Header Ads

អ្នកស្រី ណារី រស់នៅក្នុងស្រុកក្រូចឆ្មា ថា ពោតក្រហម រក្សាតម្លៃលក់​ចេញបានល្អ មានទីផ្សារនាំចេញ​ទៅ​ក្រៅប្រទេស

ខេត្តត្បូងឃ្មុំៈ

ដោយ៖ សេង ស៊ីដារ៉ូ


កសិករនៅស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ កំពុងមានការចំណាប់អារម្មណ៍​យ៉ាងខ្លាំង ក្នុងការដាំពោតក្រហម ហើយ​ពោត​ក្រហមនេះ អាចកែច្នៃ​ទៅជាចំណីសត្វ និងនំផ្សេងៗបានច្រើន។
ពោតក្រហមអាចរក្សាតម្លៃលក់ចេញថេរ ហើយធ្វើឲ្យកសិករយើង​ដាំដុះ​រៀងរាល់ឆ្នាំ ​សម្រាប់ទីផ្សារនាំចេញ​វិញ គឺ​​ទៅប្រទេសវៀតណាម និង​ប្រទេស​ថៃ។
អ្នកស្រី ណារី រស់នៅក្នុងស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា រៀង​រាល់​ឆ្នាំរូបគាត់ តែងតែដាំពោតក្រហម នេះ និងកសិករក្នុង​ស្រុកនេះ ជាង ៥០ភាគរយ ​ក៏ដាំពោតក្រហមនេះដែរ ក្នុងនោះពោត​ក្រហម​ចាប់ផ្តើម​ដាំ​ពីចុងខែវិច្ឆិកា រហូតដល់ខែមីនា ឬខែមេសា ទើបចាប់​ផ្តើមប្រមូលផល។
លើផ្ទៃដី២ហិកតា របស់អ្នកស្រី អាចប្រើពូជចំនួន២៥គីឡូក្រាមក្នុង​ការ​ដាំ ហើយក្នុង១ហិកតា​បើដាំមិនល្អ​អាចទទួលផលបានពី៥ទៅ៦តោន បើទិន្ន ផលបានខ្ពស់វិញ​អាចបាន៧តោនឬ៨តោន ​ក្នុង១ហិកតា។​
អ្នកស្រី បានបន្តទៀតថា ក្នុងពេលប្រមូលផលក៏ត្រូវចំណាយលើម៉ាស៊ីន​ប្រលះគ្រាប់ ក្នុង១បេថ្លៃ១ពាន់រៀល ដោយ​ក្នុង​១ហិកតា អាចបានចំនួន​៥០បេ។
ពោតក្រហម ចែកចេញជាពីរប្រភេទ ដោយពោតសើមអាចលក់បាន​៨០០រៀល ក្នុង១គីឡូក្រាម និងពោត​ស្ងួតអាចបានថ្លៃក្នុង១គីឡូក្រាម​ថ្លៃ១០០០រៀល។
ពោតក្រហមគេយកទៅកែច្នៃទៅជាចំណីសត្វ នំផ្សេងៗជា​ច្រើនដោយ​មានឈ្មួញមកប្រមូលទិញរៀងរាល់ឆ្នាំ ដើម្បីធ្វើការនាំចេញទៅ​ប្រទេស​វៀត​ណាម និងប្រទេ​ស​​​ថៃ​៕

No comments

Powered by Blogger.