រមណីយដ្ឋានវប្បធម៌ភ្នំដោះក្រមុំ ត្រៀមដាក់បញ្ចូល ក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក នាពេលឆាប់ៗនេះ
ខេត្តមណ្ឌលគីរីៈ
ដោយ៖ សេង ស៊ីដារ៉ូ
![]() |
ទិដ្ឋភាពភ្នំដោះក្រមុំ មានលក្ខណៈស្រដៀងគ្នាទៅនឹងភ្នំជាច្រើនទៀត ដែលស្ថិតនៅក្នុងស្រុកសែនមនោរម្យ និងស្រុកអូររាំង នៃខេត្តមណ្ឌលគីរី។
មានបងប្អូនខ្មែរលើ ក៏ដូចជាបងប្អូនខ្មែរកណ្តាល ដែលរស់នៅក្នុងខេត្តមណ្ឌលគីរី បានចាត់ទុកភ្នំដោះក្រមុំ ជាទីកន្លែងសក្ការៈមួយយ៉ាងសំខាន់។ ទន្ទឹមនេះគេបានចាត់ទុក ភ្នំដោះក្រមុំ ជាមជ្ឈមណ្ឌលវប្បធម៌ របស់ព្រះរាជាណាចក្រកម្ពុជា។
តាមការលើកឡើងរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា ភ្នំដោះក្រមុំគ្រោងនឹងដាក់បញ្ចូល ទៅក្នុងសម្បត្តិបេតិភណ្ឌពិភពលោក នាពេលឆាប់ៗនេះ។
តាមជនជាតិដើមភាគតិចយើង មានជំនឿ និងលើកឡើងថា ភ្នំដោះក្រមុំ ទាក់ទងទៅនឹងរឿងព្រេងបុរាណ ហើយពេលនោះ មានបុរសម្នាក់ឈ្មោះ ស្រុះ រស់នៅក្នុងភូមិអូរទ្រូ ស្រុះ តែងតែធ្វើដំណើរជាញឹកញាប់ ទៅលេងបងប្អូននៅត្រពាំងអំបិល ខណៈពេលនោះ ស្រុះ ឃើញនារីម្នាក់ឈ្មោះ ផ្លំ មានរូបសម្បត្តិស្រស់ស្អាតក្នុងភូមិនោះ បន្ទាប់មកបុរសស្រុះក៏ចាប់ចិត្តស្រលាញ់នារី ផ្លំ ហើយមានទំនាក់ទំនងជាមួយនាងរហូតដល់បានស្គាល់ចិត្តគ្នា ។
ស្រុះ បានសុំឪពុកម្តាយ ឲ្យទៅចូលស្តីដណ្តឹងនាង ផ្លំ ដើម្បីរៀបការជាប្តីប្រពន្ធ។ ឪពុកម្តាយនាង ផ្លំ ក៏យល់ព្រមឲ្យកូនរៀបការជាមួយស្រុះ តែពុំទាន់កំណត់ពេលវេលាទេ ព្រោះមង្គលការអចកំណត់ទៅបាន លុះត្រា តែកូនកំលោះអាចរកបណ្ណាការសម្រាប់ជូន ទៅខាងកូនក្រមុំសព្វគ្រប់សិន ដូចជា ក្របី គោ ជ្រូក ពាងសម្រាប់ដាក់ស្រាបឺត ព្រមទាំងគ្រឿងអលង្ការជាដើម។ ក្នុងពេលដែលគ្រួសារ ស្រុះ រកជំនូនបានហើយ ខាងគ្រួសារនាង ផ្លំ ដែលកំពុងត្រៀមលក្ខណៈទទួលកូនកំលោះនោះ ក៏ចំពេលខែប្រមូលផលស្រូវដែរ ។
បញ្ហារៀបការត្រូវបានពន្យាពេលសិន ព្រោះជនជាតិភ្នងមានជំនឿថា អ្វីៗសុទ្ធតែមានព្រលឹង។ បើសិនប្រមូលផលស្រូវដាក់ជង្រុកហើយ មិនទាន់បានសែន មិនអាចឲ្យយកស្រូវទៅបុកបរិភោគ ឬប្រើប្រាស់ក្នុងពិធីមង្គលការបានឡើយ ព្រោះនឹងធ្វើឲ្យមានគ្រោះចង្រៃ ដល់គូរស្រករថ្មី។ ដូច្នេះគេត្រូវរៀបពិធីសែនព្រលឹងស្រូវជាមុនសិន ។
ថ្ងៃនេះគ្រួសារនាងផ្លំ បានរៀបចំសែនព្រលឹងស្រូវ ដើម្បីអំពាវនាវហៅព្រលឹងស្រូវ ដែលវង្វេងបាត់នៅក្នុងព្រៃ ដោយត្រូវសត្វស៊ីបំផ្លាញ ឬដោយអ្នកថែរក្សាព្រៃភ្នំជ្រោះជ្រលងដងអូរ ចាប់ឃាត់ទុក។ នៅថ្ងៃនោះដែរនាផ្លំ ក៏បានទៅដងទឹកយកមកប្រើប្រាស់។
ពេលនោះ ឪពុកម្តាយនាងផ្លំ ឆ្ងល់យ៉ាងខ្លាំង ព្រោះនាងបានទៅដងទឹកយូរណាស់មកហើយ តែមិនទាន់ឃើញនាងត្រឡប់មកវិញ ក៏នាំគ្នាស្រែកបង្កូកហៅនាងគ្រប់ទិសទី ហើយដើរទៅរកដល់កន្លែងដងទឹក ស្រាប់តែឃើញសាល់ (កាផា) និងឃ្លោកសម្រាប់ដងទឹក ។
ដំណឹងនេះបានធ្វើឲ្យស្រុះ ព្រួយចិត្តយ៉ាងខ្លាំង តែទោះជាយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែព្យាយាម ដើររកនាងផ្លំជានិច្ច។ ថ្ងៃមួយស្រុះ ត្រូវទៅកាប់ឫស្សីនៅក្បែរភ្នំពីរ គឺភ្នំមួយ មានព្រលឹងលោកយាយ ជូហូវ ថែរក្សា និងភ្នំមួយទៀតមានព្រលឹងលោកយាយ ជីហ្គរ ថែរក្សា។ ពេលឃើញ ស្រុះ ជញ្ជូនឫស្សីដាក់ក្បែរកន្លែង ដងទឹក លោកយាយទាំងពីរ ក៏បានប្រាប់នាងផ្លំ ឲ្យទៅជួបគូដណ្តឹងរបស់នាង។
ខណៈនោះស្រុះ ភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលបានជួបគូដណ្តឹង។ នាងផ្លំ បានរៀបរាប់សេចក្តីនឹករលឹក របស់ខ្លួន ចំពោះស្រុះ និងដំណើរជីវិតរបស់នាងក្នុងពេលបាត់ខ្លួន។ នាង បានបញ្ជាក់ថា លោកយាយទាំងពីរ បានឃាត់នាងឲ្យនៅថែរក្សាទឹកដីម្តុំអស់នេះ។
ពេលនោះនាង ក៏សុំឲ្យស្រុះ មករស់នៅជាមួយនាង ដើម្បីសាងសុភមង្គលជាមួយគ្នា។ ស្រុះសប្បាយចិត្ត ណាស់ ក៏យល់ព្រមទៅតាមការស្នើសុំរបស់នាងផ្លំ។
បន្ទាប់ពីការបាត់ខ្លួនរបស់នាងផ្លំ ហេតុការណ៍បាត់ចខ្លួនរបស់ ស្រុះ បានធ្វើឲ្យមានការជ្រួលច្របល់ពេញទាំងភូមិ ដូច្នេះគេក៏នាំគ្នាប្រារព្ធពិធីបន់ស្រន់។ ក្រោយពីការបន់ស្រន់រួចមក គេមិនឃើញមានការបាត់ខ្លួន អ្នកដទៃទៀតឡើយ។
ដោយមានជំនឿយ៉ាងខ្លាំងពីភាពស័ក្តិសិទ្ធិរបស់ភ្នំនេះ បងប្អូនខ្មែរលើ ខ្មែរកណ្តាល ដែលរស់នៅខេត្តមណ្ឌលគិរីនេះ ពួកគេបានចាប់ផ្តើមសង់ខ្ទម មានដាក់ដំថ្មជានិមិត្តរូប។ ក្រោយមកខ្ទមនោះ ត្រូវបានគេរុះរើ ជាបន្តបន្ទាប់រហូតឈានដល់ការសាងសង់ជារោងយ៉ាងមាំ ហើយឆ្លាក់រូបបដិមា ធ្វើអំពីថ្មកែវយ៉ាងធំ មកពីខេត្តពោធិ៍សាត់ មកតម្កល់លើភ្នំ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០០៤ ដែលគេហៅថា លោកតាស្រុះ (ភ្នំដោះក្រមុំ)។
ភ្នំដោះក្រមុំ គឺជាទីមនោរម្យដែលគេតែងតែនាំគ្នាឡើងទៅបន់ស្រន់ ឫលាបំណន់ និងមើលទេសភាពស្រស់ត្រកាលនៃទីរួមខេត្ត ហើយស្រូបយកខ្យល់អាកាស ដ៏ត្រជាក់គួរជាទីគាប់ចិត្ត។
ការហៅឈ្មោះថា ភ្នំដោះក្រមុំ គឺហៅតាមការប្រសិទ្ធិនាមរបស់មន្ត្រី រាជរដ្ឋាភិបាលម្នាក់ ដែលបានចុះទៅ បំពេញបេសកម្មរៀបចំដែនដី នៅតំបន់ក្បែរភ្នំនោះ ការលពីចុងទស្សវត្សឆ្នាំ១៩៥០ និងដើមទសវត្សឆ្នាំ ១៩៦០ ដើម្បីបង្កើតខេត្តថ្មីមួយទៀតគឺខេត្តមណ្ឌលគីរី។ ទឹកដីនៃខេត្តនេះ តាំងពីសម័យអាណានិគមបារាំងរហូតដល់ឆ្នាំ១៩៦១ ត្រូវបានគេស្គាល់ថា ជាតំបន់ឆ្លូងលើនៃស្រុកមួយក្នុងខេត្តក្រចេះ។
ការប្រសិទ្ធនាម ភ្នំដោះក្រមុំនោះគឺយោងទៅតាមលក្ខណៈរូបរាងនៃភ្នំ មានសភាពដូចសុដន់នារីក្រមុំព្រហ្មចារី កំពុងដេកផ្ងារ ។ ឈ្មោះនេះបានជ្រួតជ្រាបដល់បងប្អូនខ្មែរ និងព្នងដែលរស់នៅខេត្តនេះ។

Post a Comment