ប្រវត្តិៈ បឹងទុំលែង មានរឿងរ៉ាងទាក់ទិនអ្នកគង្វាល និងសត្វរមាស ស៊ីបន្លា និងទឹកល្អក់
ខេត្តបាត់ដំបងៈ
ដោយ៖ សេង ស៊ីដារ៉ូ
![]() |
បឹងនោះសព្វថ្ងៃជាបឹងសក្តិសិទ្ធិ មានមច្ឆា និងម្រឹគជាតិចម្រុះជាច្រើន ដូចជា ត្រី អណ្តើក ពស់ អន្ទង់ និងព្រមទាំង ប្រើស ក្តាន់ ឈ្លូស រមាំង ជាដើម។
ដើមកំណើតនៃបឹងទុំលែងនោះ គឺ តាមចាស់ៗដំណាលតៗគ្នាមកដល់សព្វថ្ងៃនេះថា កាលពីព្រេងនាយមានព្រះមហាក្សត្រមួយព្រះអង្គ មានបុណ្យបារមីអស្ចារ្យណាស់។ ថ្ងៃមួយយព្រះអង្គគងលើសត្វរមាស ជាព្រះរាជយានជាមួយនឹងមេទ័ពម្នាក់ឈ្មោះ នាយទុំ ដើម្បីទៅក្រសាល និងស្តីម្នាក់ឈ្មោះ នាងមុខរាហ៍។ លុះទ្រង់ធ្វើគមនាការទៅដល់ភូមិមួយ បានទតព្រះនេត្រទៅឃើញស្រ្តីម្នាក់ មានលំនាំប្រហែលនាងមុខរាហ៍ តែទ្រង់ទតបញ្ជាក់ទៅលើ ទ្រង់ជ្រាបច្បាស់ថា មិនមែនជានាងមុខរាហ៍ទេ ក៏ទ្រង់យាងចាកចេញពីទីនោះទៅកាលទ្រង់យាងហួសទៅ ទ្រង់កាត់សំដៅគេហដ្ឋាននាងមុខរាហ៍ លុះដល់ហើយស្តេចចុះពីខ្នងរមាស ឲ្យនាយទុំចងរមាសនោះ នៅក្រោមដើមក្រសាំងមួយ ហើយស្តេចយាងទៅក្រសាលនឹងនាងមុខរាហ៍។
ឯនាងមុខរាហ៍ កាលបានសំណេះសំណាលនឹងព្រះមហាក្សត្រ តាមកាលលោកិយ ហើយក្រាបបង្គំទួលសួរព្រះមហាក្សត្រថា ព្រះអង្គស្តេចយាងមកនេះ ដោយយានអ្វី?។ ព្រះរាជាទ្រង់តបថា បងមកដោយរមាស បងចងទុកក្រោមដើមក្រសាំង ឯណោះ។ រមាសស្តាប់មិនច្បាស់ឮតែថា រមាសក្រមាំងក៏នឹកក្នុងចិត្តថា ព្រះមហាក្សត្រថាខ្លួនជាសត្វក្រសាំងទៅវិញ ក៏មានចិត្តទោមនស្សដោយនឹកឃើញថា អញមានសេចក្តីស្មោះត្រង់នឹងលោក យកអាសារលោកខំជូនលោកមកទាំងយប់ ទាំងអាធ្រាត្រអត់ដំណេកស្រេកបង្គុយ លោកទៅជាថា ឯងក្រសាំងទៅវិញ នឹកឃើញរមាសក៏បោលផ្តាច់ខ្សែ ពីដើមក្រសាំងទៅបាត់។ ឯនាយទុំក៏ខំរត់តាមជាប់ពីក្រោយរមាសទៅដែរ។
ឯព្រះមហាក្សត្រ កាលបើទ្រង់ជ្រាបថា រមាសបោលផ្តាច់ខ្សែដូច្នេះហើយ ស្តេចក៏ទ្រង់ធ្វើព្រះគមនាការយាងតាមទៅដែរ។ លុះនាយទុំតាមទាន់ត្រង់វាលមួយ ក៏តោងកន្ទុយរមាសជាប់ តែរមាសពុំព្រមឈប់សោះ។ នាយទុំបានឈរជ្រែងជើងទប់ដី ដីក៏របើកទាំងផ្ទាំងៗ ព្រះមហាក្សត្រទ្រង់ទតឃើញដូច្នោះ ក៏ទ្រង់ស្រែកទៅពីក្រោយថា ទុំលែងៗ ទើបនាយទុំលែងរមាសនោះ។ ឯរមាសក៏បោលចូលព្រៃបាត់ទៅ ជាប់ទាំងអានដែលនៅលើខ្នងនោះផង។
ព្រះមហាក្សត្រទ្រង់ខ្ញាល់ណាស់ ទ្រង់ដាក់បណ្តាសាដល់សត្វរមាសនោះថា ពូជអាឯងចាប់ពីថ្ងៃនេះទៅ ត្រូវស៊ីតែបន្លាជាអាហា និងផឹកទឹកល្អក់ជាដរាប។ ព្រោះហេតុដូច្នោះឯង បានជានៅលើខ្នងសត្វរមាសទាំងឡាយ សព្វថ្ងៃនេះមានស្រទាប់លើខ្នង សណ្ឋានដូចជាគេចងអានទុក ស្បែកក៏ប្រហេងក្រហូងជាច្រើនស្រទាប់ ជាទីជ្រកនៅនៃពួសត្វក្អែបនិងខ្ទួយ ហើយស៊ីតែឈើ ឬវល្លិ៍ណា ដែលមានបន្លាជាអាហារ ផឹកតែទឹកល្អក់ ទោះបីទឹកថ្លាក៏វាយកជើងកូរឲ្យទាល់តែល្អក់សិន ទើបបានផឹក ដោយត្រូវបណ្តាសាព្រះមហាក្សត្រ តាំងពីពេលនោះឯង។
ត្រង់កន្លែងដែលនាយទុំតោង កន្ទុយរមាសឈរជ្រែងជើង ធាក់ដីនោះក៏ក្លាយជាបឹងមួយ មានទំហំដូចពោលខាងលើហៅថា បឹងទុំលែងៗ ជាប់ដរាបមកដល់សព្វថ្ងៃនេះ។ ឯភូមិជាទីលំនៅរបស់នាងមុខរាហ៍នោះ ក៏មានឈ្មោះប្រាកដជាប់មកថា ភូមិមុខរាហ៍ ជាដរាបមកដល់សព្វថ្ងៃនេះដែរ។
បឹងទុំលែង ទៅភូមិមុខរាហ៍នេះ មានចម្ងាយប្រហែល៨គីឡូម៉ែត្រ។ បើត្រូវការទៅបឹងទុំលែង និងទៅភូមិមុខរាហ៍ យើងត្រូវធ្វើដំណើរឈមមុខ ទៅទិសខាងកើតចម្ងាយ៨គីឡូម៉ែត្រ ទើបបានទៅដល់ភូមិនោះ។ តំបន់ដែលព្រះមហាក្សត្រទ្រង់ទតព្រះនេត្រ ឃើញស្តីម្នាក់ប្រហែលនាងមុខរាហ៍នោះ ហៅថា ភូមិប្រហែល ជាប់រហូតមកដល់សព្វថ្ងៃនេះ គេហៅក្លាយមកថា ភមិប្រហាល ឬប៉ាលហារ ទៅវិញ។
ឯភូមិប្រហាលសព្វថ្ងៃនេះ នៅក្នុងឃុំតាលោ ស្រុកបាកាន ខេត្តពោធិសាត់។ បើធ្វើដំណើរពីភូមិប្រហាល ទៅភូមិមុខរាហ៍ ត្រូវចេញឈមមុខទៅទិសពាយ័ព្យ ប្រមាណជាង៧ ឬ៨គីឡូម៉ែត្រ ទើបបានទៅដល់ភូមិមុខរាហ៍នេះ។

Post a Comment