ប្រវត្តិភ្នំបាណន់ទាក់ទងទៅនាងរំសាយសក់ និងអាធន
បាត់ដំបង៖
ដោយ៖ សេង ស៊ីដារ៉ូ
![]() |
តាបសបង្ហាត់បង្រៀន ឲ្យនាងចេះមន្តអាគមផ្សេងៗជាច្រើន មានមន្តហៅខ្យល់ព្យុះជាដើម តាបសនិងភរិយានៅក្នុងរូងភ្នំមួយ ហៅថាព្រះទឹក ឬរូបទឹកតាមសំដីអ្នកស្រុក។ រូងភ្នំនោះនៅខាងត្បូងភ្នំបាណន់សព្វថ្ងៃ តែកាលនោះភ្នំបាណន់នេះ គេហៅថាភ្នំប្រាសាទ ។
ក្រោយមកមានព្រះរាជបុត្រស្តេចមួយព្រះអង្គ ព្រះមានចៅរាជកុល មកសុំរៀនវិជ្ជាផ្សេងៗ ពីតាគ្រាម។ តាបសសុខចិត្តបង្ហាត់បង្រៀន ព្រះរាជបុត្រនេះលុះត្រាតែចេះ ប៉ុន្តែហាមរាជកុមារមិនឲ្យមើលប្រពន្ធសោះ ដោយគាត់ខ្លាចចៅរាជកុលស្រឡាញ់ប្រពន្ធគាត់ ព្រោះនាងរំសាយសក់រូបល្អណាស់ ។
កន្លងជាយូរខែក្រោយមក ពេលមួយ ជូនជាតាបសមិននៅ ចៅរាជកុលទៅលួចមើលប្រពន្ធគាត់ ឃើញនាងមានរូបល្អឆើត ក៏កើតសេចក្តីប្រតិព័ទ្ធលួចសាកសួរចិត្តនាង នាងស្រឡាញ់ចៅរាជកុលដែរ ក៏ទទួលព្រម។ ថ្ងៃមួយតាបសចូលទៅក្នុងព្រៃ ដើម្បីរកវត្ថុផ្សេងៗ អ្នកទាំងពីរបានឱកាសល្អ ក៏នាំគ្នាជិះសំពៅរត់ចោលតាបសទៅ។
កាលតាបសត្រឡប់មកពីព្រៃវិញ ពុំឃើញអ្នកទាំងពីរនៅក្នុងរូងភ្នំគាត់ ក៏ដឹងថាចៅរាជកុល និងភរិយាគាត់ លួចពង្រត់គ្នាទៅ។ គាត់តាមទៅដល់មាត់សមុទ្រ បានឃើញសំពៅឃ្លាតឆ្ងាយ ដល់ពាក់កណ្តាលសមុទ្រទៅហើយ តាបសខឹងណាស់ក៏សែកមន្តវិជ្ជាហៅខ្យល់ព្យុះ ដើម្បីបំផ្លាញសំពៅកណ្តាលសាគរ។ ប៉ុន្តែដោយនាងរំសាយសក់ចេះមន្តវិជ្ជាដែរ ក៏ធ្វើឲ្យខ្យល់បក់ផាត់ខ្យល់កំណាចផុតអស់ តាបសឈឺចិត្តខ្លាំងពេក ក៏ដួលស្លាប់នៅឆ្នេរសមុទ្រនោះទៅ ។
អ្នកទាំងពីរដឹងហេតុដូច្នោះ ក៏នាំគ្នាត្រឡប់សំពៅមកកាន់រូបភ្នំរួបទឹកវិញ នៅរួមសុខទុក្ខជាមួយគ្នា ក្រោយមក ចៅរាជកុលនឹកចឹងត្រឡប់ទៅស្រុកវិញ ក៏លាប្រពន្ធសន្យាថា នឹងត្រឡប់មកវិញពុំខាន។ ប៉ុន្តែដល់ពេលដែលចៅរាជកុលត្រឡប់មករកនាងរំសាយសក់វិញ នាងប្រពន្ធដើមខឹងណាស់ ប្រើក្រពើនាងឈ្មោះអាធន ឲ្យទៅឃាំងផ្លូវកុំឲ្យរាជកុលទៅវិញបាន។
ឯនាងរំសាយសក់លុះក្រឡេកឃើញសំពៅប្តីទៀបលិច ក៏បន់ទៅទេវតាដែលរក្សាភ្នំប្រាសាទថា សូមឲ្យតែជួយប្តីខ្ញុំឲ្យរួចពីគ្រោះថ្នាក់ចុះ ខ្ញុំនឹងថ្វាយភ្នំនេះ។ ដោយអំណាចបំណន់នោះ នាងនិងប្តី ក៏បានសុខ សប្បាយហើយថ្វាយភ្នំនោះលាបំណន់។ តាំងពីនាងបន់នោះមក គេហៅប្រាសាទនោះថា ភ្នំបំណន់ តែសព្វថ្ងៃគេហៅក្លាយមកថា ភ្នំបាណន់វិញ ។

Post a Comment