រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ប្រកាសឲ្យប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រៃវែង ចូលកាន់តំណែង
ខេត្តព្រៃវែងៈ
ដោយ៖ ហុង ចំណាប់
![]() |
លោក តូច សេដ្ឋា អតីតប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រៃវែង បានអានរបាយការណ៍របស់រួចមក លោក លាភ សំណាង ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិកនៃក្រសួងអភិវឌ្ឍន៍ជនបទ បានអានប្រកាសរបស់ក្រសួងអភិវឌ្ឍន៍ជនបទ លេខ ១៧១/១៩ ក.អ.ជ.ប្រ.ក ចុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ សម្រេចតែងតាំង លោក ឡុក វុឌ្ឍី មន្រ្ដីក្របខណ្ឌ ក.១.៦ ពីអតីតអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រៃវែង ទៅជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រៃវែង ជំនួសលោក តូច សេដ្ឋា ដែលត្រូវចូលនិវត្តន៍។
លោក ឡុក វុឌ្ឍី ប្រធានមន្ទីរអភវឌ្ឍន៍ជនបទ ខេត្តព្រៃវែង ដែលទទួលតំណែងថ្មី បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្ដមអភិបាលខេត្ត ដែលបានផ្ដល់នូវសេចក្ដីទុកចិត្តតែងតាំងរូបលោក ជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រៃវែង និងបានប្ដេជ្ញាចិត្តថា នឹងខិតខំឲ្យអស់ពីកម្លាំងកាយចិត្ត បន្តសហការជាមួយក្រសួងមន្ទីរជុំវិញខេត្ត អង្គភាពពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអង្គការដៃគូរអភិវឌ្ឍន៍នានា ដើម្បីជម្រុញការងារអភិវឌ្ឍន៍ជនបទ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
លោករដ្ឋមន្ដ្រី បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រៃវែង ដែលកន្លងមកបានហការគ្នាល្អជា មួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្រ្ដីមន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងអង្គការដៃគូអភិវឌ្ឃន៍នានា ធ្វើឲ្យខេត្តព្រៃវែង មានការរីកចម្រើនយ៉ាងខ្លាំង។
លោករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ផែនការយុទ្ធសាស្រ្ដរបស់ក្រសួងអភិវឌ្ឍន៍ជនបទសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ជូនប្រជាពលរដ្ឋនៅតាមទីជនបទ មានយុទ្ធសាស្រ្ដសំខាន់ៗចំនួន ៤ ដែលក្រសួងអភិវឌ្ឍន៍ជនបទបានរៀបចំ គឺ ទី១ ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ,ទី២ ការអប់រំលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋនៅតាមតំបន់ជនបទ ,ទី៣ ការបង្កើតឱកាសកាងារ ឬមុខរបរផ្សេងៗ តាមរយៈការបណ្ដុះបណ្ដាលមុខវិជ្ជាជីវភាពប្រជាពលរដ្ឋក្រីក្រតាមជនបទ និងទី៤ ការពង្រឹងស្ថាប័ន និងអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីលើកស្ទួយផ្នែកសេដ្ឋកិច្ច សង្គមកិច្ច។
ទាក់ទិនទៅនឹងវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ លោករដ្ឋមន្រ្ដី បានបន្ថែមថា ក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងអនុវត្តន៍ការងារវិមជ្ឈការ និងវិសហមជ្ឈការផង ក្នុងនោះបានប្រគល់ភារកិច្ចជូនទៅមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត សហការជាមួយរដ្ឋបាលស្រុក ដើម្បីរៀបចំផែនការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋផ្នែកទឹកស្អាត និងអនាម័យ។

Post a Comment