រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះចែកអំណោយជូនប្រជាពលរដ្ឋ ដែលរងគ្រោះជំនន់ទឹកភ្លៀង៣០០គ្រួសារ
ខេត្តពោធិ៍សាត់ៈ
ដោយ៖ ហុង ចំណាប់
លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បាន នាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋចំនួន៣០០គ្រួសារ ដែល មានជីវភាពខ្វះខាតបណ្តាលមកពីរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង នៅឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់កាលពីថ្ងៃ ២២ ខែតុលា ឆ្នាំ២០២០។
អំណោយទាំងនោះ ក្នុង១គ្រួសារទទួលបានអង្ករ១០គីឡូក្រាម មី១ កេស ធុងជ័រចំណុះ២០លីត្រចំនួន១ ពីដុងចំណុះ២០លីត្រចំនួន១ ថ្នាំក្លរសម្រាប់ដាក់ទឹកប្រើប្រាស់ សាប៊ូប្រូតិចចំនួន២ដុំ និងសាប៊ូ ម្សៅ២កញ្ចប់ផងដែរ។
លោករដ្ឋមន្ត្រី និងប្រតិភូរួមដំណើរក៏បានអញ្ជើញទៅពិនិត្យស្ថានភាព ផ្លូវក្រាលក្រួសក្រហមមួយខ្សែ ប្រវែង២៣០០ម៉ែត្រ អណ្តូងទឹក បង្គន់ អនាម័យដែលខូចខាតដោយសារជំនន់ទឹកភ្លៀងនៅភូមិផ្លូវលួង ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
ដោយឡែកផ្លូវក្រាលក្រួសក្រហមប្រវែង២៣០០ម៉ែត្រដែលខូច លោក រដ្ឋមន្ត្រី បានណែនាំឲ្យប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ដាក់បញ្ចូលទៅក្នុងគម្រោងជួសជុលបន្ទាន់ ដើម្បីធ្វើការជួសជុលក្នុង ពេលឆាប់ៗខាងមុខនេះ៕

Post a Comment