ចិនប្រើយុទ្ធសាស្ត្រ យកឈ្នះដោយមិនចាំបាច់ប្រយុទ្ធ ប្រើពាក្យស្លោកថា“ហ្វូជាំង” ដែលមានន័យថា“អ្នកមាននិងមានអំណាច”
ដោយៈ សេង ស៊ីដារ៉ូ
តើអ្វីទៅជាមហិច្ចតារបស់ប្រទេសចិន? គ្មានទេចម្លើយពិតប្រាកដនាពេលចប្ចុប្បន្ននេះ ប៉ុន្តែគេត្រូវតែចោទសួ រ ប្រឹងប្រែងវិភាគ មើលឲ្យធ្លុះ ពីព្រោះការរីកចម្រើនយ៉ាងលឿនឆាប់រហ័សពេកនៃមហាយក្សអាស៊ីមួយនេះ ទាំងផ្នែកសេដ្ឋកិច្ច និងយោធា ដែលធ្វើឲ្យចិនប្រែប្រួលមុខមាត់នៃទ្វីបអាស៊ី និងនៅលើពិភពលោកក្នុងរយៈ ការយូរអង្វែង។
ថ្នាក់ដឹកនាំចិនសព្វថ្ងៃ មានមហិច្ចតាចង់យកឈ្នះទៅលើភាពក្រីក្រ យកឈ្នះទៅលើភាពយឺតយ៉ាវគ្រប់វិស័យរបស់ប្រទេសខ្លួន បើប្រៀបធៀបទៅនឹងបស្ចិមលោក និងយកឈ្នះដើម្បីធ្វើឲ្យប្រទេសចិនក្លាយជាអ្នកមាន អ្នកមានអំណាច អ្នកខ្លាំង និងជាអ្នកសង្គមនិយម។
ការពិតមហិច្ចតានេះ មានចំណាស់ជាងមួយរយឆ្នាំមកហើយ។
ចុងសតវត្សទី១៩ ថ្នាក់ដឹកនាំចិនប្រើពាក្យស្លោកថា “ហ្វូជាំង” ដែលមានន័យថា “អ្នកមាននឹងមានអំណាច” ក្រោយមកទៀត ស៊ុត យ៉ាតសេន ដែលជាបិតានៃសាធារណរដ្ឋបានដាក់បន្ថែមពាក្យសង្គមនិយមទៅជាពាក្យ ស្លោកហ្វូជាំង ដើម្បីឃោសនាបង្រួបបង្រួមប្រទេសជាតិ។
មហាអំណាចចិន បានប្រើពាក្យថា “យកឈ្នះ តែមិនចាំបាច់ប្រយុទ្ធ” នេះជាមហិច្ចតារបស់ថ្នាក់ដឹកនាំចិន សព្វថ្ងៃ។ ពាក្យស្លោកនេះមានន័យថា យកឈ្នះដោយសុខសន្តិភាព មិនចាំបាច់ធ្វើសង្គ្រាម ពីព្រោះគណបក្សកុម្មុយនីស្តចិនដឹងថា សង្គ្រាមដែលមានលក្ខណៈយោធា និងធ្វើឲ្យចិនចាញ់។ បើចិនធ្វើសង្គ្រាម មានតែធ្វើជា មួយសហរដ្ឋអាមេរិក ពីព្រោះពេលនេះ រហូតដល់៣០ឆ្នាំខាងមុខទៀតប្រទេស
ចិនត្រូវប្រឈមមុខមុនគេ គឺ សហរដ្ឋអាមេរិក។
សង្គ្រាមទោះជានៅអាស៊ីបូព៌ា នៅអាស៊ីអាគ្នេយ៍ ឬប៉ាស៊ីហ្វិកក៏ដោយ និងធ្វើឲ្យចិនខាត ផ្ទុយមកវិញចំណេញ អាមេរិក។ អញ្ចឹងហើយបានជាក្នុងពេលនេះ ចិនបិទមាត់សម្លៀងធ្មេញ ពីព្រោះត្របាក់មិនបាន។
នៅខែធ្នូ ឆ្នាំ១៩៧៨ បក្សកុម្មុយនីស្តចិន ក្រោមការដឹកនាំរបស់ ដេង សៀវភីង បានសម្រេចឈប់ប្រឈមមុខ ផ្ទាល់ជាមួយ “ចក្រពត្តិអាមេរិក”ងាកមករកមាគ៌ាសេដ្ឋកិច្ចមូលធននិយម ដោយបើកចំហរប្រទេសទៅក្រៅ និងធ្វើកំណែទម្រង់នៅខាងក្នុង។
ម៉្យាងវិញទៀតប្រទេសចិនសព្វថ្ងៃ បានសម្រេចដកខ្លួនចេញពីតតិយលោក ក្នុងអតីតកាល និយាយឲ្យចំចាប់ពីសន្និសីទ ប្រទេសមិនចូលបក្សសម្ព័ន្ននៅបានឌុង ប្រទេសឥណ្ឌូនេស៊ី ឆ្នាំ ១៩៥៥ ពិសេសក្រោយពីលែងត្រូវគ្នាជាមួយសហភាពសូវៀត នៅខ្ទង់ឆ្នាំ១៩៦០ ដល់ ១៩៦២ រហូតការ បញ្ចប់បដិវត្តន៍វប្បធម៌នៅដើមទសវត្ស៧០ ប្រទេសចិនបានតាំងខ្លួនជាអ្នកដឹកនាំបណ្តាប្រទេសក្រីក្រ មាន ន័យថា កាលណោះចិនប្រឆាំងនឹងការអនុត្តរភាពរបស់អាមេរិកផង និងរបស់សហភាពសូវៀតផង។
ចិនអស់មានចិត្តចង់តំណាងពិភពអ្នកក្រទៀតហើយ ចង់ធ្វើជាប្រទេសមហាអំណាចពិភពលោកវិញម្តង។ ដកស្រង់ចេញពីសៀវភៅ ភូមិសាស្តរនយោបាយប្រទេសចិន(ហ្សង់-ហ្រ្វង់ស័រ តាន់) គ្រឹះស្ថានបោះពុម្ពផ្សាយ រ៉ៃយំ។
https:kronglungvek.com.kh

Post a Comment