ម្ទេសជួយពន្យារជរាភាព និងធ្វើអោយមនុស្សស្ថិតនៅក្មេងវ័យបានយូរ
ដោយៈ សេង ស៊ីដារ៉ូ
ម្ទេសមានរសជាតិហឹរក្រហាយពិបាកទំពាពិបាកលេប តែនៅខាងក្នុង រសជាតិក្រហល់ក្រហាយនោះ មានបង្កប់ទៅដោយសារធាតុអាហារ មានប្រយោជន៍ជាច្រើន។ជាពិសេសវាមានសារធាតុម្យ៉ាងជួយពន្យារជរាភាព ធ្វើអោយមនុស្ស ស្ថិតនៅក្មេងវ័យបានយូរ។
ម្ទេសជាអាហារគួរអោយចាប់អារម្មណ៍បំផុតដបើទោះបីជាហឹរពិបាកលេប ក៏នៅតែមានមនុស្សជាច្រើននិយមបរិភោគវាដែរ។
ម្ទេសមានសារធាតុប្រឆាំងនឹងរ៉ាឌីកាល់សេរី (Free Radical) មានបេតាខែរ៉ូទីន និងវីតាមីនC ច្រើនជាងបន្លែបង្កាទូទៅ។ ម្ទេសមាន អាហារសរសៃដល់ទៅ៩,៩ក្រាម ក្នុង១០០ក្រាម ដែលជាបរិមាណច្រើនបំផុតក្នុងចំណោមបន្លែ ដោយចាញ់ តែត្រប់ចង្កោម ម្រះ និងស្តៅប៉ុណ្ណោះ។
លើសពីនេះម្ទេសមានសារធាតុដ៏សំខាន់ម្យ៉ាងហៅថា ខែតសៃស៊ិន(Capsaicin) ដែលមានតួនាទីជួយពន្យារ ជរាភាព ធ្វើអោយមនុស្សក្មេងវ័យ រារាំងអាការលាក និងជួយរំញោចដល់ចរាចរឈាម។
ដូច្នេះការបរិភោគម្ទេសមានប្រយោជន៍ ពាក់ព័ន្ធទៅនឹងរឿងសម្ជស្សដោយផ្ទាល់ គឺវាជួយធ្វើអោយមនុស្សមាន ភាពក្មេងវ័យបានយូរ។ ប៉ុន្តែគុណវិបត្តិរបស់វាគឺស្ថិតនៅលើរសជាតិហឹរ ដែលពុំអាចអោយយើងបរិភោគបាន ច្រើនដូចបន្លែដទៃទៀតនោះឯង។
ជាពិសេសសំរាប់អ្នកដែលមានជម្ងឺក្រពះ ប្រសិនបើបរិភោគម្ទេសវានឹងធ្វើអោយផ្សាក្រពះពុំធម្មតាឡើយ។
ទោះជាយ៉ាងណាក៏ដោយគេសង្កេតឃើញថា អ្នកដែលចូលចិត្តហូបម្ទេស រមែងមានអាយុវែង។
បច្ចុប្បន្ននេះ ម្ទេសត្រូវបានគេចម្រាញ់ធ្វើជាប្រេង សំរាប់រឹតលាបមានឈ្មោះថា ខែតសៃស៊ិន ជាថ្នាំក្តៅសំរាប់បំបាត់ការឈឺចាប់សន្លាក់ ឈឺចាប់សាច់ដុំ។ ដោយសារវាមានគុណសម្បត្តិទប់ស្កាត់ការរលាក និងជួយរំញោ ចដល់ចរាចរឈាម ទើបធ្វើអោយវាអាចក្លាយជាថ្នាំព្យាបាលជំងឺសន្លាក់ និងសំរាលការឈឺចាប់បានយ៉ាងល្អ។
ដកស្រង់ចេញពីសៀវភៅ បន្លែផ្លែឈើ អាហារសំរាប់សុខភាព រក្សាសិទ្ធិដោយ លោក ស៊ឹង ណាំហុង។

Post a Comment