សម្តេចព្រះនរោត្តម សីហនុ គឺជាឥស្សរជនលេចធ្លោបំផុត ក្នុងឆាកនយោបាយកម្ពុជា ៧ទសវត្សរ៍
ដោយៈ សេង ស៊ីដារ៉ូ
សម្តេចព្រះនរោត្តម សីហនុ គឺជាឥស្សរជនលេចធ្លោបំផុត ក្នុងឆាក នយោបាយកម្ពុជា ប្រហែលជា ៧ទសវត្សរ៍។ ព្រះអង្គឡើងគ្រង រាជ បល្ល័ង្ក ជាព្រះមហាក្សត្រខ្មែរ រហូតដល់ទៅ ២លើក ហើយបានដាក់
រាជ្យ ២លើកដែរ។សម្តេចព្រះនរោត្តម សីហនុ គឺជាតួអង្គ និងជាសាក្សីដ៏សំខាន់នៃប្រវត្តិ សាស្រ្ត ចាប់តាំងពីកម្ពុជាស្ថិតក្រោមអាណានិគមបារាំង សម័យរុងរឿងក្រោយឯករាជ្យ ទំព័រខ្មៅងងឹតនៃរបបខ្មែរក្រហម រហូតដល់យុគសម័យសន្តិភាព ការផ្សះផ្សារជាតិ និងការបង្កើតរបបរាជានិយមអាស្រ័យរដ្ឋ ធម្មនុញ្ញ នៅក្នុងទសវត្សរ៍ទី៩០។
សម្តេចព្រះនរោត្តម សីហនុ ប្រសូត្រនៅទីក្រុងភ្នំពេញ នៅថ្ងៃទី៣១ ខែ តុលា ឆ្នាំ១៩២២ ព្រះអង្គម្ចាស់ នរោត្តម សីហនុ គឺជាព្រះរាជបុត្រច្បងរបស់សម្តេចព្រះនរោត្តម សុរាម្រិត និងព្រះមហាក្សត្រិយ ស៊ីសុវត្ថិ កុសមៈ។ ព្រះអង្គបានសិក្សានៅសាលាបារាំង នៅភ្នំពេញ និងវិទ្យា
ល័យបារាំង នៅព្រៃនគរ នាពេលនោះបារាំង ដែលជាមហាអំណាចអាណានិគមលើកម្ពុជា ជ្រើសរើសឲ្យព្រះអង្គឡើងគ្រងរាជ្យ នៅខែ មេសា ឆ្នាំ១៩៤១ បន្តពីព្រះបាទមុនីវង្ស ដែលចូលទិវង្គត។ ព្រះបាទព្រះនរោត្តម សីហនុ ទើបនឹងព្រះជន្មតែ ១៨ព្រះវស្សាតែប៉ុណ្ណោះ។
មានទស្សនៈជាច្រើនយល់ថា ការដែលបារាំងជ្រើសរើសព្រះបាទនរោត្តម សីហនុ ឲ្យឡើងសោយរាជ្យ ដោយរំលងព្រះបិតារបស់ព្រះអង្គ គឺសម្តេចព្រះនរោត្តម សុរាម្រិត បែបនេះ គឺដោយសារតែបារាំងគិតថា ព្រះអង្គ ជាព្រះអង្គម្ចាស់វ័យក្មេង វក់ចិត្តតែនឹងសិល្បៈចម្រៀង ភាពយន្ត មិនសូវរវីរវល់នឹងរឿងនយោបាយ ខ្វះបទពិសោធន៍ ងាយស្រួលក្នុងការបង្គាប់បញ្ជា។ បើសិនជាបែបនេះមែន បារាំង គឺពិតជាយល់ខុស ហើយប្រាកដជាខកចិត្តមិនតិចទេ ពីព្រោះថា ព្រះអង្គម្ចាស់វ័យក្មេងអង្គនេះហើយ ដែលក្រោយពីបានឡើងគ្រងរាជ្យ បានតស៊ូទាមទារឯករាជ្យពីបារាំង រហូតបានសម្រេចនៅឆ្នាំ១៩៥៣។
ក្រោយទទួលបានឯករាជ្យ ព្រះបាទនរោត្តម សីហនុ បានដាក់រាជ្យ ទៅឲ្យព្រះបិតារបស់ព្រះអង្គ គឺព្រះបាទនរោត្តម សុរាម្រិត នៅខែមេសា ឆ្នាំ១៩៥៥ ដើម្បីទៅបង្កើត និងដឹកនាំចលនា “សង្គមរាស្រ្តនិយម” ហើយទទួលងារជា “សម្តេចព្រះឧបយុវរាជ”។ ចាប់ពីពេលនោះមក សម្តេចព្រះនរោត្តម សីហនុ បានកាន់អំណាចជាប់រហូត ជានាយករដ្ឋមន្រ្តី និងជាប្រមុខរដ្ឋផង នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដែលព្រះអង្គត្រូវបានក្រុមរបស់សេនាប្រមុខ លន់ នល់ និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ទម្លាក់ពីតំណែង ក្នុងពេលដែលព្រះអង្គកំពុងបំពេញទស្សនកិច្ច នៅទីក្រុងម៉ូស្គូ សហភាពសូវៀត។
ក្រោយពីត្រូវទម្លាក់ពីតំណែង ព្រះអង្គបានយាងចេញពីម៉ូស្គូ ទៅកាន់ទី ក្រុងប៉េកាំង ប្រទេសចិន បង្កើតជារណសិរ្សរួបរួមជាតិកម្ពុជា រួមជាមួយនឹងក្រុមខ្មែរក្រហម ហើយបានប្រកាសអំពាវនាវឲ្យប្រជាជនកម្ពុជារត់ ចូលព្រៃកាន់អាវុធ ដើម្បីតស៊ូប្រឆាំងនឹងរបបលន់ នល់។
https://kronglungvek.com.kh
Post a Comment