Header Ads

គ្រាប់ស្វាយចន្ទី កំពុងធ្វើការនាំចេញ ចិន កូរ៉េ និងឥណ្ឌា




ខេត្តកំពង់ចាមៈ

ដោយ៖ ហុង ចំណាប់
 

ដំណាំស្វាយចន្ទី សំបូរដាំច្រើនជាងគេ គឺខេត្តកំពង់ធំ និងខេត្តកំពង់ចាម ហើយ​ដំណាំនេះ​ទទួលបាន​ការគាំទ្រ​ពីអ្នកទទួលទានក្នុងស្រុកយ៉ាងខ្លាំង។ ដូច្នេះ ទើបសិប្បកម្មមួយចំនួនបានធ្វើការកែច្នៃ និង​វេចខ្ចប់​ឲ្យ​មានអនាម័យ និងមានតម្លៃខ្ពស់ ទៅតាមទីផ្សារទំនើបក្នុងស្រុក។

អ្នកស្រី ព្រំ ធីតា រស់នៅភូមិអាចារ្យលាក់ ក្រុងស្ទឹងសែន  ខេត្តកំពង់ធំ បានឲ្យដឹងថា តម្លៃ​គ្រាប់ស្វាយ​ចន្ទី ចាប់តាំងពីឆ្នាំ២០១៦ បានតម្លៃខ្ពស់ ៦៣០០រៀល ក្នុងមួយគីឡូ ក៏ប៉ុន្តែមកដល់ពេលនេះគ្រាប់ ស្វាយ​ចន្ទីមានការប្រែប្រួលច្រើន ហើយតម្លៃក៍មិនសូវថេរដែរ ដោយក្នុងនោះមានការប្រែ​ប្រួលទៅតាម​អាកាសធាតុ ក៏ដូចជាឆ្នាំ២០១៩ នេះជាដើម ដែលធ្វើឲ្យទិន្នផលស្វាយចន្ទីធ្លាក់ចុះ។

អ្នកស្រី ធីតា បានបន្តថា ទិន្នផលគ្រាប់ស្វាយចន្ទីអាចទទួលបានខ្ពស់ ៣តោន ក្នុងមួយហិតកា ឬ ក្រោម​​នឹងបន្តិចបន្តួច។ ចំពោះការនាំចេញគ្រាប់ស្វាយចន្ទី ភាគច្រើនចិន កូរ៉េ និងឥណ្ឌា។

ដោយឡែក​សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី របស់អ្នកស្រី ឡឹង ម៉ានុត ស្ថិតនៅក្នុង​ភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម បានបញ្ជាក់ឲ្យដឹងថា ការកែច្នៃគ្រាប់ស្វាយចន្ទីនេះ ធ្វើឡើងតាំងពីឆ្នាំ ២០១៦ មកម្លេះ មានបច្ចេកទេសចម្អិនសំបក និងក្រៅសំបក មានស និងចម្អិន​ក្រហម ។ អ្នកស្រី ម៉ានុត បានលើកឡើងបន្តថា ក្នុងការផលិតគ្រាប់ស្វាយចន្ទី ដោយឡែកសម្ភារៈវេចខ្ចប់ គឺបាន​ទិញចូលពីក្រៅជាលក្ខណៈកំប៉ុងជ័រ និងបន្តធ្វើការអភិវឌ្ឍន៍ ដោយការកែច្នៃវេចខ្ចប់ ដោយដាក់ប្រអប់ បើកឡើងចេញជាកំប៉ុងជាដើម ដើម្បីស្វែងរកទីផ្សារឲ្យបានច្រើន ដែលឈានទៅរកទីផ្សារក្រៅប្រទេស ផងដែរ​។

អ្នកស្រី ម៉ានុត បានប្រាប់បន្តថា រហូតមកដល់បច្ចុប្បន្ននេះ ទីផ្សារគ្រាប់ស្វាយចន្ទីចំការលើ បានពង្រី​ក​បណ្តាញ​លក់ និងស្តង់ដោយមិនរាប់ក្នុងទីផ្សារ ចំពោះក្នុងទីរួមខេត្តកំពង់ចាម ចំនួន១០ស្តង់ និងនៅ​រាជធានីភ្នំពេញ កន្លែងធំៗចំនួន ៥០កន្លែងទៀត ដោយក្នុងនោះមិនរាប់បញ្ចូលតាមបណ្តាខេត្តផ្សេងៗ​ទៀត​ផងទេ។ គ្រាប់ស្វាយចន្ទី ដែលបានកែច្នៃចម្អិនហើយ ធ្វើការវេចខ្ជប់បានត្រឹមត្រូវរបស់​សិប្បកម្ម​គ្រាប់ស្វាយចន្ទីចំការលើ មានលក្ខណៈស្ទង់ដារ អាចរក្សាទុកបានយូរ និងរក្សាបានគុណភាពល្អ​ផង​ដែរ ៕


No comments

Powered by Blogger.