ឆ្នាំ២០២០ កម្ពុជាសង្ឃឹម ថា នឹងទទួលបានទីផ្សារទេសចរណ៍ ពីអាស៊ានប្រមាណជាង ៣,៥លាននាក់
ភ្នំពេញៈ
ដោយ៖ សេង ស៊ីដារ៉ូ
នៅឆ្នាំ២០១៥ អាស៊ានបានបញ្ចូលគ្នាទៅជាសហគមន៍តែមួយ ដែលធ្វើឲ្យប្រជាជនក្នុងសហគមន៍អាស៊ាននេះ ធ្វើដំណើរទេសចរណ៍ក្នុងតំបន់អាស៊ាន បានដោយងាយស្រួល និងចាំបាច់តម្រូវឲ្យមានទិដ្ឋាការរួម ជាមួយនឹងមធ្យោបាយតភ្ជាប់ ការធ្វើដំណើរក្នុងតំបន់យ៉ាងរលូន ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ហើយទីតាំងភូមិសាស្ត្រ នៃប្រទេសនីមួយៗ ក្នុងតំបន់អាស៊ានជាមួយកម្ពុជា គឺនៅជិតគ្នា។
ចលនាទេសចរណ៍ក្នុងតំបន់អាស៊ាន (Intra-ASEAN travel) និងមានសកម្មភាពកាន់តែខ្លាំងឡើងៗនៅឆ្នាំ២០១៦ ដែលតំបន់នេះក្លាយទៅជា “សហគមន៍អាស៊ាន ឬសហគមន៍តែមួយ វាសនាតែមួយ” (One Community One Destiny) និងសមាហរណកម្មអាស៊ាន ២០១៥ (ASEAN Ingration 2015) ដោយពេលនោះមានការបើកទូលាយនូវការធ្វើសមាហរណកម្មរួមគ្នាលើគ្រប់វិស័យ។
នៅឆ្នាំ២០១៤ អាស៊ានទទួលបានទេសចរណ៍អន្តរជាតិចំនួន ១០៥ ០៤៦ ១២២នាក់ កើនឡើង ២,៨% ក្នុងនោះការធ្វើដំណើរក្នុងរង្វង់អាស៊ានមានរហូតដល់ ៣៧លាននាក់ ស្មើនឹង៥៥%។ ដោយឡែក ទេសចរណ៍មកទស្សនាកម្ពុជាក្នុងឆ្នាំ២០១៤ មានប្រមាណជិត ២លាននាក់ ស្មើនឹង៤៤.២% នៃចំណែកទីផ្សារសរុប និងមានកំណើន៨,៨% ក្នុងនោះទេសចរដែលមានចំនួនច្រើនគឺ មកពីប្រទេសវៀតណាម ឡាវ ថៃ ហ្វីលីពីន និងម៉ាឡេស៊ី។
ហេតុនេះហើយ វិស័យទេសចរណ៍អាស៊ានបាន នឹងកំពុងក្លាយជាកម្លាំងចលករ រួមចំណែកជំរុញកំណើន ទេសចរណ៍កម្ពុជា យ៉ាងឆាប់រហ័ស ដោយសារកិច្ចសហការគ្នាល្អនៃអាស៊ាន ក្នុងយុទ្ធសាស្ត្រទាក់ទាញទេសចរ “អាស៊ីអាគ្នេយ៍ ផ្តល់ភាពកក់ក្តៅ (Southeast Asia Feel ASEAN)”និង “សមាហរណកម្មអាស៊ាន ២០១៥ (ASEAN integration 2015)” ព្រមជាមួយយុទ្ធនាការផ្សព្វផ្សាយ (GO ASEAN)ដែលជំរុញឲ្យមានកិច្ចសហប្រតិបត្តិការល្អលើវិស័យទេសចរណ៍ និងធុរកិច្ចក្នុងអាស៊ាន ធ្វើឲ្យអាស៊ានទទួលបានទេសចរណ៍ផ្ទៃក្នុងអាស៊ាន ក៏ដូចជាអន្តរជាតិកាន់តែច្រើនទ្វេរឡើង។
នៅឆ្នាំ២០២០ កម្ពុជាសង្ឃឹមថា នឹងទទួលបានទេសចរណ៍ពីអាស៊ានចំនួនប្រមាណជាង ៣,៥លាននាក់ ដែលពីប្រទេសវៀតណាម ចំនួន ១,៥លាននាក់ ថៃចំនួន ១លាននាក់ ឡាវចំនួន ៧០ម៉ឺននាក់ ម៉ាឡេស៊ីចំនួន ៣០ម៉ឺននាក់ ហ្វីលីពីនចំនួន ១៥ម៉ឺននាក់ សិង្ហបុរីចំនួន ១២ម៉ឺននាក់ និងឥណ្ឌូនេស៊ីចំនួន ១០ម៉ឺននាក់។
ដោយតំបន់អាស៊ាន ជាទីផ្សារដ៏មានសក្តានុពលធំសម្រាប់កម្ពុជា ព្រមទាំងជាច្រកទ្វារដ៏សំខាន់សម្រាប់ ទេសចរណ៍ប្រទេសទី៣ យើងត្រូវបង្កើតការផ្សព្វផ្សាយឲ្យបានខ្លាំងក្លា តាមគ្រប់រូបភាពទៅកាន់ទីផ្សារនេះ ពិសេសទីផ្សារដែលមានការតភ្ជាប់ជាមួយកម្ពុជាបច្ចុប្បន្ន ដូចជា វៀតណាម ថៃ ភូមា ឡាវ ម៉ាឡេស៊ី ហ្វីលីពីន និងសិង្ហបុរី។
ចំពោះទីផ្សារទេសចរណ៍ ឥណ្ឌូនេស៊ី យើងត្រូវជំរុញឲ្យមានជើងហោះហើរ ត្រង់ពីទីក្រុងចាកាតា និងកោះបាលីមកកាន់តំបន់វប្បធម៌អង្គរ ព្រះរាជាណាចក្រកម្ពុជា និងបង្កើនជើងហោះហើរផ្លូវអាកាស ដែលមានស្រាប់ឲ្យកាន់តែច្រើនបន្ថែមទៀត ជាមួយប្រទេសដទៃក្នុងតំបន់។
ក្រៅពីការតភ្ជាប់តាមផ្លូវអាកាសនេះ កម្ពុជាត្រូវតែជំរុញឲ្យកាន់តែមានភាពងាយស្រួល នូវការតភ្ជាប់ការធ្វើដំណើរនឹងដឹកជញ្ជូនផ្លូវគោក និងផ្លូវទឹក។ ជំរុញការផ្សព្វផ្សាយ តាមរយៈការរៀបចំផលិតផល ខ្សែទស្សនកិច្ចរួមជាមួយប្រទេសនីមួយៗ ពិសេសជាមួយប្រទេសក្នុងមហាអនុតំបន់មេគង្គ កម្ពុជា វៀតណាម ឡាវ ថៃ ដូចជាខ្សែទស្សនកិច្ចមួយគោលដៅទេសចរណ៍ពីរ ឬបី (One Package Two/Three Destinations) ឬប្រទេសពីរឬបី គោលដៅទេសចរណ៍មួយ (Two/Three Countries One Destination)និងជំរុញការផ្សព្វផ្សាយរួមគ្នា រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។
Two Kingdom One Destination តាមរយៈការរៀបចំសកម្មភាពផ្សេព្វផ្សាយ Roadshow រៀបចំសិក្ខាសាលាស្តីពីសក្តានុពលទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ ការបង្កើតស្ថានតំណាង ទេសចរណ៍ការរៀបចំ FAM Trip សម្រាប់យុវជន អ្នកសារព័ត៌មាន និងក្រុមហ៊ុនទេសចរណ៍ ការសម្តែងសិល្បៈរួមជាមួយប្រទេសក្នុងតំបន់ ការផ្សព្វផ្សាយតាមប្រព័ន្ធ media ក្នុងស្រុកនៃទីផ្សារទាំងនោះ ការចូលរួមព្រឹត្តិការណ៍ទេសចរណ៍នានា និងលើកកម្ពស់ការផ្សព្វផ្សាយតាមគេហទំព័រអាស៊ាន និងគេហទំព័រ GO ASEAN ដែលផ្តួចផ្តើមឡើងដោយប្រទេសម៉ាឡេស៊ី៕
Post a Comment