លោក ឈាវ ហុង កសិករដាំដំណាំចម្រុះជោគជ័យ ថា រូបលោក អនុវត្តន៍កត្តាទាំង៥ រកចំណូលបាន៤០០លានរៀលក្នុង១ឆ្នាំ
ខេត្តសៀមរាបៈ
ដោយ៖ សេង ស៊ីដារ៉ូ
លោក ឈាវ ហុង ជាកសិករដ៏ឆ្នើមក្នុងឃុំសំរោង ស្រុកសូត្រនិគម ខេត្ត សៀមរាប ដែលមានបទពិសោធន៍ក្នុងការដាំដំណាំចម្រុះ ព្រមទាំងការ ចិញ្ចឹមត្រី ដែលអាចរកចំណូលបានច្រើនក្នុង១ឆ្នាំៗ។
ក្នុងការដាំដំណាំកសិកម្មចម្រុះ លើផ្ទៃដីជិត៥ហិកតា ដែលរូបលោក ធ្វើការបែងចែកចេញជាបីប្រភេទមាន ស្រះចិញ្ចឹមត្រី មានរោងចិញ្ចឹម មាន់ និងមានរោងដាំបន្លែ ជាប្រព័ន្ធចម្រុះ។
លោក ឈាវ ហុង បានលើកឡើងថា ការដំណាំចម្រុះនេះតាំងពីឆ្នាំ ២០០០ដល់២០១៥ អនុវត្តន៍ដាំជាលក្ខណៈបុរាណ ដោយការស្រោច ស្រពដំណាំត្រូវប្រើទុយោដោយប្រើប្រាស់កម្លាំងពលកម្មសុទ្ធ។
ចាប់ពីឆ្នាំ២០១៥ទៅ ទើបរូបគាត់ទទួលបានការបណ្តុះបណ្តាលពីផ្នែក កសិកម្ម និងកែច្នៃមកប្រើប្រព័ន្ធដំណក់ទឹក និងបច្ចេកទេសមួយទៀត ដោយការប្រើបាំងគ្របស្បៃ ឬផ្ទះសំណាញ់។
លោក ឈាវ ហុង បានបន្តទៀតថា ចំណុចជោគជ័យ ពីការដាំដំ ណាំ ចម្រុះនេះ គឺទី១ការតាំងចិត្តរបស់យើងក្នុងការដាំដំណាំកសិកម្ម។ ទី២ គឺប្រឹងប្រែងដាំឲ្យបានច្រើន។ទី៣ត្រូវដឹងឲ្យបានច្បាស់ពីអាយុកាល ដំណាំកសិកម្ម។ ទី៤តម្រូវការក្នុងទីផ្សារ តើត្រូវដាំដំណាំ ណាដែល ទីផ្សារតម្រូវការច្រើន។
លោក ឈាវ ហុង បានបញ្ជាក់ទៀតថា ក្នុងកសិដ្ឋាននេះ មានដាំបន្លែ ហូបស្លឹក សាឡាត់ ស្ពៃ ខាត់ណានិងដាំបន្លែហូបផ្លែមានត្រប់ ម្ទេស ប៉េងប៉ោះ ម្ទេសហាវៃ ត្រសក់ទ្រើង ត្រសក់ស្រូវ ដោយដាំជាប្រចាំ។
កសិកររូបនេះក៏បានបានបង្ហាញពីរកចំណូលបាន ក្នុង១ឆ្នាំ អាចរកបាន ចំនួន៤០០លានរៀល និងចំណាយដល់កម្មករជាង២០០លានរៀល៕

Post a Comment