សហគមន៍ដាំក្រូចថ្លុងកោះទ្រង់ ពង្រីកផ្ទៃដីដាំដុះ ក្នុងផ្ទៃដី ៣៥ហិកតា
ខេត្តក្រចេះ
ដោយ៖ សេង ស៊ីដារ៉ូ
អ្នកស្រី ជាន រីណា ប្រធានសហគមន៍ បានលើកឡើងថា រហូតមកដល់ពេលនេះ មានសមាជិកអ្នកដាំក្រូចថ្លុងចំនួន ២២៦គ្រួសារហើយ ដែលបានដាំក្រូចថ្លុងបានចំនួនជាង ១០០០០ដើម។
កសិករក្នុងសហគមន៍ បានរៀបរាប់ឲ្យដឹងទៀតថា នៅក្នុងការដាំក្រូចថ្លុងធម្មជាតិនេះ បានជាង១០០០០ដើម ហើយក្រូចថ្លុងជាង២០០០ដើម ដែលកំពុងទទួលផលជារៀងរាល់ឆ្នាំ។ ក្រូចថ្លុងធម្មជាតិនេះ ដាំប្រើរយៈពេល ៥ឆ្នាំ ទម្រាំបានផលដោយក្នុង១ដើម ទទួលបានទិន្នផលផ្លែពី៥០ទៅ១០០ផ្លែ ការផ្លែរបស់វាមិនទៀតទាត់ឡើយ។ ក្រូចថ្លុងចាប់ផ្តើមប្រមូលផលពី ខែតុលា រហូតដល់ ខែធ្នូ ហើយក្នុងរដូវសំបូរក្រូចថ្លុង លក់ចេញ គិតជាផ្លែក្នុង១ផ្លែ ៩០០០រៀល ហើយក្នុងរដូវមិនសូវសំបូរអាចលក់បានក្នុង១ផ្លែ ១២០០០រៀលផងដែរ។
អ្នកស្រី ជាន រីណា បានមានប្រសាសន៍បញ្ជាក់ថា ក្រូចថ្លុងធម្មជាតិកោះទ្រង់ បានទទួលការចុះបញ្ជីកាលពីថ្ងៃ១១ ខែមេសា ឆ្នាំ២០១៨ និងសម្ពោធនាថ្ងៃ២៥ ខែមិថុនា ឆ្នាំ២០១៨ ដោយទទួលស្គាល់ថា ជាម៉ាក សម្គាល់ភូមិសាស្ត្រទំនិញប្រចាំមូលដ្ឋានកោះទ្រង់នេះ តែម្តង។ អ្នកស្រី ថា បច្ចុប្បន្ននេះ អ្នកដាំក្រូចថ្លុង កំពុងពង្រីកផ្ទៃដីតាមជួរមាត់ទន្លេ និងឈានទៅដល់ស្រុកព្រែកប្រសព្វ បន្ថែមទៀតដែលនៅក្នុងពេលបច្ចុប្បន្ននេះ យើងមានផ្ទៃដីស្រាប់ចំនួន ៣៥ហិកតា សម្រាប់ដាំក្រូថ្លុង៕
Post a Comment