បឹងរាំងពេន៣ត នឹងក្លាយជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល
ខេត្តបាត់ដំបងៈ
ដោយ៖ សេង ស៊ីដារ៉ូ
បឹងរាំងពេន៣ត ស្ថិតនៅក្នុងដែនគ្រប់គ្រងសហគមន៍នេសាទស្តីក្រោមរហាលសួង ក្នុងឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានចម្ងាយប្រមាណ៣០គីឡូម៉ែត្រ ពីទីរួមខេត្តបាត់ដំបង ដែលមានផ្ទៃព្រៃលិចទឹកជាង៥០ហិកតា និងបឹងចំនួន៥ គឺ បឹងរាំងពេន បឹង៣ត បឹងតាមាក បឹងទទឹង និងបឹង តាអួ មានការអភិរក្ស និងកែរប្រែបឹងទាំងនេះឲ្យក្លាយទៅជាតំបន់អេកូទេសចរណ៍ធម្មជាតិ និងជលផល។
លោក ភី ហឿត ប្រធានសហគមន៍នេសាទស្តីក្រោមរហាលសួង បានលើកឡើងថា បឹងអភិរក្សរាំងពេន ៣តនេះ ភ្ញៀវទេសចរអាចចូលមកកម្សាន្តតាមផ្លូវទឹក ជិះកាណូតនារដូវវស្សា ដោយចេញពីទីរួមខេត្តបាត់ដំបង បើក្នុងរដូវប្រាំងអាចធ្វើដំណើរតាមរថយន្តចូលដល់បឹងនេះតែម្តង។ លោក ភី ហឿត បានបន្តថា ក្នុងការទា ក់ទាញភ្ញៀវទេសចរចូលមកកម្សាន្តក្នុងតំបន់រាំងពេន៣តនេះ មានដូចជា ព្រៃលិចទឹកដែលពោរពេញទៅដោយដើមរំដេញ មើលហ្វូងសត្វនិងស្ទួចត្រីកម្សាន្តក្នុងបឹងជាដើម។
លោក ហោ សំអាត អនុប្រធានសហគមន៍ទទួលបន្ទុកអភិរក្សបឹងរាំងពេន៣តនេះ បានបញ្ជាក់ប្រាប់ ថា រាំងពេន៣ត បានបង្កើតឡើងនៅឆ្នាំ២០០៧ ដោយមានការទទួលស្គាល់ និងឯកភាព ពីអាជ្ញាធរភូមិ ឃុំ ស្រុក ខេត្ត រដ្ឋបាលជលផល និងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទហើយការដាក់ឈ្មោះ រាំងពេន៣តនេះគឺសហគមន៍យកតាមឈ្មោះបឹងចំនួនពីរ គឺបឹងរាំងពេន និងបឹង៣ត ដែលជាក
ន្លែងអភិរក្សមច្ឆជាតិនាពេលបច្ចុប្បន្ន។
ចំពោះឈ្មោះបឹងរាំងពេន តាមការរៀបរាប់របស់ចាស់ៗបានឲ្យដឹងថា ដោយនៅមាត់បឹងនោះមានដើមរាំងពត់ពេន ទើបបានគេឲ្យឈ្មោះបឹងនោះថា រាំងពេន ឯបឹង៣តពុំដឹងថាហេតុអ្វីបានចាស់ៗជំនាន់មុនហៅឈ្មោះបឹងនេះថា៣តទេ។
លោក ហោ សំអាត បានបន្តទៀតថា ការទាក់ទិននឹងប្រវត្តិបឹងរាំងពេន៣តនេះ លោកតា ស៊ន ដែលរស់នៅក្នុងសហគមន៍បាននិយាយប្រាប់ឲ្យដឹងថា កាលពីដើមមកតំបន់បឹងទាំងពីរនេះ ជាភូមិសាស្ត្រព្រៃរនាម មានអ្នកយកឃ្មុំបានតាមដានមេឃ្មុំដោយរាយគ្នាជា៣ក្រុម ដោយអ្នកទី១ នៅពេលដែលឃើញមេឃ្មុំហើរទៅ ក៏ស្រែកប្រកូកទៅអ្នកទី២ដែលឈរចាំមើលឃ្មុំដែរ ក្នុងបឹង១ផ្សេងទៀត ហើយអ្នកទី២នៅពេលដែលឃើញឃ្មុំក៏ស្រែកបន្តទៅអ្នកទី៣ អញ្ចឹងហើយគេកំណត់អ្នកឈរទី៣ដែលជាចំណុចបឹង៣តនោះឯង នេះគ្រាន់តែជារឿងនិទានតៗគ្នាប៉ុណ្ណោះហើយបានប្រែក្លាយជាឈ្មោះបឹងរាំងពេន៣តរៀងរហូតដល់បច្ចុប្បន្ន៕

Post a Comment