លោកតាឃ្លាំងមឿងបូជាជីវិតទៅកេណ្ឌទ័ពខ្មោចកម្ចាត់សត្រូវ ដូចជាស្តេចកន និងសៀម
ខេត្តពោធិ៍សាត់
ដោយ៖ សេង ស៊ីដារ៉ូ
ក្រោយពេលលោកតាឃ្លាំងមឿងបូជាជីវិតទៅកេណ្ឌទ័ពខ្មោចកម្ចាត់សត្រូវ ពេលនោះទ័ពខ្មោចតាមឿង ធ្វើសឹកសង្គ្រាមជាមួយស្ដេចកន ទទួលបានជ័យជម្នះជាបន្តបន្ទាប់រហូតសម្លាប់ស្ដេចកនបាន។
ក្រោយពេលសម្លាប់ស្ដេចកនបាន និងរៀបរយស្រុកទេសស្រួលបួលមក ស្ដេចសៀមផ្ញើសារឲ្យព្រះអង្គច័ន្ទរាជានាំយកសួយសារអាករ មានទាំងដំរីសទៅថ្វាយ ប៉ុន្តែដោយព្រះអង្គច័ន្ទធ្វើមិនដឹងមិនឮ ស្ដេច សៀម បញ្ជាឲ្យលើកទ័ពមកវាយជាច្រើនលើក។
មួយលើកនោះទ័ពសៀមបានមកដល់ស្វាយដូនកែវ បោះជំរំនៅតាមបណ្ដោយស្ទឹងស្វាយដូនកែវ។
ព្រះច័ន្ទរាជាបានធ្វើពិធីសុំជំនួយពីតាមឿង ហើយលើកទ័ពទៅច្បាំងជាមួយសៀម។ ពេលទៅដល់ស្រាប់តែឮសន្ធឹកលាន់លើមេឃកក្រើកដីដោយសារតាមឿងនាំទ័ពខ្មោចមកជួយ ហើយធ្វើឲ្យទ័ព សៀមភិតភ័យ រាកក្អួតដេកដួលមិនអាចតដៃបាន ទើបទ័ពព្រះអង្គច័ន្ទរាជាចូលសម្លាប់ពួកសៀមទាំងនោះ និងសល់ប៉ុន្មានរត់ខា្ចត់ខ្ចាយទៅស្រុកវិញអស់។
លោក រស់ សំណាង អនុប្រធានមន្ទីរវប្បធ៌ម និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់បានថ្លែងថា ដោយសារតែវិញ្ញាណក្ខន្ធតាមឿងតែងតែជួយទឹកដីពេលមានអាសន្នជាបន្តបន្ទាប់ ទើបប្រជារាស្ត្រខេត្តពោធិ៍សាត់ តែងតែប្រារព្វពិធីរំលឹកដល់គុណតាមឿងរៀងរាល់មួយឆ្នាំម្ដងនៅខែពិសាខ គឺជាខែដែលតាមឿងបូជាជីវិតទៅកេណ្ឌទ័ពខ្មោច។
ក្រោយមកពិធីបុណ្យនេះ បានក្លាយជាបុណ្យឡើងរោងអ្នកតាឃ្លាំងមឿងរហូតមក ព្រោះព្រលឹងតាមឿងបានក្លាយជាអ្នកតាដ៏មានរឹទ្ធិតេជៈខ្លាំងពូកែអាចជួយប្រជារាស្ត្រឲ្យរួចពីទុក្ខភ័យផ្សេងៗតាមការ
បន់ស្រន់ និងតាមជំនឿរៀងៗខ្លួនរហូតមកដល់សព្វថ្ងៃនេះ ។
ទីផ្នូរលោកឧកញ៉ាឃ្លាំងមឿង និងជំទាវខាន់ខៀវ សព្វថ្ងៃស្ថិតនៅក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ចម្ងាយប្រមាណ៦គីឡូម៉ែត្រពីទីរួមខេត្តពោធិ៍សាត់។
រណ្ដៅដែលលោកឧកញ៉ាមឿងបានលោតនោះគេបានរក្សាការពារទុកមកដល់សព្វថ្ងៃ ដោយធ្វើជាអគារមួយមានក្បាច់រចនាស្រស់ស្អាតគ្របពីលើ ហើយនៅកៀនជញ្ជាំងពីក្រោយរណ្ដៅ ឬផ្នូរនេះ គេបានសាងរូបសំណាកលោកឧកញ៉ា និងអ្នកជំទាវតម្កល់ឲ្យឈរចង្អុលបែរមុខទៅរកកន្លែងដែលគាត់បានលោតនោះ។
បច្ចុប្បន្នទីនោះបានក្លាយជារមណីយដ្ឋានដែលមានអ្នកទេសចរជាតិ និងអន្តរជាតិទៅកម្សាន្តរៀងរាល់ថ្ងៃ ថែមទាំងប្រមូលបានប្រាក់កសាងសមិទ្ធផលជាបន្តបន្ទាប់ទៀតផង៕

Post a Comment