ថវិកាសរុប ៣៣,៣៣ លានយ៉េន ជាង ៥លានដុល្លារអាមេរិក ដើម្បីសាកល្បងគម្រោងកាត់បន្ថយភាពក្រីក្រ ក្រោមជំនួយហិរញ្ញប្បទានសហប្រតិបត្តិការរបស់រដ្ឋាភិបាលចិន
ខេត្តកណ្តាលៈ
ដោយ៖ យ៉ែម សុវត្ថារ៉ូ
លោក ភាគ សុធា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានអានរបាយការណ៍ថា យោងតាមកិច្ចព្រមព្រៀងរវាងរាជរដ្ខាភិបាលកម្ពុជា ដែលតំណាងដោយក្រសួងអភិវឌ្ឍន៍ និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន គម្រោងសាកល្បងកាត់បន្ថយភាពក្រីក្រ នៅកម្ពុជា អនុវត្តរយៈពេល៣ឆ្នាំ គឺចាប់ពីឆ្នាំ២០១៧-២០២០ មានថវិកាសរុប ៣៣,៣៣ លានយ៉េន ជាង ៥លានដុល្លារអាមេរិក ដើម្បីធ្វើសកម្មភាពផ្គត់ផ្គង់ទឹកស្អាត ការ ចិញ្ចឹមសត្វ បណ្ដុះបណ្ដាលជំនាញ និងការសាងសង់មជ្ឈមណ្ឌលសហគមន៍ នៅក្នុងឃុំស្វាយអំពារ ស្រុកមុខកំពូល។
លោក លី អាន ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បានសម្ដែងការអបអរសាទរ ចំពោះសមិទ្ធផលថ្មី ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់មន្រ្ដីអនុវត្តគម្រោងនេះ និងកិច្ចសហប្រតិបត្តិការល្អរវាងចិន និងកម្ពុជា ដែលជាការរួមចំណែកកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋកម្ពុជា នៅតំបន់ជនបទ និង ជាចំណងមិត្តភាពនៃប្រទេសទាំងពីរផងដែរ។ ឆ្នាំនេះជាខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូត ចិន កម្ពុជា ហើយចិនសូមគាំទ្រ ចំពោះការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស របស់កម្ពុជា។
លោករដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ថា ការកាត់បន្ថយភាពក្រីក្រ គឺជាការងារសំខាន់ ដែលមានសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅតែចាត់ទុកវិស័យអភិវឌ្ឍន៍ជនបទ ជាវិស័យអាទិភាពស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ ក៏ដូចជាផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជនបទ រយៈពេល៥ឆ្នាំ ២០១៩-២០២៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយផ្ដោតទៅលើវិស័យទាំង៤ រួមមាន ទី១ បន្តការស្ថាបនាជួសជុលហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដ គមនាគមន៍ និងសេវាសាធារណៈ គឺផ្ដោតសំខាន់លើការកសាងកែលម្អផ្លូវជនបទ ឲ្យក្លាយជាផ្លូវក្រាលកៅស៊ូពីរជាន់ដែលអាចធន់និងការដឹកធ្ងន់ និងមានភាពធន់ទៅនិងការប្រែប្រួលអាកាសធាតុ ដើម្បីជម្រុញផ្នែកសេដ្ឋកិច្ចសង្គម និងវប្បធម៌នៅតាមជនបទ។ ទី២ បន្តជំរុញលើកកម្ពស់សុខភាព ការអប់រំ ការរស់នៅរបស់ប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់សុខភាពជនបទ ឈានទៅសម្រេចឲ្យបាននូវទស្សនវិស័យ នៃគោលនយោបាយរបស់ រាជរដ្ឋាភិបាល។
បន្ទាប់មក លោករដ្ឋមន្រ្ដី បានថ្លែងអំណរគុណដល់ប្រជាជន ក៏ដូចជារដ្ឋាភិបាលចិន ដែលតែងតែជួយដល់ប្រជាពលរដ្ឋ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដោយពុំមានខក្ខខ័ណ្ឌស្មុកស្មាញឡើយ។
ខណៈពេលនោះដែល គណអធិបតី បានអញ្ជើញកាត់ខ្សែបូរ៌សម្ពោធ ដាក់ឲ្យប្រើប្រាស់មណ្ឌលសហគមន៍ជាផ្លូវការ ព្រមទាំងចែកអំណោយជូនដល់ប្រជាពលរដ្ឋចូលរួម ៧៨០គ្រួសារ ដោយមួយគ្រួសារទទួលបាន ធុងទឹក១ និងកាធុនដាក់ទឹក១ ព្រមទាំងបានអញ្ជើញពិនិត្យតាមបន្ទប់នៃអគារមជ្ឈមណ្ឌលផងដែរ៕
Post a Comment