កងទ័ពសៀម ឮសូរសន្ធឹកខ្ទរខ្ទារ លើកមកពីក្នុងដីលើមេឃសន្ធឹកដូចជារន្ទះ ក៏ភិតភ័យញ័រជើងញ័រដៃ រន្ធត់តក់ស្លុត ចុះចាញ់សង្គ្រាមសម្ដេចចៅពញាចន្ទរាជា ដោយសារទ័ពខ្មោចគ្រួសារតាមឿង និងអ្នកម្នាងខៀវ
ដោយៈ សេង ស៊ីដារ៉ូ
លុះដល់ ព្រះចន្ទចរត្រង់ ក្នុងថ្ងៃពេញបូណ៌មី ខែពិសាខនោះ ក៏ស្រាប់តែឮសូរសន្ធឹកខ្ទរខ្ទារមហិមានៅលើមេឃ និងនៅក្នុងដី នាំឲ្យភិតភ័យតក្កមាក្រៃលែង ហាក់បីដូចជាកក្រើកក្រឡាមហាប្រថពី។
ខណៈនោះពញាចន្ទ មេស្មឹង យកសេចក្ដីក្រាបបង្គំទូលសម្ដេចៅពញាចន្ទរាជា តាមបណ្ដាំចៅពញាសួគ៌ាលោកពេជ្រ ដែលបានផ្ដាំនោះ។ សម្ដេចចៅពញាចន្ទរាជា ក៏លើកទ័ពចេញទៅចោមបន្ទាយសត្រូវ។
ឯកងទ័ពសត្រូវបានឮសូរសន្ធឹកខ្ទរខ្ទារ លើកមកក្នុងដីលើមេឃសន្ធឹកដូចជារន្ទះដូច្នោះ ក៏ភិតភ័យញ័រជើងញ័រដៃរន្ធត់តក់ស្លុតរត់ចោលបន្ទាយចោលសស្ត្រាវុធរត់គេចដោះខ្លួនឲ្យរួចជីវិតតែសព្វខ្លួន។
សម្ដេចចៅពញាចន្ទរាជា ព្រះអង្គលើកពលយោធាចូលក្នុងបន្ទាយអាសត្រូវ ហើយទ្រង់ចាត់កងទ័ពឲ្យ ដេញតាមទ័ពអាសត្រូវទៅ។ ព្រះអង្គបានគ្រឿងសស្ត្រាវុធ ស្បៀងអាហារសេះ ដំរី ជាច្រើនដែលនៅក្នុងបន្ទាយនោះទាំងប៉ុន្មាន។
ថ្ងៃក្រោយមកនាងពេញជាបាវអ្នកម្នាងខៀវបានដឹងថា "ចៅហ្វាយរបស់ខ្លួនស្លាប់ទៅហើយ ហើយទៅកើតជាបិសាច រក្សាស្រុកដូច្នោះ" នាងអធិដ្ឋានថា:"ខ្ញុំសូមឲ្យបានទៅជួបនឹងចៅហ្វាយខ្ញុំហើយឲ្យបាន ជាផ្នូកផ្នូលព្រះនគរ" លុះបួងសួងស្រេចហើយ នាងពេញក៏លោតទឹកស្ទឹងពោធិ៍សាត់ជិតផ្សារក្រោមនេះ ហើយស្លាប់ទៅកើត ជាបិសាច ថិតនៅក្នុងទីដែលមានដំបូកទាំង៣។
អ្នកម្នាងខៀវកើតជាដំបូកមួយនៅខាងជើង ពញាពេជ្រកើតជាដំបូកមួយនៅខាងត្បូង វង្សាអគ្គរាជកែវ និងបរទេសរាជកែ ដែលជាកូនពញាសួគ៌ាលោកពេជ្រ នោះកើតជាដំបូកមួយនៅខាងលិច។
កាលពញាពេជ្រ ពញាវង្សាអគ្គរាជកែវ ពញាបរទេសរាជកែ អ្នកម្នាងខៀវលោតចុះទៅក្នុងរណ្ដៅ ហើយអស់ពួកតូរ្យតន្ត្រី តាំងប្រគុំរងំខ្ទរខ្ទារទាំង៨ ទិសនោះមក ដំណឹងក៏ជ្រាបដល់ព្រះបាទសម្ដេចចន្ទរាជា។
ព្រះបរមបពិត្រ ទ្រង់ឱ្យនិមន្តព្រះសង្ឃបង្សកូលធ្វើបុណ្យសង្គាយនា ៣ថ្ងៃ ៣យប់ ទើបទ្រង់តាំងចៅពញាវិបុលរាជទេព ជា "ចៅពញាសួគ៌ាលោក" ជាជំនួសពញាពេជ្រ។ ចៅពញាតេជៈសុខ ជាកូនពញាពេជ្រ ទ្រង់ឱ្យគ្រងងារជា "ចៅពញាសង្គ្រាម" ជាចៅហ្វាយស្រុកខែត្រអមរគីរិន្ទបូរ(ឬអម្រិន្ទ បូរ) សក្ដិ១០ ហ៊ូ ពាន់ដូចគ្នា។ទ្រង់ត្រាស់បង្គាប់ឱ្យចៅពញាសេនាសង្គ្រាមសុខចាត់ពលនឹងលើកទៅតាមកំចាត់សឹកសត្រូវ។
ក្រោយថ្ងៃធ្វើបុណ្យឧទ្ទិសកុសលជូនខ្មោចពញាពេជ្រ នោះក្នុងពេលព្រឹក មានមនុស្សម្នាក់ឈ្មោះហ្មជ័យ យកដំរីភ្លុកមួយកំពស់ ៦ហត្ថ ១២ធ្នាប់ មានរូបល្អបរិសុទ្ធមកក្រាបទូលថ្វាយព្រះចន្ទរាជា។ ដំរីនោះមានកិរិយាប្រពៃក្រៃលែងជាងដំរីទាំងពួង សម្ដេចចៅពញាចន្ទរាជា ស្ដេចទ្រង់សព្វព្រះទ័យណាស់ ទុកដំរីនោះជាព្រះទីនាំងតាំងខ្នាន់នាមជា "ព្រះពិជ័យគជា" តាមឈ្មោះហ្ម និងតាមជាតិដំរី។ ទ្រង់តាំងហ្មជ័យ នោះជាចៅហ្វាយស្រុកខែត្រក្រងរួចហើយស្ដេចយាងទៅឯមុនព្រះពន្លា។ លុះឃើញអ្នកមុខអ្នកការបណ្ដារាស្ត្រនាំ ដំរីសេះ មកក្រាបបង្គំទូលថ្វាយខ្លះមួយ ខ្លះពីរ ស្ដេចទទួលបានដំរី ៣៥សេះ ៣០។
ទ្រង់មានព្រះអំណរណាស់ ស្ដេចប្រោសព្រះរាជទានរង្វាន់ជាមាសប្រាក់ និងយសសក្ដិ ដល់ជនជាម្ចាស់ដំរី ម្ចាស់សេះ ដែលថ្វាយព្រះអង្គ។ មានតលេខក្រោយ, ឯកសារយោង(មហាបុរសខ្មែរ)

Post a Comment