ពុទ្ធដីកាព្រះពុទ្ធជាម្ចាស់ថា បើចង់បានមគ្គផល ត្រូវធ្វើបុណ្យជាមួយព្រះរស់ (នៅក្នុងផ្ទះដែលជាឪពុកម្តាយ)
ពុទ្ធដីកាព្រះពុទ្ធជាម្ចាស់ថា
បើចង់បានមគ្គផល ត្រូវធ្វើបុណ្យជាមួយព្រះរស់ (នៅក្នុងផ្ទះដែលជាឪពុកម្តាយ)
ភ្នំពេញៈ
ដោយ៖ សេង ស៊ីដារ៉ូ
រដូវបុណ្យភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃ ត្រូវនឹងខែរនោច ដែលប្រជាពលរដ្ឋគ្រប់រូបតែងតែនាំគ្នាយកចង្ហាន់ទៅវត្តដើម្បី
ប្រគេនព្រះសង្ឃក្នុងការឧទិសកុសល្យផលបុណ្យ ទៅឲ្យញ្ញាតិសន្តានដែលបានចែកឋានទៅហើយនោះ យ៉ាង
ហោចណាស់ឲ្យបានមួយវត្តឬវត្ត៧យ៉ាងតិច មិនដូច្នោះទេនឹងត្រូវបណ្តាសាពីប្រេតជាសាច់ញាតិមិនឲ្យរកស៊ីមាន
បាន និងមិនទទួលបានសេចក្តីសុខនោះឡើយ។
ហេតុផលនឹងជំនឿយ៉ាងមុតមាំនៃវិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះមាន តាំងពីយូរលង់ណាស់មកហើយនៅក្នុងរយៈ
ពេល១៥ថ្ងៃ ចំខែរនោច ដែលស្តេចយមរាជបានដោះលែងពពួកប្រេត
ឲ្យមកកាន់ឋានកណ្តាលជួបជុំសាច់ញាតិ។
លោកតាសុខ រស់នៅក្នុងវត្តពុទ្ធអណ្តែត (វត្តព្រែកហូរ) បាននិយាយរៀបរាប់ប្រាប់ថា រៀងរាល់ថ្ងៃយប់កាន់បិណ្ឌទៀបភ្លឺមានការបោះបាយបិណ្ឌ តាំងពីថ្ងៃទី១រហូតដល់ថ្ងៃទី១៥ តែងមានមនុស្សម្នារជាច្រើនបានចូលរួមបោះបាយបិណ្ឌក្នុងវត្ត ដើម្បីឧទ្ទិសដល់ជីដូនជីតាសាច់ញាតិទាំង៧សន្តាន ឲ្យមកទទួលបាយបិណ្ឌនេះ ដើម្បីឲ្យពរជ័យដល់កូនចៅទទួលបានសេចក្តីសុខសប្បាយរកស៊ីមានបានរហូតទៅ។
ប្រេត ដែលទទួលបានបាយបិណ្ឌ គឺជាសាច់ញាតិគេផ្ទាល់ បើសាច់ញាតិដទៃមិនអាចទទួលបាននោះឡើយ។ ចំពោះប្រេត ដែលដើរស្វែងរកសាច់ញាតិមិនឃើញទាំង៧វត្ត ឬ១៥វត្តទេនោះ នឹងទួញសោកបោកខ្លួនដោយមិនឃើញសាច់ញាតិឧទ្ទិសកុសល្យឲ្យខ្លួន។
ប្រេតដែលគ្មានសាច់ញាតិ ក្រោយពីដើររកគ្រប់៧វត្តហើយ បានយំដាក់បណ្តាសាដល់សាច់ញាតិទាំងនោះ អញ្ចឹងហើយទើបមនុស្សជំនាន់មុនបានអប់រំណែនាំ ឲ្យក្មេងស្រករក្រោយគោរពប្រតិបត្តិតៗរៀងមក។ ជំនឿនេះបានផ្តោតយ៉ាងជ្រៅទៅក្នុងសង្គមបច្ចុប្បន្ន ដោយក្នុងរយៈពេលភ្ជុំបិណ្ឌមាន១៥ថ្ងៃ ត្រូវយកចង្ហាន់ទៅប្រគេនព្រះសង្ឃឲ្យបាន៧វត្ត ឬក៏១វត្តបានដែរ ដើម្បីឧទ្ទិសដល់សាច់ញាតិ ដែលបានចែកឋានទៅនោះផង។
ម៉្យាងទៀតបើយោងតាមពុទ្ធដីការបស់ព្រះពុទ្ធជាម្ចាស់ថា បើចង់បានមគ្គផល មានតែធ្វើបុណ្យជាមួយព្រះរស់ នៅក្នុងផ្ទះដែលជាឪពុកម្តាយ នៅពេលដែលគាត់នៅទទួលបាន ហើយពុទ្ធដីកានេះចង់បង្ហាញថាបុគ្គលដែលស្លាប់ទៅហើយមានន័យថាសូន្យ៕

Post a Comment