អ្នកចិញ្ចឹមទា យកសាច់ និងពង អាចរកចំណូលបានខ្ពស់ ព្រោះមានតម្រូវការច្រើន លើទីផ្សារ
ដោយ៖ សេង ស៊ីដារ៉ូ
ក្នុងការចិញ្ចឹមទាយកសាច់ និងពង ដើម្បីលក់នៅក្នុងទីផ្សារជាច្រើន
នាពេលបច្ចុប្បន្ននេះ គឺបណ្តាលមកពីមានតម្រូវការខ្ពស់ ហើយនិយាយពីតម្លៃវិញ
ក៏សមរម្យផងដែរ។
ការចិញ្ចឹមទាយកសាច់ និងពងនេះ គឺមានស្ថានភាពខុសគ្នាខ្លះក៏ពិតមែន
ប៉ុន្តែដំណើរការទៅមុខយ៉ាងរលូន។
លោក កែវ សារឿន កសិករក្នុងភូមិត្រពាំងស្លា ឃុំសំពងជ័យ
ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលចិញ្ចឹមទា យកសាច់នេះ រូបគាត់ ពិតជាទទួលបានចំណូលខ្ពស់
ផងដែរ។ លោក សារឿន បានបន្តថា កត្តានៃការចិញ្ចឹមទាខាតបង់ច្រើន
គឺការចិញ្ចឹមទាយកពង ក្នុងគ្រាដែលទីផ្សារសំបូរច្រើន ពងទាក៏ចុះថោក អាចនឹងខាតបង់។
ដោយឡែកនៅពេលបច្ចុប្បន្ន គ្រួសារគាត់ចិញ្ចឹមទា យកសាច់ ហើយទា ដែលមានអាយុចាប់ពី
៣ ទៅ ៤ខែ ទើបអាចលក់ក្នុងតម្លៃមួយក្បាល ១០០០០រៀល ទៅដល់ ២០០០០រៀល។
លោក ក៏បានបញ្ជាក់ទៀតថា តម្លៃទាក្នុងមួយឆ្នាំៗពុំទៀងទាត់ទេ
អាស្រ័យដោយឈ្មួញ កណ្តាលប្រមូលទិញ។
នៅកសិដ្ឋានចិញ្ចឹមទារបស់គាត់ មានចំនួនជាង ៨០០ក្បាល ដោយចំណាយលើចំណីទានេះ អស់ប្រហែល
២០ម៉ឺនរៀលក្នុងមួយថ្ងៃ។ កសិដ្ឋានចិញ្ចឹមទារបស់គាត់ អាចលក់ចេញបានក្នុងមួយថ្ងៃ ៨០%
ដោយមានម៉ូយមកទិញដល់ផ្ទះតែម្តង។
ដោយឡែកលោក ផាត ជាកសិករ រស់នៅភូមិអំពៅព្រៃ ឃុំកន្ទួត
ស្រុកកណ្តាលស្ទឹង បានរៀបរាប់ពីការចិញ្ចឹមទាយកពង ថា ក្នុងកសិដ្ឋានរបស់គាត់មានចំនួន
១៧០០០ក្បាល សុទ្ធតែជាមេ ដែលទើបតែទិញចូលក្នុង រយៈពេលពីរខែប៉ុណ្ណោះ។ លោក ផាត បានបន្តទៀតថា
ក្នុងមួយថ្ងៃៗ មេទាទាំងនោះអាចពងបាន ៧០០គ្រាប់ ដោយលក់ចេញបានមួយគ្រាប់ ៤០០រៀល។ ហើយតម្លៃពងទានេះ
អាចនឹងប្រែប្រួល ច្រើននៅលើទីផ្សារ។ ប្រសិនបើក្នុងមួយថ្ងៃ ទាអាចពងបានរហូតទៅដល់
១៥០០គ្រាប់ យើងឃើញថា អាចចំណេញច្រើន គួរសមដែរ។
ការចិញ្ចឹមទាយកពង និងយកសាច់ មានភាពខុសគ្នា ហើយកត្តាដែលចិញ្ចឹមទាយកពងលក់
គឺអាស្រ័យលើការចំណាយទិញចំណីទាច្រើន ដើម្បីជម្រុញឲ្យវាពងបានច្រើន៕

Post a Comment