ក្រុមហ៊ុន Royal Group ចុះអនុស្សារណៈ ជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើកំណែទម្រង់ប្រព័ន្ធឌីជីថល ICT
ភ្នំពេញៈ
ដោយ៖ ហុង ចំណាប់
![]() |
កម្មវិធីនេះ ត្រូវបានប្រាព្ធឡើងជាផ្លូវការនៅទីស្នាក់ការកណ្តាលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងទីក្រុងភ្នំពេញ ក្រោមអធិបតីភាព អ្នកឧកញ្ញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន Royal Group ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍ រួមដំណើរដោយឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ដែលជាប្រធានក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជា។
កិច្ចព្រមព្រៀងលើអនុស្សារណៈយោគយល់នេះ បានបង្កើតផែនការសម្រាប់ការដាក់ឲ្យប្រើប្រាស់ លើបច្ចេកវិទ្យាមានទំហំធំ ដូចជាកម្មវិធីអេឡិចត្រូនិចសម្រាប់រដ្ឋាភិបាល បច្ចេកវិទ្យា (AI) បច្ចេកវិទ្យា IoT ក៏ដូចជា ការបង្កើតថ្មីលើប្រព័ន្ធទូរគមនាគម (ICT Innovation) និងមជ្ឈមណ្ឌលផ្ទុកទិន្នន័យ។ អនុស្សារណៈយោគយល់មួយនេះ នឹងជួយពង្រឹងសុវត្ថិភាពផ្សេងៗ ទាក់ទងនឹងបច្ចេកវិទ្យា ដែលអាចនឹងកើតមានឡើងនាពេលអនាគត ដូចជាការទាញយកឯកសារដែលបាត់បង់ អត្តសញ្ញាណនិងគេហទំព័រលើប្រព័ន្ធឌីជីថល និងសុវត្ថិភាពអ៊ីម៉ែលរបស់រដ្ឋាភិបាល។
អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ថា៖ «យើងនឹងបង្កើតគណៈកម្មាធិកាមួយសម្រាប់រៀបចំដឹកនាំធ្វើកិច្ចការងារលើប្រព័ន្ធឌីជីថលនេះ ដែលមានសមាសភាពមកពីក្រុមហ៊ុន Royal Group និងក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ដើម្បីជំរុញរបៀបវារៈឌីជីថល តាមរយៈការធ្វើសិក្ខាសាលាជាផ្លូវការជាបន្តបន្ទាប់»។ យោងតាមទិសដៅលើប្រព័ន្ធ ICTក្រុមហ៊ុន Royal Group នឹងធ្វើការជាមួយក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ដើម្បីដំណើរការលើបច្ចេកវិទ្យា5G នៅក្នុងប្រទេសកម្ពុជា។
លោក គិតម៉េង បានបន្ថែមទៀតថា ពួកយើងមានគម្រោងជាច្រើន ដែលកំពុងដំណើរការ ហើយយើងជឿជាក់ថាយើងនឹងអាចក្លាយទៅជាអ្នកតំណាងដ៏ខ្លាំងក្លាមួយសម្រាប់ប្រទេសកម្ពុជា ជាក់ស្តែងដូចជាក្នុងវេទិកា «ខ្សែក្រវ៉ាត់ និងផ្លូវ» និងវេទិកា «ផ្លូវសូត្រឌីជីថល»។ លោក បន្ថែមថា យើងបានដាក់ដំណើរការបច្ចេកវិទ្យា 5G របស់យើងជាលើកដំបូងនៅក្នុងខែកញ្ញា ឆ្នាំ២០១៩ និងកំពុងចាប់ផ្តើមដាក់សម្ពោធសេវាកម្មបច្ចេកវិទ្យា5G សម្រាប់សាធារណជនទូទៅ នៅចុងឆ្នាំនេះ ដើម្បីឲ្យប្រទេសកម្ពុជាឲ្យភាពរឹងមាំមួយ នៅក្នុងតំបន់លើការវិវត្តបច្ចេកវិទ្យា ដែលស្របតាមការរីកចម្រើនយ៉ាងឆាប់រហ័ស និងកំណើននៃវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច៕

Post a Comment