ប្រផ្នូល៖ កន្លែងឧកញ៉ាសួគ៌ាលោកមឿង (ពេជ្រ) និងកូន ឬអ្នកម្នាងខៀវ និងនាងពេញ សំលាប់ខ្លួននេះ បានដុះក្លាយទៅជាដំបូកខ្ពស់ល្អ បញ្ជាក់ថា ប្រទេសជាតិមានការរីកចម្រើន
ដោយៈ សេង ស៊ីដារ៉ូ
កន្លែងឧកញ៉ាសួគ៌ាលោកមឿង (ពេជ្រ) បានសំលាប់ខ្លួន ថ្ងៃក្រោយមកដុះក្លាយទៅជាដំបូកដែលគេដាក់ឈ្មោះហៅថាដំបូកតាឃ្លាំងមឿង។
ជារៀងរហូតមក គេតែងកត់សំគាល់យល់ជាប្រផ្នូលថា បើដំបូកនោះដុះខ្ពស់ល្អ ចៅហ្វាយខេត្តសប្បាយចិត្ត។ បើដំបូកនោះរេចរឹល ចៅហ្វាយខេត្តមានទុក្ខព្រួយដោយការងារនគរដើរមិនល្អ ឬដោយសារមានកើតជំងឺពេញស្រុក បើដំបូកនោះប្រេះបែកក្រហែង ចៅហ្វាយខេត្តត្រូវអស់បុណ្យ ឬត្រូវស្លាប់។ នៅខាងលិចនោះ ដែលជាកន្លែងកូនតាមឿងស្លាប់ ក៏មានដុះដំបូកដែរ ដែលគេដាក់ឈ្មោះថាដំបូកក្រវាញ។ បើដំបូកនោះដុះល្អ ក្រវាញនឹងបានផលល្អ។ ផ្ទុយទៅវិញ បើដំបូកនោះរេចរឹល ក្រវាញមិនបានល្អទេ។
បើសិនជាមានសត្វទៅធ្វើឲ្យដំបូកនោះធ្លុះធ្លាយនឹងមានជនបរទេសមកលួចដើមក្រវាញជាមិនខាន។
កន្លែងអ្នកម្នាងខៀវបានធ្វើអត្តឃាតក៏ដុះទៅជាដំបូក ដែលគេហៅថា ដំបូកកន្ទោងខៀវ។ ដំបូកនោះតែងតែផ្ដល់ប្រផ្នូលថា បើដំបូកនោះដុះឡើងល្អ ព្រះមហាក្សត្រនឹងបានសុខសប្បាយរីករាយ។
តែបើដំបូកនោះត្រូវរេចរឹល ព្រះមហាក្សត្រនឹងត្រូវអស់ព្រះជន្ម។ ឯកន្លែងដែលនាងពេញបានសំលាប់ខ្លួនក្នុងស្ទឹងពោធិ៍សាត់ ក៏មានដុះជាដីកោះនៅកណ្ដាលស្ទឹងទល់មុខផ្សារ។ កោះនោះហៅថា កោះដូនពេញ។ ចំពោះប្រផ្នូលវិញ គេតែងនិយាយតគ្នាមកថា បើច្រាំងកោះដូនពេញដុះខ្ពស់ល្អ ចៅហ្វាយខេត្តនឹងបានឡើងបុណ្យស័ក្តិ សុខសប្បាយ។ បើសិនច្រាំងនោះត្រូវរេចរឹល ចៅហ្វាយខេត្តនឹងមានទុក្ខព្រួយ។ បើច្រាំងបាក់ ចៅហ្វាយខេត្តនឹងត្រូវអស់បុណ្យ។
រហូតមកដល់សព្វថ្ងៃនេះ ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តពោធិ៍សាត់ តែងតែមានជំនឿទៅលើគុណបុណ្យបារមីលោកតាឃ្លាំងមឿងជានិច្ច។ ជារៀងរាល់ឆ្នាំ គេតែងតែធ្វើបុណ្យឡើងអ្នកតាថ្វាយជូនអ្នកតាឃ្លាំងមឿង។ មិនតែប៉ុណ្ណោះ បើមានការអ្វី អ្នកស្រុកនៅពោធិ៍សាត់តែងតែធ្វើពិធីបន់ស្រន់ដល់អ្នកតាឃ្លាំងមឿង។ បើគេបានសំរេចគោលបំណងហើយគេពុំដែលភ្លេចទៅធ្វើបុណ្យលាបំណន់ឡើយ។
ឯកសារយោង(មហាបុរសខ្មែរ)

Post a Comment