Header Ads

សម្ដេចចៅហ៊្វាកៅ និងចៅពញាចក្រីកែវ(មេទ័ពខាងស្ដេចកន)ចាញ់​ទ័ព​បិសាចតាមឿង និងអ្នកម្នាងខៀវ

ដោយៈ សេង ស៊ីដារ៉ូ



ឯសម្ដេចចៅហ៊្វាកៅ និង ចៅពញាចក្រីកែវ (មេទ័ពខាងស្ដេចកន) កាល​បែក​ទ័ពដោយសារទ័ពបិសាចនោះ ក៏ថយមកឈប់ប្រមូលកងទ័ព​តាំង​ខ្ជាប់ខ្ជួននៅខែត្រក្រគរ។ ក្រោយពីនោះ បីបួនថ្ងៃ ចៅហ៊្វាកៅ និងចៅ​ពញាចក្រីកែវ លើកទ័ពត្រឡប់មកចោមបន្ទាយពោធិ៍សាត់វិញ។
ប៉ុន្តែពេលនោះមេទ័ពទាំងពីរ បានទៅដល់បន្ទាយពោធិ៍សាត់ ហើយមិន​ទាន់ចូលទៅវាយទេព្រោះមេទ័ពទាំងពីរនោះរង់ចាំកងទ័ពចៅពញាឧទ័យធិរាជជាចៅហ្វាយស្រុកខែត្រអាសន្នទុក ដែលត្រូវមកព័ទ្ធទ័ពសម្ដេច​ចៅពញាចន្ទរាជា ពីក្រោយ ដើម្បីកុំឱ្យស្ដេចចៅពញាចន្ទរាជា ស្ដេច​រត់​រួច។

ឯសម្ដេចចៅពញាចន្ទរាជា តាំងពីបានឈ្នះសង្គ្រាម សម្ដេចចៅហ៊្វាកៅ និងចៅពញាចក្រីកែវមក ទ្រង់ក៏តាំងឱ្យផ្ដើមកេណ្ឌប្រមូលកងទ័ពថែម​ទៀត។ ថ្ងៃមួយនោះ ទ្រង់ជ្រាបថា សម្ដេចចៅហ៊្វាកៅ និងចៅពញាចក្រី​កែវ លើកទ័ពត្រឡប់មកបោះចោមបន្ទាយម្ដងទៀត តែពុំទាន់ឃើញ​ចូល​​វាយ។ យប់នោះ ទ្រង់ចាត់ចែងតែងនាយកង នាយទ័ព តាមចំនួន​ដែលត្រូវការ ទ្រង់តាំងចៅពញាតេជៈសុខ កូនពៅនៃពញាពេជ្រ​ឱ្យគ្រង​ងារជា "សេនាបតី" ធ្វើជាទ័ពមុខ ឃុំពល ៥០០០នាក់ ឱ្យចៅពញាសួគ៌ា​លោកទេពជាកូនទី៣ របស់ពញាពេជ្រធ្វើជាមេទ័ពឃុំពល ៥០នាក់ ទៅ​នៅទល់មុខទ័ពនៃចៅពញាចក្រីកែវ និងសម្ដេចចៅហ៊្វាកៅ ដែលមាន​ពល ៣០០០០នាក់ ជាទ័ពមុខ។

ព្រះចន្ទរាជាទ្រង់ពល ១៥០០០នាក់ ជាទ័ពហ្លួង លើកតាមទៅជាក្រោយ រួចទ្រង់ឱ្យចៅពញាយសរាជា ជា​ព្រះភាគិនេយ្យ និង ឧកញ៉ាវៀត ជាព្រះ​ពិលៀង ឃុំពល ៣០០០នាក់ នៅរក្សាបន្ទាយ។ លុះចាត់ទ័ពស្រេច ហើ​យ​ល្មមពេលព្រះចន្ទចរត្រង់ចំពីលើទ្រង់ហើយ សម្ដេចចៅ​ពញា​ចន្ទ​រាជា​ក៏អុជ ទៀន ធូប ភ្ញី ផ្កា តាំងធ្វើនមស្ការ ទ្រង់ប្រតិស្ថាន​ដល់គុណ​ព្រះរតន​ត្រ័យ និង ព្រះព្រហ្ម បរមឥន្ទ្រាធិរាជ ព្រមទាំងទេវតាទាំងឆកាមាសួគ៌ ដែលមានឫទ្ធីសក្ដិសិទ្ធិ និង អ្នកតាឃ្លាំងមឿងថា: "ឱ្យយើងខ្ញុំមានជ័យ​ជំនៈឈ្នះបានសេចក្ដីសុខ ទាំងរេហ៍ពលសកលយោធា"។

ទ្រង់បួងសួងស្រេចហើយស្ដេចឡើងគ្រងព្រះទីនាំងពិជ័យគជេន្ទ្របវរស​សុទ្ធដ៏ប្រពៃ។ ខណៈនោះស្រាប់តែឮសូរហ៊ោក្រោមប្រថពី លើអាកាស​ដាសកក្រើករំពើកទាំងផែនដី។ សូរសព្ទទាំងនោះ អស្ចារ្យពន់ប្រមាណ​ណាស់។ ព្រះបរមក្សត្រក្សាន្តទ្រង់ឱ្យវាយគង ទូងភេរី លើកយោធាចេញ​ទៅទាំង ៤កង តំរង់ទៅបន្ទាយសម្ដេចចៅហ៊្វាកៅ និង ចៅពញាចក្រី​កែវ។

សម្ដេចចៅហ៊្វាកៅ និងចៅពញាចក្រីកែវបានដឹងហើយ ក៏ដេញកងទ័ព​ឱ្យ​បាញ់ត។ ក្នុងពេលដែលកងទ័ពកំពុងតែបាញ់ចាក់កាប់គ្នានោះ កង​ទ័ពខាងសត្រូវគឺខាងលោកកៅ និងលោកកែវទាំងប៉ុន្មាននោះ ក៏ស្រាប់​តែឮ​សូរសន្ធឹកនៃទ័ពជាច្រើនកងព័ទ្ធពីក្រោយខ្នងខ្លួន។សូរសព្ទហ៊ោ​នោះ​លាន់ឮកក្រើករំពើកទាំងក្រឡាប្រឹថពីដូចជាស្នូររន្ទះ ឬ ដូចជាភ្នំ​រលំមកលើទ័ពរបស់ខ្លួន។ សូរសព្ទនេះកើតឡើង ដោយសារខ្មោច​ពញា​ពេជ្រ កេណ្ឌបិសាចមកជួយ។ ខណៈនោះ នាយកងទ័ព សេះ ដំរី ខាង​សត្រូវក៏ផ្អើលវឹកវរជាន់ជល់ដួលអស់សេនាទាហានខាងខ្លួនឯង។

រេហ៍ពលខាងសត្រូវ ក៏បែកទ័ពរត់យកតែអាយុជីវិតគ្រប់ខ្លួនទីទៃៗគ្នា។
ចៅពញាសួគ៌ាលោកកែវ និង ចៅពញាមហាសេនាសង្គ្រាមសុខ ក៏ដេញ​រេហ៍ពលឱ្យចូលចោមកងទ័ពចៅពញាចក្រីជិតជុំវិញ។

ចៅពញាចក្រីកែវឃើញដូច្នោះ ក៏លោតឡើងជិះដំរីបរចូលទៅតទល់ជា​មួយនិងចៅពញាសួគ៌ាលោកកែវ (កែវតទល់នឹងកែវ) លុះទៅជិតទៀប​នឹងបានប្រកាប់ជាមួយ និងចៅពញាសួគ៌ាលោកទៅហើយ ក៏ស្រាប់​តែ​ដំរីជំនិះនៃចៅពញាចក្រីកែវនោះភ្ញាក់ផ្អើលបោលពេញទំហឹងបណ្ដាលឱ្យដូចគេគ្រវាត់ធ្លាក់ខ្លួនចៅពញាចក្រីទៅលើភ្លុកដំរីជាជំនិះនៃចៅពញាសួគ៌ាលោក។ ភ្លាមនោះ ចៅពញាសួគ៌ាលោក ក៏កាប់ពញាចក្រីនឹង​ដាវ​ដាច់កស្លាប់មួយរំពេច។ រេហ៍ពលខាងចៅពញាចក្រីកែវឃើញ​នាយ​ស្លាប់ហើយមិនហ៊ានតទល់ទៅទៀតទេក៏បែកទ័ពរត់ខ្ចាត់ខ្ចាយទៅទីទៃៗអស់។

ពញាសួគ៌ាលោកកែវ និងចៅពញាសេនាសង្គ្រាមសុខ កាលបានជ័យ​ជំនៈ​ហើយ ក៏នាំយកក្បាលចៅពញាកែវ ទៅក្រាបបង្គំទូលសម្ដេច​ពញា​ចន្ទរាជាសូមទ្រង់ជ្រាបគ្រប់ប្រការ។ សម្ដេចចៅពញាចន្ទរាជា ទ្រង់មានព្រះអំណរណាស់។ ឯកសារយោង(មហាបុរសខ្មែរ)

https://kronglungvek.com.kh

No comments

Powered by Blogger.