ប្រវត្តិព្រេងនិទានខ្មែរ ទាក់ទងទៅនឹងប្រាសាទវត្តនគរ «វត្តនគរក្នុង និងវត្តនគរក្នុង»
ខេត្តកំពង់ចាមៈ
ដោយ៖
សេង ស៊ីដារ៉ូ
បើយើងធ្វើដំណើរពីភ្នំពេញទៅ
យើងនឹងឃើញប្រាសាទវត្តនគរនេះ មុននឹងដល់ក្រុងកំពង់ចាម ចំងាយប្រហែលបីគីឡូម៉ែត្រប៉ុណ្ណោះ
បើយើងងាកមើលខាងលិចផ្លូវជាតិ នៅប៉ែកខាងស្តាំដៃ យើងនឹងប្រទះឃើញផ្លូវលំមួយខ្សែយ៉ាងស្អាត
ត្រង់ភ្លឹងតាមចន្លោះដើមរុក្ខជាតិធំតូចនៅសងខាងផ្លូវ ដែលគួរឲ្យជាទីគយគន់។
សព្វថ្ងៃទីតាំងនៃប្រាសាទវត្តនគរនេះ
ស្ថិតនៅឃុំអម្ពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ចំណែកតួប្រាសាទនិងបរិវេណប្រាសាទទាំងមូលវិញ
បែរមុខឆ្ពោះទៅទិសខាងកើតត្រង់ទៅផ្លូវជាតិ។
បើសិនជាយើងចូលមកកំសាន្តនៃបុរាណដ្ឋាននេះ
យើងប្រទះឃើញខ្លោងទ្វារមួយធ្វើអំពីថ្មបាយក្រៀម មានចន្លោះច្រកចូលប្រមាណជាង៣ម៉ែត្រ
ចំពោះផ្នែខាងលើពុំមានកំពូលអ្វីជាឆើតឆាយនោះទេ ទំនងជាបាក់រុះធ្លាក់អស់ទៅហើយ ដោយសារការចាស់ទ្រុឌទ្រោមខ្លាំងពេក
នៅសល់តែថ្មសន្លឹកបួនជ្រុងវែងៗបំពាក់គងគាក់លើគ្នា គ្រាន់តែនៅសល់សណ្ឋានជារាងខ្លោងទ្វារ
ឬហៅតាមពាក្យអ្នកស្រាវជ្រាវថា «គោបុរៈ»។
ភ្ជាប់នឹងគោបុរៈនេះសងខាង
មានកំពែងថ្ម ដែលមានកម្ពស់ប្រមាណជា៣ម៉ែត្រ កម្រាស់០.៦០ម៉ែត្រ សព្វថ្ងៃនេះជ្រុះធ្លាក់អស់ច្រើនអន្លើណាស់ទៅហើយ។
នៅពីលើកំពែងនេះទៀត មានលម្អដោយថ្មសំលៀង ដែលឆ្លាក់ជាសន្លឹកចុងស្រួចរបៀបជាស្លឹកឈើ តម្រៀបដង្ហែជាជួរមិញ។
ខ្លោងទ្វារនេះរថយន្តតូចៗ អាចចេញចូលបានយ៉ាងស្រួល ឯរថយន្តធំ ត្រូវមានការប្រយ័ត្នប្រយែងបន្តិចព្រោះវាចង្អៀត
ក្រែងប៉ះនាំឲ្យមានគ្រោះថ្នាក់។
ចូលផុតពីខ្លោងទ្វារនេះភ្លាម
យើងប្រទះឃើញខាងឆ្វេងដៃ មានស្រះមួយធំ មានទឹកថ្លាដល់ខួបប្រាំងខួបវស្សាសម្រាប់ឲ្យប្រជាពលរដ្ឋប្រើប្រាស់បានគ្រប់ពេល។
ជុំវិញស្រះ មានខឿនថ្មព័ទ្ធជុំ តែយើងឃើញរៀបថ្ម ដោយបូកជាមួយបាយ ភ្ជាប់ទៅនឹងជណ្តើរពីរ
គឺខាងជើងមួយ និងខាងត្បូងមួយតែប៉ុណ្ណោះ ដែលនៅជាប់ជាកាំថ្មបុរាណឥតមានលាយបាយអនោះទេ។
មាត់ស្រះចំហៀងខាងត្បូងមានដើមដូងដុះត្រៀបចោលម្លប់ត្រឈឹងត្រឈៃ
គួរជាទីមនោរម្យដែលគ្របដណ្តប់លើដីវាលយ៉ាងស្រឡះទូលាយ។ ត្រង់វាលនេះ មានវត្តមួយប្រកបដោយព្រះវិហារ
កុដិ សាលាយ៉ាងរៀបរយអ្នកស្រុកហៅថា «វត្តនគរក្រៅ» បើយើងងាកបែរមកខាងស្តាំដៃម្តង មានគុហាមួយសង់របៀបជាផ្ទះ
អ្នកតាចិន ដ៏មានខ្លោងទ្វារតូចមួយ ស្ទួយទ្រនូវអក្សរចិនជាលម្អ។ កូនធ្លារតូចមួយ
ក្រាលឥដ្ឋ យ៉ាងស្អាតសម្រាប់នាំទេសចរណ៍ទាំងឡាយ ឲ្យដើរចូលទៅក្នុងគុហានេះ បានយ៉ាងស្រួល។
ហើយគុហានេះ បែរមុខមកត្បូង ប៉ុន្តែរូបបដិមាករធំទាំងបីនៅខាងក្នុង មិនបែរមុខត្រង់មកត្បូងនោះទេ
បែរឆ្ពោះមុខទៅខាងលិច ដូច្នេះអ្នកដើរទស្សនាកំសាន្តចូលទៅ ត្រូវដើរត្រឡប់មកខាងស្តាំដៃវិញ
ទើបបានប្រទះនឹងរូបនេះ។
បដិមានករបីអង្គនេះ
មានទំហំធំជាងមនុស្សធម្មតា ហើយនៅក្បាលមានកំពូលស្រួចបន្តិច ទំនងដូចជាមូលី ព្រះពុទ្ធរូប។
រូបនៅចំកណ្តាលតម្កល់ខ្ពស់លើអាសនៈ អង្គុយពែនភ្នែន ដៃសំពះប្រណម្យឆ្ពោះទៅខាងមុខ គឺទិសខាងលិចចំ។
រូបទាំងពីរសងខាង នៅទាបគ្មានអាសនៈទេ ហើយជារូបឈរកាន់ដំបងបញ្ឈរចំពីមុខ។ រូបទាំងបីនេះ
ធ្វើដោយថ្មដូចគ្នា ហើយភ្លឺចិញ្ចាចបាត់សាច់ថ្មទៅហើយ។ អ្នកស្រុកតែងហៅថា«តាព្រហ្មៗ»។
មានរឿងព្រេងមួយនិទានពីប្រវត្តិតាព្រហ្មនេះថា
គាត់អង្គុយសំពះម្តាយដែលគេបញ្ចុះអដ្ឋិ ក្នុងចេតិយមួយនៅខាងលិច គឺពីមុខគាត់នោះឯង ហួសពីគុហានេះបន្តិចមានផ្លូវមួយបែកទៅស្តាំដៃ
សសៀរអែបនឹងគុហាតាព្រហ្ម។ ដងផ្លូវនេះកោង មានចេតិយតម្រៀបគ្នានឹងគុហាតូចមួយទៀត ជ្រកក្រោមដើមពោធិ៍
ដែលក្នុងនោះមានតម្កល់ព្រះពុទ្ធបដិមាករ ធ្វើទុក្ករកិរិយាមួយអង្គ នៅដង្ហែគ្នាជាប់ខាងជើងផង។
ក្បាច់ក្របវណ្ឌរួមចម្លាក់ផ្តែនីមួយៗឆ្លាក់ជារូបនាគពីរសន្ធឹង ខ្លួនព័ទ្ធតាមរាងត្រីកោណប្រទាក់កន្ទុយគ្នា
ក្បាលសំយុងចុះក្រោមអើតចេញទៅចុងម្ខាងម្នាក់។
នៅចន្លោះស៊ុមទាំង៤នេះ
មានតម្កល់ព្រះពុទ្ធរូបមារវិជ័យមួយអង្គៗ គ្រប់ចន្លោះទ្វារទាំង៤។សព្វថ្ងៃព្រះពុទ្ធបដិមាករទាំងបួននេះ
ទិបមាសភ្លឺចិញ្ចាច។ មិនតែប៉ុណ្ណោះអ្នកស្រុកសម័យក្រោយ បានកសាងព្រះវិហារមួយចំពីខាងកើតប្រាង្គ
ហើយយកដំបូលម្ខាងបំពាក់លើប្រាង្គនោះផង។
កាលណាយើងធ្វើដំណើរចេញពីទីនេះទៅ
យើងត្រូវសសៀរតាមកំពែងថ្មជាន់ទី២ ត្រង់ជ្រុងខាងជើងចំ យើង អាចចេញបានតាមចន្លោះថ្ម ដែលរុះធ្លាក់មកដី
ហើយយើងប្រទះឃើញស្រះបុរាណយ៉ាងធំមួយទៀត ប៉ុនគ្នានឹងស្រះនៅពីមុខគុហាតាព្រហ្មដែរ។
ចាប់ពីមាត់ស្រះនេះ ទៅលិចមានកុដិ សាលា ជាអារាមមួយទៀត ដែលអ្នកស្រុកហៅថា«វត្តនគរក្នុង»៕
Post a Comment