មន្ទីរអប់រំយុវជន និងកីឡា ខេត្តកណ្តាល កំពុងអនុវត្តន៍ផែនការយុទ្ធសាស្ត្រ វិស័យអប់រំ ឆ្នាំ២០១៨-២០២១ ដើម្បីផ្សារភ្ជាប់គ្រប់វិស័យរបស់សង្គម
ដោយ៖ សេង ស៊ីដារ៉ូ
នារសៀលថ្ងៃទី២៥ ខែមករា
២០១៩ មន្ទីរអបរំ យុវជន និងកីឡា បានបិទសន្និបាតបូកសរុបការងារ
លទ្ធផល នៅសាលាគរុកោសល្យខេត្តកណ្តាល ក្រោមអធិបតិយ្យភាពលោក គឹម រិទ្ធី អភិបាលរង ខេត្តកណ្តាល និងលោកគ្រូអ្នកគ្រូជាច្រើនទៀត។
មន្ទីរអប់រំ យុវជន
និងកីឡាខេត្ត បានបញ្ចប់ការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំខេត្ត ឆ្នាំ២០១៥-២០១៧
ហើយកំពុងអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ឆ្នាំ២០១៨-២០២១ និងបានកំណត់យកអាទិភាពចំនួន០៧
សម្រាប់អនុវត្តបន្តនៅឆ្នាំសិក្សាខាងមុខ គឺទី១
បន្តអនុវត្តយុទ្ធសាស្ត្រគន្លឹះទាំង០៤ ទី២ ជំរុញគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ឲ្យយកចិត្តទុកដាក់ដល់ការសិក្សា
និងសហការជាមួយលោកគ្រូអ្នកគ្រូ លើលទ្ធផលនៃការ សិក្សារបស់សិស្ស ទី៣ បន្តពង្រឹងការរៀន និងបង្រៀនឲ្យបានពេញម៉ោង
គ្រប់ម៉ោងប្រកបដោយវិជ្ជាជីវៈ និងតាមដានការសិក្សាដល់ផ្ទះសិស្ស ទី៤ ប្រឡងប្រណាំងគោលការសាលារៀនស្អាត (ពណ៌ប៉ៃតង
ការរៀបចំទុកដាក់ កង់ ម៉ូតូ អាហារដ្ឋាន និងសាលារៀនមួយមានឡដុតសំរាមមួយ) ទី៥
ជំរុញការអនុវត្តអនុក្រឹត្យលេខ៥៦ អនក្រ.ប.ក.ស្តីពី «ការគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល
និងមន្ត្រីរាជការជាប់កិច្ចសន្យា» ទី៦ ពង្រឹងការអនុវត្តអនុក្រឹត្យស្តីពីក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន
ទី៧ ជំរុញការចុះពិនិត្យតាមដាន ការអនុវត្តការងារ នៅតាម សាលារៀនជាប្រចាំ។
លោក គីម រិទ្ធី
អភិបាលរងខេត្តកណ្តាល បានលើកឡើងថា ទិសដៅដែលត្រូវបន្តអនុវត្តន៍ ក្នុងគោលដៅបង្កើតសមត្ថភាពប្រកួតប្រជែងរបស់ប្រជាជនកម្ពុជា
ក្នុងការចាប់យកកាលានុវត្តភាពថ្មីៗ ខណៈដែលកម្ពុជា បានចូល រួមយ៉ាងសកម្មនៅក្នុងកិច្ចការសមាហរណកម្ម
ទាំងក្នុងកម្រិតតំបន់ និងពិភពលោក។
ក្នុងនោះរាជរដ្ឋាភិបាល
បានបន្តគិតគូរវិភាជថវិការបន្ថែមប្រចាំឆ្នាំក្នុងវិស័យអប់រំ
ការផ្តល់អាទិភាពជ្រើសរើស និងបណ្តុះបណ្តាលគ្រូបង្រៀន ជាអាទិភាពចម្បង់ដើម្បីបំពេញបន្ថែម
ដល់ការងារពង្រាយគ្រូ និងជំនួសគ្រូដែលចូលនិវត្តន៍
គាំទ្រការធ្វើវិក្រឹតការគ្រូបង្រៀន ការកែលម្អកម្មវិធីសិក្សា
គាំទ្រការងារអធិការកិច្ច ដើម្បីពង្រឹងសមត្ថភាពគ្រប់គ្រងគុណភាពសិក្សា និងគុណភាពប្រឡង។
ទន្ទឹមនេះរាជរដ្ឋាភិបាល
បានបន្តគិតគូរអំពីការដំឡើងបា្រក់បៀវត្សរ៍ជូនដល់គ្រូបង្រៀន និងបុគ្គលិកសិក្សា ជំរុញការកៀរគរធនធានមកពីគ្រប់មជ្ឈដ្ឋាន
និងកៀរគរវិស័យឯកជន ដើម្បីវិនិយោគក្នុងវិស័យអ់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈឲ្យមានលក្ខណៈប្រទាក់ក្រឡាគ្រប់ជ្រុងជ្រោយធានាស្ថេរភាព
ទីផ្សារការងារ លើកកម្ពស់ផលិតភាពជីវភាពរស់នៅរបស់ប្រជាជន។
ក្រសួងអប់រំ យកចិត្តទុកដាក់ទៅលើការស្រាវជ្រាវ
និងអភិវឌ្ឍបច្ចេកវិទ្យាឧស្សាហកម្មការបំពាក់ជំនាញស្តេម (STEM) (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) ចាប់ពីកម្រិតមឋមសិក្សាព្រមទាំងគាំទ្រការផ្តល់អាហាររូបករណ៍
និងបង្កលក្ខណៈងាយស្រួលដល់យុវជនឆ្នើមៗ ឲ្យទទួលបានការបណ្តុះបណ្តាលបច្ចេកទេស
និងវិជ្ជាជីវៈតាមគ្រប់រូបភាពទាំងរដ្ឋ និងឯកជន។ ក្រសួងអប់រំ ត្រូវយកចិត្តទុកដាក់លើការពង្រីក
សាលារៀនជំនាន់ថ្មីនៅគ្រប់កម្រិត និងសាងសង់អគារសិក្សាថ្មី
ព្រមទាំងជួសជុលអគារសិក្សាទ្រុឌទ្រោម សាងសង់បន្ទប់ពិសោធន៍ វិទ្យាសាស្ត្រ បណ្ណាល័យ
និងបន្ទប់កុំព្យូទ័រជាដើម។
លោកអភិបាលរងខេត្ត មានប្រសាសន៍បន្តទៀតថា
ព្រមជាមួយគ្នានេះ ក្នុងស្មារតីលើកស្ទួយ និងអភិវឌ្ឍន៍វិស័យអប់រំ ឲ្យឈានទៅសម្រេចបានតាមគោលដៅអភិវឌ្ឍវិស័យអប់រំ
យើងត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការងារសំខាន់ៗ ដូចខាងក្រោម៖ ទី១
បន្តអនុវត្តការងារអប់រំឲ្យមានប្រសិទ្ធភាព និងគុណភាព ប្រកបដោយសមធម៌ និងបរិយាបន្ន និងលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា។
ការអភិវឌ្ឍកម្មវិធីសិក្សាយើងត្រូវខិតខំកសាងបរិស្ថានសាលារៀនស្អាត
ផ្គត់ផ្គង់ទឹកស្អាត រៀបចំបន្គន់អានាម័យសមរម្យ ឲ្យមានលក្ខណៈមធម្មជាតិក្នុងសាលារៀន
សក្តិសមជាទីកន្លែងអប់រំបណ្តុះគំនិតឲ្យស្អាតស្អំគ្មាន ការញាំញីទាំងផ្លូវចិត្ត និងផ្លូវកាយជាដើម។
ទី២ អនុវត្តឲ្យមានភាពរស់រវើកធានា ភាពសក្តិសមនៃភាពជាអ្នកដឹកនាំនិងគ្រប់គ្រងរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់។
ត្រូវបង្កើនប្រសិទ្ធិភាពប្រើប្រាស់ហិរញ្ញប្បទាន សម្រាប់គ្រឹះស្ថានសិក្សា
ការងារផែនការស្ថិតអប់រំ ការពង្រាយគ្រូបង្រៀនឲ្យបានដល់មូលដ្ឋាន បន្តអភិវឌ្ឍសមត្ថភាពរបស់នាយកសាលា
និងគ្រូបង្រៀន នៅតាមគ្រឹះស្ថានបណ្តុះបណ្តាល និងគ្រឹះស្ថានសិក្សា ពិសេសការងារធិការកិច្ច
និងយន្តការពិនិត្យកែលម្អជាប្រចាំ។ ទី៣ អនុវត្តឲ្យសកម្មលើការងារកាយរឹទ្ធ និងយុវជន
ដោយត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះកុមារ និងយុវជន ឲ្យមានស្មារតីទទួលខុសត្រូវ
ជឿជាក់លើសសមត្ថភាពរបស់ខ្លួន និងប្រកាន់ខ្ជាប់ នូវទង្វើវិជ្ជាមានក្នុងសង្កម បំផុសឲ្យសកម្មនូវកម្មវិធី
“កូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ” និងកម្មវិធីយុវជនស្ម័គ្រចិត្ត ចុះជួយដល់មូលដ្ឋាននៅតាមសហគមន៍នានា
បន្តពង្រឹងជំនាញបច្ចេកទេស និងជំនាញ ទន់សម្រាប់យុវជនសំដៅឆ្លើយតបបានទៅនឹងឱកាសការងារ
និងភាពរឹងមាំនៃកោសិកាសង្គម។ ទី៤ អនុវត្តសកម្មភាពលើការងារកីឡា ដោយត្រូវអភិវឌ្ឍន៍សមាគមន៍កីឡាមហាជន
និងក្រុមកីឡាសិស្សនិស្សិត ពង្រឹងពង្រីកសកម្មភាពអប់រំកាយ
និងកីឡានៅតាមគ្រឹះស្ថានសិក្សា បង្កើតការយកចិត្តទុកដាក់ ពង្រឹងប្រសិទ្ធិភាពការងារកីឡាគ្រប់ប្រភេទ
ដើម្បីឈានឆ្ពោះទៅទទួលបានជោគជ័យ ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី២៣ ឆ្នាំ២០២៣ ដែល កម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ទី៥ បង្កើនប្រសិទ្ធភាពប្រើប្រាស់ហិរញ្ញប្បទាន សហប្រតិបត្តិការ ដោយត្រូវរៀបចំសកម្មភាព
ឲ្យឆ្លើយតបទៅនឹងអាទិភាព នៃការអភិវឌ្ឍន៍ជាតិ ផ្សារភ្ជាប់ការអប់រំទៅនឹងវប្បធម៌
ទំនៀមទម្លាប់ប្រពៃណី វប្បធម៌សន្តិភាព ការគោរពសិទ្ធិ និងសេចក្តីថ្នូរបស់មនុស្ស
ផ្សារភ្ជាប់នឹងការប្រយុទ្ធប្រឆាំងអំពើហិង្សា ការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍
ការលុបបំបាត់ការប្រើប្រាស់គ្រឿងញៀន ការជួញដូរស្ត្រី ការលុបបំបាត់រាល់ទម្រង់នៃការរើសអើងគ្រប់ប្រភេទក្នុងសង្គម៕

Post a Comment