បច្ចេកទេសចិញ្ចឹមក្រួចលក់
ដោយៈ សេង ស៊ីដារ៉ូ
ក្រួច ជាសត្វស្លាបមួយប្រភេទ ដែលងាយចិញ្ចឹមបើសិនចេះបច្ចេកទេសក្នុងការចិញ្ចឹម តែការចិញ្ចឹមនឹងទៅជាបរាជ័យនៅពេលយើងមិនដឹងច្បាស់ក្នុងការថែរក្សា និងបច្ចេកទេសចិញ្ចឹមបានត្រឹមត្រូវ។ បច្ចុប្បន្ន ក្រួច ត្រូវបានគេមើលឃើញថា ជាសត្វដែលពេញនិយមយកសាច់ធ្វើជាអាហារនៅក្នុងកម្មវិធីផ្សេងៗ ហើយសាច់ក្រួច កំពុងមានទីផ្សារខ្ពស់ទាំងនៅក្នុងសហគមន៍ និងទីផ្សារអន្តរជាតិ។
បើយោងតាមបច្ចេកទេសចិញ្ចឹមក្រួច របស់ ហ្វាមើរ ឌីអិនអេ (Farmer DNA ) បានចែករំលែកអំពីបច្ចេកទេសចិញ្ចឹមក្រួច ប្រកបដោយប្រសិទ្ធភាព ដើម្បីជាប្រយោជន៍ដល់ប្រជាកសិករនៅតាមមូលដ្ឋាន។
ក្នុងនោះអ្នកជំនាញរបស់ ហ្វាមើរ ឌីអិនអេ (Farmer DNA) បានបង្ហាញបច្ចេកទេសចិញ្ចឹមក្រួច លក្ខណៈគ្រួសារដូចខាងក្រោម៖
១. ពូជក្រួច
• ពូជក្រួច ដែលគេនិយមចិញ្ចឹមក្នុងស្រុក គឺមានតែពូជជប៉ុនទេ វាមាន៣ពណ៌ គឺឆ្នូតខ្មៅលាយស ឬលាយក្រហម និង លឿង ហើយស៊ុតមានពណ៌ស។
• ពូជនេះ ងាយស្រួលចិញ្ចឹម ការលូតលាស់លឿន ឆាប់បានស៊ុត ផ្តល់ស៊ុតច្រើន ព្រមទាំងមានភាពស៊ាំ ទៅនឹងជំងឺខ្ពស់។
• ចាប់ផ្តើមចិញ្ចឹមដំបូង ត្រូវទិញមេបាពូជ ពីអ្នកចិញ្ចឹមផ្សេងៗ។
• ត្រូវជ្រើសរើសកូនក្រួចណា ដែលមានសភាពលក្ខណៈល្អ សម្រាប់ជាពូជជំនាន់ក្រោយ។
• ត្រូវការពារនូវការបង្កាត់ជាន់ឈាម។
• សម្រាប់ក្រួច ចិញ្ចឹមយកសាច់ និងក្រួច ចិញ្ចឹមយកពង ត្រូវដាក់ចិញ្ចឹម ដាច់ដោយឡែកពីគ្នា ដើម្បីងាយស្រួលក្នុងគ្រប់គ្រង វដ្តផលិតកម្ម។
ទីតាំងសម្រាប់ចិញ្ចឹម
• ក្រួចត្រូវការទីកន្លែងតូច មិនចាំបាច់ត្រូវមានទីធំ ដូចជាមាន់ទាឡើយ ទីតាំងអាចមានទំហំ ១ ម៉ែត្រក្រឡាអាចឱ្យ យើងដាក់ក្រួចបាន ចំនួន១០០ក្បាល។
• ត្រូវជ្រើសរើសទីកន្លែងណាមួយ ដែលសមស្របបំផុតទីទួល ទីស្រឡះមានខ្យល់ចេញចូលបានល្អ មានពន្លឺថ្ងៃចូលដល់ និងមានប្រភពទឹកស្អាត សម្រាប់ផ្គត់ផ្គង់ឱ្យវា។
រោងសម្រាប់ចិញ្ចឹម
• រោងសម្រាប់ចិញ្ចឹមក្រួច អាចសង់ឡើងឱ្យខ្ពស់ពីដីក៏បាន ឬអាចចិញ្ចឹមវានៅលើដីផ្ទាល់ ឬអាចធ្វើជាកម្រាលក្រាល ដោយសំណាញ់ភ្នែកក្រួច ទៅតាមលទ្ធភាពដែលអ្នកមាន។
• ដំបូលរោងគួរប្រក់ស្លឹក ឬស្បូវដើម្បីកាត់បន្ថយកម្ដៅ បើប្រើស័ង្កសីសម្រាប់ប្រក់ គួរតែធ្វើដំបូលនោះឱ្យខ្ពស់បន្ដិច ដើម្បីកាត់បន្ថយកម្ដៅនៅខែប្រាំង។
• ជញ្ជាំងទ្រុងអាចធ្វើពីសំណាញ់ យ៉ាំងកាវឬសំណាញ់ភ្នែកក្រួច ក៏បានបើមានលទ្ធភាព តែបើមិនមានលទ្ធភាពទេអាចត្បាញជាព្រួល ដើម្បីធ្វើជាជញ្ជាំងឱ្យវាក៏បាន។
ចំណីក្រួច
• ចំណីមិនត្រូវឱ្យខ្វះឡើយ បើពុំនោះទេកូនដែលញាស់មកវាទន់ជើង គឺបណ្ដាលមកពីការឱ្យចំណី ដល់មេវាមិនបានគ្រប់គ្រាន់។
• ចំណីនិងទឹកសម្រាប់ក្រួច៖ យើងអាចប្រើប្រាស់ចំណីសម្រាប់កូនមាន់ ឬចំណីមាន់ធំធម្មតា ដើម្បីផ្ដល់ឱ្យក្រួច ដោយប្រើគ្រឿងដាក់ចំណីកូនមាន់ សម្រាប់ដាក់ចំណីឱ្យវាស៊ី ចំពោះគ្រឿងសម្រាប់ដាក់ទឹកវិញនោះយើងអាចប្រើ ប្រដាប់ដាក់ទឹកឱ្យកូនមាន់ ឱ្យវាផឹកបាន តែត្រូវលាងសម្អាតរាល់ថ្ងៃ និងដាក់បន្ថែមទឹកថ្មី ឱ្យបានគ្រប់គ្រាន់ជាប់ជាប្រចាំ។
• ត្រូវប្រើទឹកស្អាតជានិច្ច បើប្រើទឹកអណ្ដូង សូមដងមករក្សាទុកក្នុងអ្វីមួយ ហើយដាក់ចំហរឱ្យបានមួយថ្ងៃ មុនយកឱ្យក្រួចផឹក ។
• សម្រាប់ចំណីលាយខ្លួនឯង អាចលាយកន្ទក់ម៉ត់លេខមួយ ឬប្រើពោតក្រហម ដើម្បីលាយបន្ថែម ជាមួយចំណីមាន់ទិញមកស្រាប់ នោះក្នុងអត្រា ១០ ភាគរយ។
• កន្ទក់ជួយបង្កើនសាច់ឱ្យវាឆាប់ធាត់,
• ពោតជួយបង្កើនការលូតលាស់
ការផ្ដល់ចំណីក្រួច
• ក្នុងមួយថ្ងៃត្រូវដាក់ចំណីឱ្យស៊ីចំនួន ៣ដង ពេលនៅតូច និងបន្ថយមកនៅត្រឹម ២ដង ពេលអាយុបានចំនួន ២០ថ្ងៃ ។
• ក្រួចមួយក្បាល អាយុ ៥សប្ដាហ៍ ស៊ីចំណីអស់ប្រមាណជា ៥០០ ក្រាម។
• ក្រួចអាយុ ៦ខែ ស៊ីចំណីប្រហែលជា ៣០-៣៥ក្រាម/ថ្ងៃ។
•លាយកន្ទក់ម៉ត់លេខមួយ១៥% ឬប្រើពោតក្រហម ១០% មកលាយបន្ថែមជាមួយចំណីមាន់ទិញមកស្រាប់
• ដើម្បីឱ្យក្រួចពងបានចំនួន១២ពង ត្រូវផ្ដល់ចំណីឱ្យវាចំនួន ៤០០ក្រាម។
• ក្រួចញីមានអាយុ៦សប្ដាហ៍មានទម្ងន់ចំនួន ១៧៥ ទៅ ២០០ក្រាម។
• ក្រួចឈ្មោលវិញមានទម្ងន់ ១៥០ក្រាមតែប៉ុណ្ណោះ។ ដកស្រង់ចេញពីផេកកសិកម្មគ្រួសារ small farm។

Post a Comment