ប្រវត្តិកោះទ្រង់ (ឬកោះបាត់ទម្រង់) និងដើមរការយក្ស អាយុមិនក្រោម៥០០ឆ្នាំ ទៅ ៦០០ឆ្នាំជាទីកន្លែងទាក់ទាញភ្ញៀវទេសចរណ៍
ខេត្តក្រចេះ
ដោយ៖ សេង ស៊ីដារ៉ូ
កោះទ្រង់មានចម្ងាយតែជាងពីរគីឡូម៉ែត្រ ពីទីរួមខេត្តក្រចេះតែប៉ុណ្ណោះ
និងជារមណីដ្ឋានទេសចរណ៍ធម្មជាតិដ៏ស្រស់ត្រកាល និងកំពុងមានភាពល្បីល្បាញ នាពេលបច្ចុប្បន្ននេះ
ដោយកោះទ្រង់រំលេចទៅដោយដើមរការយក្សដ៏ធំជាទីទាក់ទាញភ្ញៀវទេសចរណ៍ ថែមទៀតផង។
លោក ប៊ុន បាន ប្រធានសហគមទេសចរណ៍ អេកូរធម្មជាតិកោះទ្រង់
បានឲ្យដឹងថា ពីដើមមកកោះទ្រង់នេះមានវិសារភាពធំទូលាយណាស់ ដោយលើកោះនោះ មានដើមរកាដ៏ធំៗ
ដែលមានកម្ពស់រហូតដល់ ៣៦ម៉ែត្រ បើតាមការបង្ហោះដ្រូនពីលើអាកាស។
បើយោងតាមការសន្និដ្ឋានរបស់មន្ទីរកសិកម្ម ខេត្តក្រចេះ បានឲ្យដឹងថា
ដើមរកាយក្សនេះអាចមានអាយុកាលមិនតិចក្រោម៥០០ឆ្នាំ ទៅ៦០០ឆ្នាំនោះឡើយ។
លោក ប៊ុន បានបន្តទៀតថា
បើតាមការវាស់តាមរយៈតោងដៃគ្នាអោបជុំវិញដើមរកានោះ អាចមនុស្សអោបបានចាប់ពី១៣នាក់
ទៅ១៥នាក់ នៃជនជាតិបរទេស ដែលអាចមានទំហំផ្ចិត ៥ ទៅ ៦ម៉ែត្រឯណោះ។ ក្នុងមួយខែៗ ដើមរកាយក្សនេះ
ទទួលបានភ្ញៀវមកថតលេងចាប់ពី ៤០ ទៅ ៥០នាក់ ដែល ជនជាតិបរទេសចូលចិត្តមកទស្សនាដើមរកាយក្សនេះ។
ប្រវត្តិកោះទ្រង់នេះ មនុស្សចាស់ៗ ដែលធ្លាប់និទានតៗគ្នាថា
កោះទ្រង់ពីមុនមកឈ្មោះថា កោះបាត់ទម្រង់ នៅលើកោះនេះ ពីដើមមានតែជនជាតិដើមភាគតិចព្នង ៥
ទៅ ៦គ្រួសារប៉ុណ្ណោះ អាស្រ័យរស់នៅលើកោះនេះ ហើយភាគច្រើនក្នុងតំបន់នេះ សំបូរទៅដោយសត្វពស់
ទន្សាយ ពិសេសសំបូរសត្វទន្សាយតែម្តង។
សម័យកាលមួយស្តេចមួយអង្គ បានយាងមកដល់ភ្នំសំបុក ជួនជារដូវប្រាំងក្តៅហែង
ស្តេចក៏យាងមកក្រសាលទឹកលើកោះទ្រង់នេះ ហើយក៏បានជ្រុះព្រះទម្រង់ទៅក្នុងបាតទន្លេ
ទោះជាប្រើអាមាត្យឲ្យរាវរកបាតទន្លេ ក៏ មិនឃើញដដែល ទើបស្តេចអង្គនោះ យាងមកភ្នំសំបុកវិញ
ហើយទើបជនជាតិដើមភាគតិចយើង ហៅកោះ នោះថា កោះបាត់ទម្រង់ រហូតមកដល់គ្រាដែលប្រជាជនមកពីភូមិភាគកណ្តាល
ព្រៃវែង កំពង់ធំ ស្វាយរៀង កំពង់ចាម បានមកលេងលើកោះនោះ
ស្តាប់មិនយល់ពីពាក្យឈ្មោះកោះថា កោះបាត់ទម្រង់ក៏បានប្តូរហៅមកជាកោះទ្រង់ វិញជារៀងរហូតមកដល់បច្ចុប្បន្ននេះ៕

Post a Comment