ចិញ្ចឹមអន្ទង់ បានថ្លៃខ្ពស់
ខេត្តកំពង់ឆ្នាំងៈ
ដោយ៖ សេង ស៊ីដារ៉ូ
អ្នកចិញ្ចឹមអន្ទង់ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលមានបទពិសោធន៍យូរឆ្នាំមកហើយ ក្នុងការចិញ្ចឹមអន្ទង់នេះ បានលើកឡើងថា នៅក្នុងឆ្នាំទី១ និងឆ្នាំទី២ មុខរបរចិញ្ចឹមអន្ទង់ខាតច្រើន តែនៅពេលរកឃើញចន្លោះខ្វះខាតនៃរបៀបចិញ្ចឹមនេះ បានធ្វើឲ្យអន្ទង់រស់១០០ភាគរយ គឺដំបូងយើងត្រូវតែពិនិត្យទៅលើទឹកស្អាតជាមុនសិន ទើបយើងឃើញថា ការចិញ្ចឹមនោះមានការរីកចំរើន ចំណែកតម្លៃក្នុងទីផ្សារវិញ ១គីឡូក្រាមថ្លៃ២ម៉ឺនរៀល។
លោកវណ្ណា អ្នកចិញ្ចឹមអន្ទង់ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានបន្តថា ពូជអន្ទង់នេះទទួលទិញពីប្រជាពលរដ្ឋ ដែលចាប់តាមបឹងក្រោមកំប្លោក យកមកប្រស់ក្នុងអាងចិញ្ចឹមរយៈពេល១៥ថ្ងៃដោយអាងនោះមានប្រវែង២ម៉ែត្រ គុណ នឹង៣ម៉ែត្រ ដោយដាក់ចូលក្នុងបន្ទះឫស្សីបីជាន់ចងឲ្យណែន ដើម្បីសង្កត់ពីលើមិនអាចឲ្យអន្ទង់ចេញបាន។
ក្នុងអាងនីមួយៗ អាចដាក់អន្ទង់បាន១៥០គីឡូក្រាម ហើយចិញ្ចឹមក្នុងរយៈពេល៧ទៅ៨ខែ ទើបអាចចាប់លក់បាន ហើយលក្ខណៈកត់ចំណាំរបស់វា ក្នុងការចិញ្ចឹមត្រូវការទឹកស្អាត និងធ្វើការផ្លាស់ប្តូរទឹក ២ថ្ងៃម្តង។ បើទឹកមិនស្អាតឬស្អុយវាមិនស៊ីចំណី អាចឲ្យវាងាប់ក្នុងរយៈពេល៣ថ្ងៃ។ ចំពោះចំណីអន្ទង់ គឺយកកូនត្រីមកចិញ្ច្រាំពូតដុំៗជាមួយជន្លេន។
អាងចិញ្ចឹមអន្ទង់របស់លោកវណ្ណា មានចំនួន៣៤អាង ដែលក្នុងនោះអាងនីមួយៗ ទទួលបានផលអន្ទង់ចំនួន៥០០គីឡូក្រាម៕
Post a Comment