុវត្តយន្តការអនាម័យ ដែលមានស្រាប់ឲ្យទទួលជោគជ័យសំដៅពង្រីក
និងបង្កើនចំនួនភូមិ ឃុំ ស្រុក និងខេត្ត ដែលបានបញ្ឈប់ការបន្ទោរបង់
ពាសវាសពាសកាល ឲ្យបានទូទាំងប្រទេស៕

Post a Comment